ភ្នំពេញៈ ស្ថានីយទូរទស្សន៍ PNN បាន​រកឃើញ​ដៃគូ​ឧបត្ថម្ភ​ថ្មី​គឺ ISI Palm ដើម្បី​រៀបចំ​ឲ្យ​មាន​ការប្រកួត​ប្រដាល់​ឡើងវិញ បន្ទាប់ពី​សង្វៀន​មួយ​នេះ​បាន​បិទទ្វារ​មួយរយៈ​ពេល​ធំ ហើយ​កម្មវិធី​ប្រកួត​ថ្មី​ឈ្មោះ​ថា «​អធិរាជគុន​ខ្មែរ ISI Palm» ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​នេះ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ដែល​មាន​រូបមន្ត​ប្រកួត​ប្លែក​ពី​សង្វៀន​ផ្សេងៗ ចំណែក​ប្រាក់​រង្វាន់​គឺ​អ្នក​ឈ្នះ​បាន​ខ្សែក្រវាត់​មាស​នឹង​ទទួល​បាន​ ១ ​ម៉ឺន​ដុល្លារ​។


កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ ៨ ​នាក់​រួមមាន ឃីម ឌីម៉ា​, ឡៅ ចិត្ត្រា​, តាញ់ មករា​, សុខ សាវិន​, លន បញ្ញា​, កូយ ឡាយ​, ឡុង ជិន​, និង សារឿន ច័ន្ទ ត្រូវ​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​គឺជា​បេក្ខភាព​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​ចំនួន​ ៨ ​នាក់​មកពី​ប្រទេស​ថៃ​។


ជាមួយ​គ្នា​នេះ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ដែល​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃទី​ ១៩ ខែ​ឧសភា​តទៅ​នោះ​គឺ PNN បាន​កំណត់​រូបមន្ត​ប្រកួត​ដ៏ប្លែក​មួយ​ដោយ​ឲ្យ​កីឡាករ​កម្ពុជា​ ២ ​នាក់ និង​ថៃ​ ២ ​នាក់​ត្រូវ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ៗ​នៅ​រៀងរាល់​ខែ ដើម្បី​យក​អ្នក​ឈ្នះ​ទៅ​ជួប​អ្នក​ឈ្នះ​ដណ្តើម​ខ្សែក្រវាត់​ប្រាក់​។ បន្ទាប់ពី​បាន​រកឃើញ​អ្នក​ឈ្នះ​ខ្សែក្រវាត់​ប្រាក់​គ្រប់​ ៤ ​នាក់​ហើយ​គឺ​ពួកគេ​នឹង​ត្រូវ​ឈាន​ចូល​ការប្រកួត​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ ដើម្បី​ឆ្ពោះ​ទៅ​ដណ្តើម​ខ្សែក្រវាត់​មាស អម​ដោយ​ទឹកប្រាក់​ ១ ​ម៉ឺន​ដុល្លារ​តែ​ម្តង​។


ជុំវិញ​ការកំណត់​យក​រូបមន្ត​ប្រកួត​ដ៏ប្លែក​នេះ​លោក ស្រ៊ឺ ស្រេង ប្រធាន​គ្រប់គ្រង​កីឡា​ប្រចាំ PNN បាន​និយាយ​ថា​៖ «​ភាព​ដដែលៗ​ជា​សត្រូវ​នៃ​សិល្បៈ បាន​ន័យ​ថា​ក្រៅពី​ការអភិវឌ្ឍ និង​អភិរក្យ ក្បាច់គុន​ខ្មែរ​គឺ​កម្មវិធី​ប្រដាល់​ក៏​ជា​ប្រភេទ​កម្មវិធី​កម្សាន្ត​មួយ​ដែរ ហេតុនេះ​បើ​យើង​ធ្វើ​ដូច​ស្ថានីយ​ផ្សេងៗ​ដែរ​គឺ​យើង​ក៏​ដូច​គេ ឯ​គេ​ក៏​ដូច​យើង អ៊ីចឹង​នេះ​ជា​ភាព​ថ្មី និង​ប្លែក​មួយ​របស់ PNN ដើម្បី​ផ្តល់​ជូន​ឲ្យ​ប្រិយមិត្ត​យើង​បាន​ប្លែក​អារម្មណ៍​»​។


លោក​បន្ថែម​ថា​៖ «​ជាពិសេស​យើង​ចង់​រក​ឲ្យ​ឃើញ​នូវ​គុណភាព​ពិតប្រាកដ​របស់​កីឡាករ​យើង ព្រោះ​កីឡាករ​កម្ពុជា​ទាំង​​ ៨ ​នាក់​នេះ​សុទ្ធ​តែ​ជា​អ្នកខ្លាំង អ៊ីចឹង​យើង​ចង់​រក​ឲ្យ​ឃើញ​អ្នកណា​ ១ ជា​អ្នកខ្លាំង​ពិតប្រាកដ​។ ហេតុនេះ​រូបមន្ត​ថ្មី​នេះ​គឺ​ទាំង​កីឡាករ​ខ្មែរ និង​ថៃ បើ​វ៉ៃ​លំៗ​នឹង​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ណា​មួយ​មិន​ខាន ដូច្នេះ​ពួកគេ​ត្រូវ​ខំប្រឹង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ហើយ​បើ​ខ្លួនឯង​ខ្សោយ និង​ធ្លាក់ តែ​បើ​ខ្លាំង​នឹង​ឈ្នះ​ចំនួន​ ៤ ​លើក​ជាប់ៗ​គ្នា ដើម្បី​បាន​ខ្សែក្រវាត់​មាស និង​ប្រាក់​រង្វាន់​ ៤០ ​លាន​រៀល​ជា​មិន​ខាន​»​។


ទាក់ទង​ទៅ​នឹង​ការ​កាត់​សេចក្តី​វិញ​លោក និន ភិរម្យ តំណាង​ឲ្យ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ «​មន្ត្រី​បច្ចេកទេស​ទាំងអស់​ជ្រាប​ហើយ​ថា សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​សហព័ន្ធ​យើង​ត្រូវ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​ឲ្យ​មាន​ក្រមសីលធម៌ ដើម្បី​កាត់សេចក្តី និង​ផ្តល់​ពិន្ទុ​ឲ្យ​មាន​តម្លាភាព សុក្រឹតភាព និង​យុត្តិធម៌​ខ្ពស់​បំផុត ដូច្នេះ​មន្ត្រី​បច្ចេកទេស​របស់​យើង​ទាំងអស់​ត្រូវ​អនុវត្ត​ការងារ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ហ្មត់ចត់​បំផុត​ក្នុង​ការប្រកួត​នេះ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​លទ្ធផល​ការផ្តល់​ពិន្ទុ​របស់​យើង​បាន​ត្រឹមត្រូវ និង​យុត្តិធម៌​ធ្វើឲ្យ​កីឡាករ​មាន​ជំនឿ និង​ជឿជាក់​លើ​លទ្ធផល​ដែល​យើង​បាន​ប្រកាស​»​។

ដោយឡែក​ជុំវិញ​ការដាក់​ប្រាក់​រង្វាន់​ច្រើន​ដល់​ ១ ​ម៉ឺន​ដុល្លារ​ត្រូវ​បាន​លោក សុខ វិចិត្រ នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់ ISI Steel បញ្ជាក់​ថា​៖ «​មូលហេតុ​ដែល​ក្រុមហ៊ុន​យើង​ផ្តល់​រង្វាន់​មួយ​ធំ មិន​ធ្លាប់​មាន​នៅ​តាម​ស្ថានីយ​ផ្សេង ឬ​ស្ពនស័រ​ផ្សេង​នោះ​គឺ​យើង​ចង់​បង្ហាញ​ឲ្យ​ស្ពនស័រ​ផ្សេងៗ​ឃើញ​ថា យើង​ពិតជា​បាន​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​មែន​ដែល​មិន​សម្រាប់​តែ​បាន​ផលប្រយោជន៍​ពី​ការផ្សាយពាណិជ្ជកម្ម​មួយ​នោះ​ទេ​គឺ​យើង​ពិតជា​ចូលរួម ដើម្បី​លៃលក​យ៉ាង​ណា​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​យើង​បាន​ឡើង​ខ្ពស់​ទៅ​ថ្ងៃ​អនាគត ហេតុនេះ​បើ​យើង​មិន​ចាប់ផ្តើម តើ​បាន​អ្នកណា​ចាប់ផ្តើម​? អ៊ីចឹង​យើង​ត្រូវតែ​ចាប់ផ្តើម​នៅ​ពេល​នេះ​»៕