ប្រ៊ៃថុន៖ ខ្សែ​ប្រយុទ្ធ Mohamed Salah ស៊ុត​បញ្ចូល​ទី ​២ គ្រាប់ ពេល​ក្រុម​ជើងឯក Liverpool មាន ៩២ ​ពិន្ទុ ក្រោយ​​​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Brighton and Hove Albion ៣-១ ក្នុង​ជំនួប​នៃ​ក្របខ័ណ្ឌ ​ Premier League សប្ដាហ៍​ទី ​៣៤។


ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ក្រុម​ហង្សក្រហម​រក្សា​គោលដៅ​​ដែល​ចង់​ធ្វើ​ឲ្យ​បាន​កំណត់ត្រា​ថ្មី នៅ​ Premier League ដោយ​បញ្ចប់​រដូវកាល​ជាមួយ​នឹង​ពិន្ទុ​សរុប​ខ្ពស់​បំផុត ខណៈ​ក្រុម​​របស់​លោក​ Juergen Klopp ត្រូវ​ការ​ ៩ ពិន្ទុ ពី​ការ​ប្រកួត ៤ ​លើក​ចុង​ក្រោយ ដើម្បី​លើស​ពិន្ទុ​របស់​ក្រុម​​ Manchester City ដែល​ប្រមូល​បាន​ ១០០ ​ពិន្ទុ កាល​​​ពី​រដូវកាល ២០១៧​-២០១៨​។


គ្រប់​គ្នា​​គិត​ថា ក្រុម Liverpool សម្រាប់​ការ​ប្រកួត​នៅ​សល់​នឹង​មិន​លេង​ដូច​ត្រូវ​ការ​ជ័យជម្នះ​នោះ​ទេ ព្រោះ​ពួក​គេ​ក្លាយ​ជា​ជើងឯក​រួច​រាល់​​ហើយ តែ​មិន​ដូច្នោះ​ឡើយ​ជាក់​ស្ដែង​ដូច​ការ​​ប្រកួត​នេះ​អ៊ីចឹង ពួក​គេ​មិន​បាន​បន្ធូរបន្ថយ​ជើង​ឲ្យ​ក្រុម​គូ​ប្រជែង​ឡើយ ដោយ​ត្រឹម​តែ ៨ ​នាទី​ប៉ុណ្ណោះ មាន​ឱកាស​នាំមុខ​ដល់​ទៅ ២ ​គ្រាប់​បាត់​ទៅ​ហើយ ដោយ​គ្រាប់​ដំបូង​ស៊ុត​ដោយ​កីឡាករ Salah នាទីទី ​៦ ហើយ​គ្រាប់​ទី ​២ ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ប្រធាន​ក្រុម Jordan Henderson នាទីទី ​៨។​


ក្រុម​ម្ចាស់​ផ្ទះ​ ព្យាយាម​​រក​គ្រាប់​បាល់​វិញ ហើយ​ទី​បំផុត​មុន​ចប់​វគ្គ​ទី ​១ ពោល​គឺ​នាទីទី ​៤៥ ក៏​ទម្លុះ​សំណាញ់​ទី​បាន ដោយ​កីឡាករ Leandro Trossard។ នៅ​វគ្គ​ទី​២ ក្រុម​ទាំង ​២ ​មាន​ឱកាស​ល្អ​ៗ​ដូច​គ្នា តែ​រាល់​ការ​ស៊ុត​​​ឆ្លង​មិន​ផុត​ដៃ​របស់​អ្នក​ចាំ​ទី​ រហូត​ដល់​នាទីទី ​៧៦ ទើប​កីឡាករ​ Salah រក​ឃើញ​គ្រាប់​ទី​២ និង​ជា​គ្រាប់​​ចុង​ក្រោយ សម្រាប់​​ការ​ប្រកួត​នេះ។​


ចំណែក​រឿង​កំណត់ត្រា លោក Klopp និយាយ​ថា លោក​​មិន​ខ្វល់​ពី​ការ​បំបែក​កំណត់ត្រា​ពិន្ទុ​អ្វី​ឡើយ ដោយ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​ប្រាប់​ថា​៖ «វា​មិន​មែន​រឿង​សំខាន់​អ្វី​ចំពោះ​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ពី​រឿង​នេះ​ទេ តែ​ខ្ញុំ​ចង់​ឈ្នះ​ការ​ប្រកួត​បាល់​ទាត់។ សម្រាប់​អ្នក​កីឡា ​ទូទៅ​វា​ប្រហែល​ជា​សំខាន់។ យើង​ជា​ជើងឯក​ ហើយ​​​​យើង​​អាច​លេង​តាម​សម្រួល តែ​យើង​មិន​អាច​ធ្វើ​បែប​ហ្នឹង​ឡើយ។ កូន​ក្រុម​ទាំង​អស់​ធ្វើ​បាន​ល្អ​នៅ​គ្រប់​តំណែង​ទាំង​អស់»​។


លោក Klopp បាន​បន្ត​ទៀត​ថា​៖ «​ឥឡូវ​នេះ យើង​មាន ​៩២ ​ពិន្ទុ​ ហើយ​ឆ្នាំ​មុន​យើង​បញ្ចប់​រដូវកាល​ជាមួយ​នឹង​ ៩៧ ​ពិន្ទុ។ យើង​មាន​ ៥ ​ពិន្ទុ ច្រើន​ជាង​ពេល​នេះ​ ដែល​វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ។ ខ្ញុំ​មិន​ដឹង​ថា យើង​ធ្វើ​បាន​ដោយ​របៀប​ណា​នោះ​ទេ?​»​៕ AFP/VN​