ភ្នំពេញៈ ក្រុមហ៊ុនរ៉ូយ៉ាល់មេឌាអេនធើធេនមេនខបភើរេសិនលីមីធីត និងទូរទស្សន៍ One TV បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធចំនួន ៥ ទៀត ដើម្បីបង្កើតកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយឈ្មោះថា «ស្ថាប័ន Khmer Inter Championship (KIC)» ហើយព្រឹត្តិការណ៍ថ្មីនេះត្រូវបានប្រកាសបើកជាផ្លូវការ នៅមជ្ឈមណ្ឌលសិល្បៈក្បាច់គុន (រោងសៀក) ទល់មុខរដ្ឋសភាជាតិកាលពីថ្ងៃពុធ។
លោក ភួង ពុទ្ធិ នាយកគ្រប់គ្រងពាណិជ្ជកម្មរបស់ One TV បានថ្លែងថា៖ «ស្ថាប័នពាក់ព័ន្ធមួយចំនួនមានការចូលរួម និងគាំទ្រព្រឹត្តិការណ៍នេះតាមផ្លូវច្បាប់ត្រឹមត្រូវ ហើយឈ្មោះនៃកម្មវិធីនេះនឹងត្រូវចុះបញ្ជីរក្សាការពារសិទ្ធិផ្តាច់មុខរបស់ខ្លួននៅក្រសួងពាណិជ្ជកម្មក្នុងបែបបទច្បាប់តែម្តង។ ជាមួយគ្នានេះ NOCC បានលើកទឹកចិត្តឲ្យការប្រកួតនេះត្រូវគោរពតាមគោលការណ៍យុត្តិធម៌តម្លាភាព និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតកីឡានេះទៅជាសកម្មភាពឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ព្រឹត្តិការណ៍ថ្មី KIC នឹងមានការប្រកួតគូខ្សែក្រវាត់អន្តរជាតិចំនួន ២ គូអមដោយការប្រកួតរបស់កីឡាករក្នុងស្រុក ៤ គូទៀត។ ការប្រកួតនឹងត្រូវធ្វើនៅរាល់ថ្ងៃអាទិត្យវេលាម៉ោង ៣ រសៀលដោយចាប់ផ្តើមពីថ្ងៃទី ២៨ ខែកក្កដានៅរោងសៀក ហើយស្ថាប័នជំនាញផ្សេងទៀតដែលសហការជាមួយ One TV មានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ,ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថ្លែងថា៖ « One TV បានបង្កើតកម្មវិធីប្រដាល់នៅពេលនេះគឺមានការគិតគូរបានវែងឆ្ងាយ និងលម្អិតប្លែកជាងគេទៅលើការគោរពច្បាប់ដោយប្រកួតឲ្យមានយុត្តិធម៌ និងរៀបចំកីឡាករមានសមត្ថភាពល្អ ទាំងកីឡាករខ្មែរ និងថៃ ហើយខ្ញុំគាំទ្រ និងលើកទឹកចិត្តចំពោះការរៀបចំនេះឲ្យមានព្រឹត្តិការណ៍កីឡាថ្មីនេះ ខណៈអ្នកគ្រប់គ្រងកម្មវិធី និងមន្ត្រីបច្ចេកទេសសុទ្ធតែជាអ្នកជើងចាស់ និងមានបទពិសោធខ្ពស់យូរឆ្នាំ និងមានស្នាដៃដែលស្ថាប័នពាក់ព័ន្ធទទួលស្គាល់»។
លោក សែន កុសល ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននិយាយថា៖ «កន្លងមកក្រសួងវប្បធម៌ដែលមានទីតាំងរោងសៀកធ្លាប់រួមសហការផ្តល់ឱកាសឲ្យមានការប្រកួតប្រដាល់ជាច្រើនឆ្នាំមកហើយ ហើយពេលនេះដោយមានការសម្របសម្រួលពី One TV រួមសហការជាមួយសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតនោះ យើងសូមគាំទ្រ និងបន្តសហការដើម្បីឲ្យព្រឹត្តិការណ៍កីឡានេះទទួលបានលទ្ធផលជោគជ័យល្អប្រសើរ»។
ជាមួយគ្នានេះលោក ឆឹង វ៉ាន់ថូ ទីប្រឹក្សាជាន់ខ្ពស់របស់ NOCC បាននិយាយថា៖ «ខ្ញុំមើលឃើញថា ព្រឹត្តិការណ៍ប្រដាល់ថ្មីនេះត្រៀមរៀបចំបានល្អ ដោយមានស្ថាប័នច្រើនចូលគាំទ្រ។ ខ្ញុំសូមឲ្យសកម្មភាពប្រកួតនេះទទួលបានលទ្ធផលជោគជ័យ និងជាព្រឹត្តិការណ៍កីឡាឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដូចដែលលិខិតទទួលស្គាល់ជាផ្លូវការ»៕