ក្រុង​មីឡាន៖ ការ​ប្រឹង​ប្រជែង​ពាន​របស់​ក្រុម Inter Milan ត្រូវ​យឺត​ដំណើរ កាល​ពី​ថ្ងៃ​អាទិត្យ ដោយសារ​ប្រកួត​បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម​គូ​ប្រជែង Roma ដែល​លទ្ធផល​នេះ បាន​បណ្ដោយ​ឱ្យ​ក្រុម​​ AC Milan ឆ្លង​ផុត​ចុង​សប្ដាហ៍ ជាមួយ​នឹង​ការ​នាំ​មុខ ៣ ​ពិន្ទុ នៅ​ទី​កំពូល​តារាង​ពិន្ទុ​​នៃ​ក្របខ័ណ្ឌ​​ Serie A អ៊ីតាលី​។


ក្រុម​ជើងឯក​ចាស់​ Juventus​ (Juve) ក៏​ទទួល​​ផល​ចំណេញ​​ដែរ​ពី​លទ្ធផល​ស្មើ​នេះ ដោយ​ការ​រំកិល​ខ្លួន​ទៅ​លំដាប់​ទី៤ ជាមួយ​នឹង​ជ័យជម្នះ ៣-១ លើ​ Sassuolo ដែល​លេង​ត្រឹម​សមាជិក​តែ ១០​ នាក់ តាំង​ពី​វិនាទី​ចុង​ក្រោយ​នៃ​វគ្គ​ទី១ ក្នុង​ប្រកួត​នេះ​។​

គិត​ត្រឹម​សប្ដាហ៍​ទី១៧​ នេះ ឃើញ​ថា Inter មាន ៣ ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​គូ​ប្រជែង​ក្នុង​ក្រុង​តែ ១ ​ Milan ដែល​យក​ឈ្នះ Torino ២-០ កាល​ពី​ថ្ងៃ​សៅរ៍ រី​ឯ​​ក្រុម Roma មាន​គម្លាត ៦ ពិន្ទុ នៅ​លេខ ៣​។


Juve កំពុង​តាម​ពី​ក្រោយ​ក្រុម Roma តែ ១ ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ដណ្ដើម​បាន​ជ័យជម្នះ​ជា​លើក​ទី៣ បន្ត​បន្ទាប់​គ្នា លើក​ដំបូង​រដូវកាល​នេះ។


សម្រាប់​ការ​ប្រកួត នៅ​ក្រុង​រ៉ូម ការ​ដណ្ដើម​បាន​ត្រឹម ១ ពិន្ទុ គឺ​ជា​ការ​ពន្យឺត​ដំណើរ​សម្រាប់​ក្រុម​របស់​លោក Antonio Conte ដែល​ការ​ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ ៨ ប្រកួត​ជាប់​ៗ​គ្នា​របស់​លោក ត្រូវ​ចប់​ដោយសារ​ក្រុម​ Sampdoria កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​កន្លង​ទៅ​។


ដោយ​​តាម​ប្រជែង​ ដើម្បី​ឱ្យ​បាន​កា្លយ​ជា​ជើងឯក Serie A ជា​លើក​ដំបូង គិត​តាំង​ពី​ឆ្នាំ ​២០១០ ក្រុម Inter នឹង​ត​ទល់​ជាមួយ​ Juve នា​កីឡដ្ឋាន San Siro នៅ​សប្ដាហ៍​ក្រោយ ដែល​ការ​ជួប​គ្នា​នេះ អាច​នឹង​កា្លយ​ជា​ការ​ប្រកួត​ដ៏​ល្អ​មើល​បំផុត​ប្រចាំ​រដូវ​កាល​នៃ​​លីគ​កំពូល​របស់​អ៊ីតាលី​។

គ្រាប់​បាល់​ម្ខាង ២ គ្រាប់​របស់​ក្រុម​ទាំង ២ ខាង​ក្រុម​ម្ចាស់​ផ្ទះ Roma ស៊ុត​ដោយ​កីឡាករ Lorenzo Pellegrini នាទីទី១៧ និង​​ Gianluca Mancini នាទីទី៨៦ ខណៈ​ខាង​ក្រុម​ភ្ញៀវ Inter ធ្វើ​បាន​សម្រេច​ដោយ Milan Skriniar​ នាទីទី​៥៦ និង Achraf Hakimi នាទីទី៦៣​។​

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ លោក​ Conte អ្នក​ចាត់​ការ​របស់​ក្រុម Inter បាន​ថ្លែង​ថា​៖ «​ចុង​បញ្ចប់​នៃ​ការ​ប្រកួត ពេល​ខ្លះ ​ក្ដី​កង្វល់​មួយ​ចំនួន​នឹង​កើត​មាន​ឡើង​នៅ​ចំពោះ​មុខ​លទ្ធផល​​​ដ៏​សំខាន់​ ដែល​នាំ​ឱ្យ​អ្នក​បាត់​ម្ចាស់​ការ​លើ​ខ្លួន​ឯង​។ យើង​មាន​ឱកាស​បញ្ចប់​ហ្គេម​ទាំង​ស្រុង តែ​គួរ​ឱ្យ​ស្ដាយ យើង​មិន​អាច​ធ្វើ​បាន»។​​

ចំណែក​គ្រូ​បង្វឹក​របស់ Roma លោក Paulo Fonseca បាន​និយាយ​យ៉ាង​ខ្លី​ថា​៖ «​យើង​មាន​រយៈពេល​ប្រមាណ​ជា ១៥ ទៅ ២០ នាទី នៅ​វគ្គ​ទី២ ដែល​ចង្វាក់​ពេល​វេលា​ដ៏​សំខាន់​»​។

រី​ឯ​ការ​ប្រកួត​នៅ​ក្រុង​ទូរីន ទោះ​ជា​មាន​ជ័យជម្នះ​ក៏​ពិត​មែន ក៏ Juve ដែល​កំពុង​ព្យាយាម​​ឈ្នះ​ពាន​លីគ​កំពូល​ឱ្យ​បាន ១០ ​រដូវ​កាល​បន្តបន្ទាប់​ ​នៅ​តែ​ចាត់​ទុក​ថា នេះ​ជា​សប្ដាហ៍​ដ៏​គួរ​ឱ្យ​ឈឺ​ចាប់​របស់​ពួក​គេ​ដែរ ដោយសារ​ខ្សែ​ប្រយុទ្ធ Paulo Dybala និង​ខ្សែ​បម្រើ Weston McKennie ត្រូវ​ដូរ​ចេញ​តាំង​ពី​វគ្គ​ទី១ ដោយសារ​មាន​របួស​។

លោក Andrea Pirlo បាន​និយាយ​ថា​៖ «​វា​ជា​ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ចុក​ចាប់​ ពោល​គឺ​ការ​ទទួល​បាន​ជោគជ័យ​ដ៏​សែន​អាក្រក់​ តែ​យ៉ាង​ណា រឿង​សំខាន់​នៅ​ចំពោះ​មុខ គឺ​ជ័យជម្នះ បើ​ទោះ​​មាន​ការ​ប្រឈម​​នឹង​ការ​បាត់​បង់​កីឡាករ​សំខាន់​ក៏​ដោយ​ចុះ»​៕ AFP/VN