ក្រុង​ប៉េកាំង៖ កីឡាការិនី​វាយ​កូន​បាល់​ Naomi Osaka បាន​និយាយ​ថា រូប​នាង​បាន​ស្ដារ​ការ​ឈឺ​ចាប់​នៃ​ការ​មិន​បាន​ពាន​រង្វាន់​វាយ​កូន​បាល់​ US Open ក្រោយ​ពី​បាន​ឈ្នះ​កីឡាការិនី ​Ashleigh Barty ជាប់​ចំណាត់​ថ្នាក់​លេខ ​១ ​ពិភព​លោក​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នៃ​ពាន​រង្វាន់​ China Open កាល​ពី​ថ្ងៃ​អាទិត្យ​។​


កីឡាការិនី​ Osaka អាយុ ​២១ ​ឆ្នាំ ​បាន​មាន​ឆ្នាំ​ដ៏​ច្របូក​ច្របល់​មួយ​ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​ Australian Open ប៉ុន្តែ​បាន​ទទួល​ការ​ឈឺ​ចាប់​មួយ​រួម​ទាំង​ការ​ធ្លាក់​នៅ​វគ្គ ​១៦ ​នាក់​ចុង​ក្រោយ ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Flushing Meadows ផង​ដែរ​។​

ទោះ​យ៉ាង​ណា​ ម្ចាស់​ជើងឯក​ Grand Slam ២ ​ជំនាន់​សញ្ជាតិ​​​ជប៉ុន​រូប​នេះ​បាន​ឡើង​​រាសី​​វិញ​ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​ Pan Pacific Open ក្នុង​ទឹក​ដី​ខ្លួន​ឯង​កាល​ពី​ខែ​មុន​ និង​បាន​បន្ត​ឈ្នះ​ពាន​រង្វាន់​ក្នុង​ទីក្រុង​ប៉េកាំង ​ប្រទេស ​ចិន ​នេះ​ថែម​ទៀត​។​


កីឡាការិនី Osaka បាន​ចាញ់​កីឡាការិនី​វ័យ​ក្មេង​ Bianca Andreescu ជា​​ម្ចាស់​ជើងឯក​ US Open ​បន្ទាប់​មក​បាន​ចាញ់​កីឡាការិនី​ Barty ជា​​ម្ចាស់​ជើងឯក​ French Open ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​គ្រង​តំណែង​លើក​ទី ​៥ ​នៅ​ក្នុង​អាជីព​វ័យ​ក្មេង​របស់​រូប​នាង​។​​


ការ​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ប្រទេស ​ជប៉ុន ​និង​ប្រទេស ​ចិន ​នេះ​ ​គឺ​ជា​គោល​បំណង​របស់​នាង​ក្រោយ​ពី​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​លើក​ពាន​រង្វាន់​ US Open ជា​ទី​ដែល​រូប​នាង​គឺ​ជា​ម្ចាស់​ជើងឯក​ការពារ​ខ្សែ​ក្រវាត់ ​និង​ចំណាត់​ថ្នាក់​កំពូល​ក្នុង​ពិភព​លោក​របស់​រូប​នាង​​។​


កីឡាការិនី Osaka បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​ចង់​និយាយ​ថា ខ្ញុំ​មាន​ផែនការ​លើក​ពាន​នេះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ផ្ដោត​លើ​ពាន​រង្វាន់​នេះ​ ហើយ​វា​គ្រាន់​តែ​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំ​បាន​បំពេញ​តាម​អ្វី​ដែល​ខ្ញុំ​​គ្រោង​នឹង​ធ្វើ​ដូច្នោះ​​ឯង»។​

កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មិន​បាន​លេង​ការ​ប្រកួត​ទាំង ​២ ​នោះ ​ដើម្បី​​ខ្លួន​ឯង​ទេ​ ​ប៉ុន្តែ​ខ្ញុំ​លេង​ការ​ប្រកួត​នេះ​ដើម្បី​ក្រុម​របស់​ខ្ញុំ​ព្រោះ​ពាន​រង្វាន់​ US ​Open​ គឺ​មិន​អស្ចារ្យ​នោះ​ទេ​ ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោកស្ដាយ​ និង​​សុំទោស​មិត្ត​រួម​ក្រុម​ផង​ដែរ​»​។

កីឡាការិនី​ Osaka បាន​ទទួល​ស្គាល់​ថា រូប​នាង​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ក្រោយ​ពី​​ចាញ់ ​១ ​សិត​ដំបូង ​ចំពោះ​កីឡា​ការិនី​អូស្ត្រាលី​ Barty មុន​ពេល​មាន​កម្លាំង​ចិត្ត​​វិល​ទៅ​រក​ការ​ឈ្នះ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​ ៣-៦, ៦-៣, ៦-២។​

អតីត​អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ ​១ ​​ពិភព​លោក​​ដែល​​ឥឡូវ​បាន​លេខ ​៤ រូប​នេះ ​បាន​និយាយ​ថា៖ «​នៅ​ក្នុង​សិត​ដំបូង អ្វី​ដែល​ខ្ញុំ​អាច​គិត​បាន​នោះ ​គឺ​ថា​តើ​ខ្ញុំ​ចង់​ឈ្នះ​កម្រិត​ណា​ ហើយ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។​​​

ក្នុង​​ចំណោម​ការ​ផ្លាស់ប្ដូរ​​ក្រោយ​ពី​​ពាន​រង្វាន់​ US Open ហើយ​ កីឡាការិនី​ជប៉ុន​រូប​នេះ​បាន​​យក​ឪពុក​របស់​នាង Leonard Francois ​ដែល​ជា​គ្រូ​បង្វឹក​របស់​រូប​នាង​នោះ​ឲ្យ​ចូល​ទស្សនា​ការ​ប្រកួត​នេះ​ដែរ​​។​​

វា​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន ​និង​ជោគជ័យ​ក្នុង​រយៈ​ពេល​ខ្លី ​ប៉ុន្តែ​កីឡាការិនី Osaka មិន​បាន​ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​​រៀបចំ​រយៈពេល​យូរ​នោះ​ទេ​។​

កីឡាការិនី​ជប៉ុន​រូប​នេះ​បាន​និយាយ​​ទាំង​ញញឹម​ថា៖ «​គាត់​មិន​ចូល​ចិត្ត​មើល​ការ​ប្រកួត​របស់​ខ្ញុំ​ទេ​ ហើយ​ខ្ញុំ​គិត​ថា​ វា​បាន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​គាត់​ព្រោះ​គាត់​តែងតែ​មាន​អារម្មណ៍​ភ័យអរ​នៅ​ពេល​ខ្ញុំ​ វាយ​កូន​បាល់​ម្ដងៗ»។​

ចំណែក​កីឡាការិនី​ Barty វិញ​បាន​និយាយ​ថា ក្បាច់​គុន​របស់​នាង​ដែល​ជា​អាវុធ​សំខាន់​របស់​​ពលរដ្ឋ​អូស្ត្រាលី​នោះ​ត្រូវ​បាន​បំបែក​​​ហើយ​​ដោយសារ​ស្ថានភាព​ត្រជាក់​ពេក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ​ប្រទេស ​ចិន។​

ប៉ុន្តែ​កីឡាការិនី​អាយុ ​២៣ ​ឆ្នាំ ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី ​១ ​ក្នុង​ពិភព​លោក​រូប​នេះ​បាន​និយាយ​ថា៖ «​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ និង​ក្រុម​របស់​ខ្ញុំ​ព្រោះ​យើង​តែងតែ​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ទាំង​អស់​ដោយ​មិន​ខ្វល់​ថា វា​ជា​ឆ្នាំ​អ្វី​ ឬ​ស្ថានភាព​បែប​ណា​នោះ​ទេ​»។​​

កីឡាការិនី​អូស្ត្រាលី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​គិត​ថា វា​ពិត​ជា​ឱកាស​​អស្ចារ្យ​មួយ​សម្រាប់​យើង​ទាំង ​៣ ​នាក់ ​គឺ​ខ្ញុំ​ផ្ទាល់ Osaka និង​​ Andreescu»៕ AFP/SN