ក្រុងប៉ារីស៖ កីឡាករ Cristiano Ronaldo រកបានគ្រាប់បាល់អន្តរជាតិលើកទី ៩៩ ខណៈជម្រើសជាតិព័រទុយហ្គាល់បានកៅអីដោយសុវត្ថិភាពសម្រាប់ជុំចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020 កាលពីថ្ងៃអាទិត្យជាមួយជ័យជម្នះក្រៅទឹកដី ២-០ ទៅលើជម្រើសជាតិលុចសំបួ ខណៈជម្រើសជាតិបារាំងបានបញ្ចប់យុទ្ធនាការឆ្លងផុតវគ្គជម្រុះដោយជោគជ័យ។
កីឡាករ Bruno Fernandes រកបាន ១ គ្រាប់ បើកឆាកនៅនាទីទី ៣៩ មុនពេលកីឡាករ Ronaldo បានបន្ថែម ១ គ្រាប់ទៀត ក្នុងនាទីទី ៨៦ ដើម្បីបន្តឈរនៅលេខ ២ នៅក្នុងពូល B តាមពីក្រោយជម្រើសជាតិអ៊ុយក្រែនដែលឈរនៅកំពូលតារាងក្រោយពីពួកគេបានប្រកួតស្មើគ្នា ២-២ ជាមួយជម្រើសជាតិសែប៊ី។
ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei បានជាប់កំណត់ត្រាពិភពលោកជាមួយការរកបានគ្រាប់បាល់អន្តរជាតិ ១០៩ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤៩ លើក រវាងឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៦។
កីឡាករ Ronaldo បាននិយាយថា៖ «កំណត់ត្រាទាំងអស់នឹងមានការបំបែកជាមិនខាន ហើយខ្ញុំនឹងបំបែកកំណត់ត្រានោះ»។
ព័រទុយហ្គាល់ គឺជាប្រទេសទី ១៧ ដែលបានឱកាសឡើងទៅព្រឹត្តិការណ៍ពហុម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ ដែលនឹងចាប់ផ្តើមនៅទីក្រុងរ៉ូម ប្រទេស អ៊ីតាលី នៅថ្ងៃទី ១២ ខែមិថុនាដោយចូលរួមជាមួយម្ចាស់ជើងឯកពិភពលោក គឺប្រទេស បារាំង អេស្ប៉ាញ អ៊ីតាលី និងអង់គ្លេស។
គ្រូបង្វឹកព័រទុយហ្គាល់លោក Fernando Santos បាននិយាយថា៖ «យើងមិនអាចធ្វើឲ្យការប្រកួតមានកម្រិតអស្ចារ្យទាំងអស់នោះទេ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ចំពោះកីឡាកររបស់ខ្ញុំ ព្រោះយុទ្ធនាការជម្រុះនេះមានការលំបាកជាងយើងរំពឹងទុកទៅទៀត»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងបានឡើងទៅជុំចុងក្រោយនៃព្រឹត្តិការណ៍សំខាន់នេះរយៈពេល ១១ លើកជាប់គ្នា។ អ្នកត្រូវតែជឿជាក់ចំពោះកីឡាករទាំងនេះ»។
ក្រុមព័រទុយហ្គាល់បានដឹងថា ពួកគេនឹងកក់កន្លែងរបស់ខ្លួននៅព្រឹត្តិការណ៍ Euro ២០២០ ជាមួយជ័យជម្នះ ឬតាមរយៈលទ្ធផលប្រកួតជាមួយក្រុមសែប៊ីពីការប្រកួតរបស់ពួកគេនៅក្នុងទីក្រុង Belgrade ប្រទេស សែប៊ី។
ប៉ុន្តែក្រុមព័រទុយហ្គាល់ គឺត្រូវប្រឹងប្រែងក្នុងការប្រកួតជាមួយក្រុមលុចសំបួដែលជាប់ចំណាត់ថ្នាក់ទី ៩៦ ពិភពលោក ដែលបានប្រកួតស្មើគ្នានឹងជម្រើសជាតិបារាំង ០-០ ក្នុងវគ្គជម្រុះ World Cup 2018។
ទន្ទឹមនោះដែរ ជម្រើសជាតិបារាំងជាម្ចាស់ជើងឯកពិភពលោកបានឈរនៅកំពូលតារាងនៃពូល H ខណៈកីឡាករ Corentin Tolisso និងកីឡាករ Antoine Griezmann រកបានម្នាក់ ១ គ្រាប់ជួយឲ្យបារាំងឈ្នះជម្រើសជាតិអាល់បានី ២-០ នៅទីក្រុង Tirana ប្រទេស អាល់បានី។
គ្រូបង្វឹកបារាំងលោក Didier Deschamps បាននិយាយក្រោយពីការប្រកួតលើកទី ១០០ ក្រោមការដឹកនាំរបស់គាត់ថា៖ «ខ្ញុំពិតជាជឿជាក់លើកូនក្រុមទាំងនេះ»។
គ្រូបង្វឹករូបនេះបានបន្តថា៖ «វាជាមោទនភាពផ្ទាល់ខ្លួនមួយ ប៉ុន្តែវាល្អដែលបានឃើញអ្វីដែលកូនក្រុមសម្រេចបានរួមគ្នា ហើយជួនកាល វាអាចកាន់តែលំបាកបន្តិច ជាការផ្លាស់ប្ដូរកីឡាករដែលរងរបួស ប៉ុន្តែស្មារតី គឺនៅដដែល»។
កាលពីថ្ងៃអាទិត្យនោះដែរ ជម្រើសជាតិអង់គ្លេសបានលត់ជម្រើសជាតិកូសូវ៉ូ ៤-០ នៅពេលកីឡាករ Harry Winks, Harry Kane, Marcus Rashford និង Mason Mount រកបានម្នាក់ ១ គ្រាប់ ដើម្បីធានាឲ្យអង់គ្លេសឈរនៅលើកំពូលតារាងនៃពូល A ដោយរកបាន ៣៧ គ្រាប់ គ្រាន់តែក្នុង ៨ ប្រកួតប៉ុណ្ណោះ។
គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate បាននិយាយថា៖ «យើងដឹងថា នៅតែមានការងារខ្លះទៀតត្រូវធ្វើ ប៉ុន្តែខ្ញុំមិនអាចចាប់កំហុសកីឡាករនៅក្នុងយុទ្ធនាការនេះទេ ព្រោះពួកគេមិនគួរឲ្យបារម្ភទេ»៕ AFP/SN