ក្រុងមែលប៊ន: កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ជប៉ុន Kei Nishikori បាន​ខ្ជះខ្ជាយ​ការនាំ​មុខ​ ២ ​សិត នៅ​ពេល​ប្រកួត​ជាមួយ​នឹង​កីឡាករ​ជើងចាស់ Ivo Karlovic និង​បាន​ប្រឈមមុខ​នឹង​ការធ្លាក់​ចេញ​ត្រឹម​ប្រកួត​ជុំ​ទី​ ២ ក្នុង​ព្រឹត្តិការណ៍ Australian Open កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​មុន​ពេល​យក​ឈ្នះ​ក្នុង​ការប្រកួត​សិត​កាត់​សេចក្តី​។


កីឡាករ Karlovic វ័យ​ ៣៩ ​ឆ្នាំ​បាន​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការក្លាយ​ជា​កីឡាករ​វ័យចាស់​ជាងគេ​បំផុត​ក្នុង​ការឈាន​ទៅ​ប្រកួត​ជុំ​ទី​ ៣ បើ​គិត​ចាប់​តាំងពី​អតីត​កីឡាករ​ឆ្នើម​អូស្ត្រាលី Ken Rosewall វ័យ​ ៤៤ ​ឆ្នាំ​ធ្វើ​បាន​ក្នុង​ឆ្នាំ​ ១៩៧៨ នៅមុន​ពេល Nishikori បាន​ធ្វើឲ្យ​រូបគេ​វិល​ទៅ​រក​ការ​ប្រជែង​វិញ​តាមរយៈ​ការសង្គ្រោះ​ពិន្ទុ​ដ៏សំខាន់​ចំនួន​ ៣ ​លើក​ក្នុង​ពេល​ស្ថិត​ក្នុង​ពិន្ទុ​ស្មើ ៤-៤ ក្នុង​សិត​ចុងក្រោយ​។

កីឡាករ​កំពូល​របស់​អាស៊ី​រូប​នេះ​បាន​ប្រើប្រាស់​ពេល​ដល់​ទៅ​ ៣ ​ម៉ោង និង​ ៤៨ ​នាទី​ដើម្បី​យក​ឈ្នះ​លើ​កីឡាករ Karlovic សញ្ជាតិ​ក្រូ​អាស៊ី​ដែល​មាន​កម្ពស់​ ២,១១ ​ម៉ែត្រ​ក្នុង​លទ្ធផល ៦-៣ ៧-៦ (៨/៦) ៥-៧ ៥-៧ ៧-៦ (១០/៧) ក្រោម​អាកាសធាតុ​សើម​។


ក្រោយពី​លុតជង្គង់​របស់​គេ​ដើម្បី​បង្ហាញ​ពី​ភាពធូរស្រាល​ក្រោម​ការអបអរ​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​ជប៉ុន​លើ​ទីលាន Margaret Court Arena កីឡាករ Nishikori ដែល​ឈាន​ទៅ​ប្រកួត​វគ្គ​ ៨ ​នាក់​ចុងក្រោយ​ ៣ ​លើក​នៅ​លើ​ទីលាន Melbourne Park បាន​ឲ្យ​ដឹងថា​៖ «​វា​គឺជា​ការប្រកួត​ដ៏តានតឹង​មួយ​ដែល​អាច​បញ្ចប់​ក្នុង​លទ្ធផល​ទាំង​ ២ ​បាន​។ រូបគេ​ស្ទើរតែ​ធ្វើ​បាន​ទៅ​ហើយ​»​។


ស្របពេល​ជាមួយ​គ្នា​នេះ​កីឡាការិនី Karolina Pliskova ដែល​មាន​ចំណាត់ថ្នាក់​លេខ​ ៧ ​ប្រចាំ​ព្រឹត្តិការណ៍​បាន​ស្រោចស្រង់​ពី​ការចាប់ផ្តើម​មិន​បាន​ល្អ ដើម្បី​យក​ឈ្នះ​លើ​កីឡាការិនី Madison Brengle របស់​អាមេរិក និង​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ជុំ​ទី​ ៣ ​នៃ​ព្រឹត្តិការណ៍ Australian Open​។


កីឡាការិនី​សញ្ជាតិ​ឆែក​វ័យ​ ២៦ ​ឆ្នាំ​រូប​នេះ​បាន​វាយ​ពី​ការ​ដេញ​តាម​ពីក្រោយ​ ១ ​សិត​នៅ​មុន​ពេល​ដើម្បី​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-៦ ៦-១ និង​ ៦-០ និង​ដើម្បី​ទៅ​ជួប​កីឡាការិនី CamilaGiorgi ​ក្នុង​ជុំ​ទី​ ៣ ថ្ងៃ​ស្អែក​នេះ​៕ IS