ក្រុង​បាសេឡូណា៖ នាយក​កីឡា​នៅ​ក្លិប​ Barcelona លោក Eric Abidal បាន​និយាយ​​ថា៖ «​ក្លិប​ Barcelona ​តែង​តែ​ចាប់​អារម្មណ៍​ចំពោះ​កីឡាករ Neymar ប៉ុន្តែ​​បញ្ហា​នៅ​​ត្រង់​តម្លៃ​ខ្លួន​ក្នុង​ការ​នាំ​​យក​កីឡាករ​នេះ​ត្រឡប់​មក​វិញ»។​


កីឡាករ​ Neymar បាន​ប៉ុនប៉ង​ត្រឡប់​ទៅ​លេង​នៅ​ក្លិប​នេះ​វិញ​កាល​ពី​រដូវ​កាល​បិទ​បញ្ចប់ ​គឺ​មាន​រយៈពេល ​២ ​ឆ្នាំ ​បន្ទាប់​ពី​ចាក​ចេញ​ទៅ​នៅ​​ក្លិប Paris Saint-Germain ក្នុង​កុងត្រា​មួយ​​ ធ្វើ​ឲ្យ​រូប​គេ​​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​


ក្លិប Barcelona ​ម្ចាស់​ជើងឯក​ LaLiga បាន​ជជែក​ជាមួយ​ក្លិប​ PSG ប៉ុន្តែ​មិន​អាច​ឆ្លើយ​តប​តាម​​តម្រូវ​ការ​របស់​ក្លិប​បារាំង​ PSG។​​


លោក Abidal បាន​ប្រាប់​កាសែត​​ Mundo Deportivo ថា​៖ «​កីឡាករ​ឆ្នើម​ម្នាក់​​ដែល​មាន​ទស្សនៈ​ចំពោះ​ក្លិប​ Barcelona និង​ដែល​មាន​ទម្រង់​លេង​ល្អ​បំផុត​នោះ​ ​គឺ​តែងតែ​ជា​ជម្រើស​​ល្អ​»។​​


នាយក​កីឡា​រូប​នេះ​បាន​បន្ត​ថា៖ «​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​កម្រិត​កីឡា ​ប៉ុន្តែ​​ពាក់ព័ន្ធ​នឹង​បញ្ហា​​ហិរញ្ញ​វត្ថុ​គឺ​​មាន​រឿង​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​ ហើយ​អ្នក​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន​ទេ ​គឺ​មាន​តែ​ពេល​អនាគត​ទេ​នឹង​ប្រាប់​យើង​ឲ្យ​ដឹង​ពី​បញ្ហា​នេះ​»​។


លោក Abidal បាន​បន្ថែម​ថា៖ «​ខ្ញុំ​នឹង​មិន​និយាយ​ថា វា​នឹង​ជា​ជម្រើស​លេខ ​១ ​នោះ​ទេ ​ព្រោះ​រដូវ​កាល​នេះ​​មាន​រយៈពេល​យូរ​ទៅ​មុខ ​ប៉ុន្តែ​ជា​ការ​ពិត​វា​អាច​ជា​ជម្រើស​មួយ​»។​

ក្លិប​ Barcelona បាន​បង្កើន​ចំណាប់​អារម្មណ៍​ចំពោះ​កីឡាករ​ Neymar កាន់​តែ​ខ្លាំង​នៅ​ចំពេល​មាន​បំណង​ស្វែងរក​កីឡាករ ​ដើម្បី​បន្ត​វេន​ពី​ខ្សែ​ប្រយុទ្ធ ​Luis Suarez ដែល​កំពុង​​រង​របួស​។​

ការ​ស្វែងរក​នេះ​ត្រូវ​បាន​គេ​និយាយ​ថា បាន​ជំរុញ​ឲ្យ​ក្លិប​នេះ​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ Lautaro Martinez ​នៅ​ក្លិប​ Inter ផង​ដែរ ​​ប៉ុន្តែ​មិន​ទាន់​ជា​ជម្រើស​​ល្អ​ពេញ​លេញ​​នៅ​ឡើយ​ទេ​៕ AFP/SN