ក្រុងជេដដាហ៍: ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ​ ១ ​គ្រាប់​ក្នុង​ការប្រកួត ដើម្បី​ជួយ​ឲ្យ​ក្រុម Juventus ឈ្នះ​ពាន​ជា​លើក​ទី​ ១ ​របស់​ពួកគេ​នៅ​រដូវកាល​ថ្មី​តាមរយៈ​ការយក​ឈ្នះ ១-០ លើ​ក្រុម​សល់​សមាជិក​ត្រឹមតែ​ ១០ ​នាក់ AC Milan ក្នុង​ការប្រកួត​ពាន Super Cup របស់​អ៊ីតាលី កាលពី​ថ្ងៃ​ពុធ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។


Ronaldo ដែល​បាន​ផ្ទេរ​ទៅកាន់​ក្លិប​យក្ស​អ៊ីតាលី​កាលពី​ឆ្នាំ​មុន​ពី​ក្លិប Real Madrid ខណៈ​ពួកគេ​សម្លឹង​រក​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ជា​លើក​ទី​ ១ បើ​គិត​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៦ បាន​តែ​ត​ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី ទី​ ៦១​។

ក្រុម AC Milan បាន​លេង​ការប្រកួត​រយៈពេល​ ១៥ ​នាទី​ចុងក្រោយ​ជាមួយ​នឹង​សមាជិក​ ១០ ​នាក់​ក្រោយពី​ខ្សែបម្រើ​អន្តរជាតិ​កូតឌីវ័រ Franck Kessie បាន​រង​ពិន័យ​កាត​ក្រហម​ភ្លាមៗ​សម្រាប់​ការ​ប្រជែង​ដណ្តើម​បាល់​ដ៏គ្រោះថ្នាក់​ទៅលើ Emre Can​។


តារា​ឆ្នើម​អន្តរជាតិ​ព័រទុយហ្គាល់​រូបនេះ​ដែល​បច្ចុប្បន្ន​បាន​ឈ្នះ​ពាន​ចំនួន​ ២៨ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ពាន Champions League ៥ ​លើក និង​ពាន​ក្របខ័ណ្ឌ​លីក​ជាច្រើន​ពី​ប្រទេស​អង់គ្លេស និង​អេស្ប៉ាញ និង​ពាន​ព្រឹត្តិការណ៍ Euro ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មាន​ពាន​ជា​លើក​ទី​ ១ ​របស់​ខ្ញុំ​ជាមួយ Juventus ហេតុនេះ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​»​។


Ronaldo បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​ពិតជា​ចង់​ឈ្នះ​ពាន​នេះ ដើម្បី​ចាប់ផ្តើម​ដ៏ល្អ​មួយ​ក្នុង​ឆ្នាំ​ ២០១៩​។ នេះ​គ្រាន់តែ​ចាប់ផ្តើម​ប៉ុណ្ណោះ យើង​នឹង​ធ្វើ​ដំណើរ​ម្តង​ ១ ​ជំហាន​។ យើង​បាន​ឈ្នះ​ពាន​នេះ បច្ចុប្បន្ន​យើង​ត្រូវតែ​រក្សា​ការធ្វើ​ការងារ​ដ៏លំបាក​ដើម្បី​ឈ្នះ​ពាន​បន្ទាប់​ទៀត​»​។


ការប្រកួត​នេះ​ត្រូវ​បាន​បិទបាំង​ដោយ​ភាពចម្រូងចម្រាស​ជាមួយ​នឹង​អំពាវនាវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ទីតាំង​ប្រកួត ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ដែល​ស្ត្រី​ត្រឹម​តែ​អាច​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ការប្រកួត​លុះត្រាតែ​ពួកគេ​បាន​រួម​ដំណើរ​ជាមួយ​នឹង​បុរស​ម្នាក់​។

លោក Gaetano Micciche ប្រធាន​ក្របខ័ណ្ឌ​លីក​កីឡា​បាល់ទាត់​របស់​អ៊ីតាលី​បាន​ចាត់ទុក​ថា ការប្រកួត​នេះ​ជា​ការរៀបចំ​ដ៏ជោគជ័យ​មួយ ខណៈ​ដែល​មាន​ស្ត្រី​ចូលរួម​ទស្សនា​ដល់​ទៅ​ ១៥០០០ ​នាក់​ក្នុង​ចំណោម​អ្នកចូលរួម​សរុប​ ៦២ ០០០ ​នាក់​។

លោក Micciche បាន​ឲ្យ​ដឹងថា​៖ «​វា​បាន​ក្លាយ​ជា​រាត្រី​ដ៏អស្ចារ្យ​មួយ​ដែល​ជា​កម្មវិធី​កីឡា​មួយ​មាន​អ្នកគាំទ្រ​ច្រើន​ពេញ​កីឡដ្ឋាន​។ ខ្ញុំ​សង្ឃឹម​ថា​វា​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​បដិវត្តន៍​សង្គម​ក្នុង​ប្រទេស​នេះ​»៕ IS