ក្រុងសៅប៉ូឡូៈ ក្រុមគ្រូពេទ្យបាននិយាយកាលពីថ្ងៃពុធថា លោក Pele នឹងត្រូវធ្វើការវះកាត់យកដុំក្រួសក្នុងតម្រងនោមចេញក្រោយរយៈពេល ១ ថ្ងៃ បន្ទាប់ពីវីរបុរសបាល់ទាត់ដ៏ល្បីល្បាញរូបនេះបានវិលត្រលប់ទៅកាន់ប្រទេសប្រេស៊ីលវិញ ក្រោយពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងប៉ារីសសម្រាប់ជំងឺនេះ។
អតីតកីឡាករវ័យ ៧៨ ឆ្នាំរូបនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Albert- Einstein នៅក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ដើម្បីពិនិត្យសុខភាពបន្ថែមទៀតក្រោយពីទៅដល់ប្រទេសនេះកាលពីព្រឹកថ្ងៃអង្គារ។
មន្ទីរពេទ្យបាននិយាយថា៖ «ការពិនិត្យសុខភាពបង្ហាញថាលោក Pele មានជំងឺដុំក្រួសក្នុងតម្រងនោមខាងឆ្វេង ហើយគេគ្រោងនឹងធ្វើការវះកាត់យកដុំក្រួសនោះចេញនៅអំឡុងពេលស្នាក់នៅមន្ទីរពេទ្យពេលនេះ ប៉ុន្តែគេមិនច្បាស់លាស់ពីកាលបរិច្ឆេទនៅឡើយទេ។
មន្ទីរពេទ្យដដែលនេះបានបន្ថែមថា៖ «ពេលនេះអ្នកជំងឺកំពុងស្ថិតនៅក្នុងស្ថានភាពមួយធម្មតា និងមានលក្ខណៈល្អទូទៅតាមទស្សនៈរបស់គ្លីនិកមួយ»។
លោក Pele ដែលត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រនោះត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យឯកជនអាមេរិកមួយកន្លែងនៅតំបន់ជាយក្រុងប៉ារីសកាលពីថ្ងៃចន្ទជាទីដែលគាត់បានសម្រាកព្យាបាលនៅពេលធ្លាក់ខ្លួនឈឺ ក្រោយពីបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe។
គេហទំព័រ Globoesporte.com site បានរាយការណ៍កាលពីថ្ងៃចន្ទថាលោក Pele បាននិយាយថាគាត់ត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ និងការវះកាត់សម្រាប់ជំងឺប្រព័ន្ធទឹកនោមដ៏ធ្ងន់ធ្ងរនេះ»។
លោក Pele បានឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងឆ្នាំ ១៩៥៨ ឆ្នាំ ១៩៦២ និងមួយលើកទៀតនៅប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ១៩៧០ ជាពេលដែលក្រុមរបស់គាត់ត្រូវបានចាត់ទុកថាជាក្រុមបាល់ទាត់ទំនើប ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះលោកបានសម្រាកព្យាបាលជំងឺជាបន្តបន្ទាប់៕ SN