ក្រុង​ឡុងដ៍៖​ កីឡាករ​អង់គ្លេស​ Declan Rice បាន​និយាយ​ថា រូប​គេ​ព្រម​ទាំង​ក្រុម​​គ្រួសារ​​របស់​ខ្លួន​បាន​រង​ការ​គំរាម​កំហែង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ក្រោយ​ពី​រូប​គេ​បាន​សម្រេច​ចិត្ត​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​ជម្រើស​ជាតិ​អង់គ្លេស​ជា​ជាង​ជា​ជម្រើស​ជាតិ​សាធារណ​រដ្ឋ​អៀរឡង់​។​


ខ្សែ​បម្រើ​​ក្លិប​ West Ham អាយុ ​២០ ​ឆ្នាំ ​ដែល​លេង​​បាន ​៣ ​លើក​​សម្រាប់​ជម្រើស​ជាតិ​អៀរឡង់ ​ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ​ចំនួន​នោះ​ អាច​បាន​ប្ដូរ​សម្ព័ន្ធភាព​ទៅ​ចូលរួម​នឹង​ក្រុម​តោ​ទាំង ​៣ ​នៅ​ដើម​ឆ្នាំ​នេះ។​​​


កីឡាករ​ Rice ដែល​លេង​​ជា​លើក​ទី ​៤ ​​ក្រោម​ការ​ដឹក​នាំ​របស់​​​លោក Gareth Southgate ​នៅ​ក្នុង​ជ័យជម្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ប៊ុលហ្គារី​ ៤-០ ពី​ថ្ងៃ​សៅរ៍​នោះ បាន​កើត​នៅ​ក្នុង ​ទីក្រុង​ឡុងដ៍ ​ប៉ុន្តែ​រូប​គេ​បាន​បង្ហាញ​​ពី​ការ​ផ្លាស់ប្ដូរ​​បេះដូង​របស់​ខ្លួន​ដែល​នាំ​ឲ្យ​មាន​ការ​បៀតបៀន​តាម​បណ្ដាញ​សង្គម​​ទៅ​លើ​​រូប​គេ និង​ក្រុម​គ្រួសារ​របស់​​គេ​ផង​ដែរ​។​


កីឡាករ​រូប​នេះ​បាន​ប្រាប់​ទូរទស្សន៍​ ITV ថា៖ «​ខ្ញុំ​បាន​​ទទួល​​រង​ការ​គំរាម​កំហែង​ខ្លះៗ​ព្រោះ​មាន​មនុស្ស​ខ្លះ​និយាយ​ថា ពួក​គេ​​នឹង​មក​រក​ខ្ញុំ​ដល់​ផ្ទះ​»។​


ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ថែម​ទៀត​​ថា៖ «​មាន​ការ​គំរាម​កំហែង​​ខ្លះ​ដែល​មាន​ចេតនា​សំដៅ​មក​រក​ខ្ញុំ​ ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​»។​​


កីឡាករ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា៖ «​នៅ​ពេល​ខ្ញុំ​ចុច​លើ​ប្រូហ្វាល​របស់​ពួក​គេ​ ស្រាប់​តែ​​ប្រូហ្វាល​ទាំង​នោះ​​ជា​ប្រូហ្វាល​​ក្លែងក្លាយ​​ទៅ​វិញ​ ដូច្នេះ​ហើយ​ ខ្ញុំ​មិន​ដឹង​ថា តើ​វា​ជា​ការ​ពិត ​ឬ​យ៉ាង​ណា​នោះ​ទេ​»។​

កីឡាករ Rice បាន​បន្ត​ទៀត​ថា៖ «​ខ្ញុំ​​ពិបាក​ចិត្ត​​ណាស់​នៅ​ពេល​​មាន​ការ​បៀត​បៀន​​បែប​នេះ​ ហើយ​ម្ដាយ​ឪពុក​ខ្ញុំ ​គឺ​ពួក​គាត់​ពិបាក​ចិត្ត និង​ព្រួយ​បារម្ភ​​ជាង​ខ្ញុំ​ទៅ​ទៀត​»៕ SN​