គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ លោក Lionel Scaloni មាន​ការ​ពេញ​ចិត្ត​ទៅ​​នឹង​ការ​រីក​ចម្រើន​របស់​​ក្រុម​មួយ​នេះ ក្រោយ​ពី​អាហ្សង់ទីន​ទទួល​បាន​​លទ្ធផល​ស្មើ​គ្នា​ ក្នុង​ការ​​​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​ កាល​ពី​ថ្ងៃ​ចន្ទ​។​​​


ក្រុម​អាហ្សង់ទីន​ បាន​តាម​ពី​ក្រោយ​ទាំង ​២ ​លើក ​ដើម្បី​ស្មើ​គ្នា​ ២-២ ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ទីក្រុង​ Tel Aviv ជា​ទី​ដែល​កីឡាករ ​Lionel Messi ស៊ុត​បាល់​ពិន័យ​ចូល​យ៉ាង​ល្អ ​ដើម្បី​លុប​ចោល​គ្រាប់​បាល់​ទី ​២ ​ដែល​រក​បាន​ដោយ​​កីឡាករ​ Luis Suarez ក្រោយ​ពី​កីឡាករ​Edinson Cavani រក​បាន ​១ ​គ្រាប់​បើក​ឆាក ​ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​ Sergio Aguero រក​បាន ​១ ​គ្រាប់​វិញ ​ដើម្បី​លុប​ចោល​​ការ​នាំ​មុខ​នោះ​។​​


លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន ​បន្ត​ឈ្នះ​​ក្នុង ​៧ ​ប្រកួត ​ខណៈ​ពួក​គេ​បាន​បន្ត​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​នៃ​ព្រឹត្តិការណ៍​ World Cup 2022 ដែល​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ក្រោយ​នេះ​។​​ លោក Scaloni ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន​របស់​ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន ​បើ​ទោះ​ជា​គ្រូ​បង្វឹក​រូប​នេះ​ នៅ​តែ​សម្លឹង​​ឃើញ​ឱកាស​សម្រាប់​ការ​​ពង្រឹង​សមត្ថភាព​ក្រុម​នេះ​​ថែម​ទៀត​ក៏​ដោយ។​


​ក្រុមអ៊ុយរូហ្គាយ បាន​ព្យាយាម​បិទ​ខ្សែ​ប្រយុទ្ធ Messi ក្នុងជំនួប កាល​ពី​ថ្ងៃ​ចន្ទ។ រូប AFP


គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​តាម​​កម្រិត​លទ្ធផល​នេះ​ យើង​ពិត​ជា​ល្អ​ ប៉ុន្តែ​តាម​កម្រិត​នៃ​ការ​ប្រកួត​នេះ​ យើង​អាច​នឹង​កែ​តម្រូវ​ថែម​ទៀត​។ ​​ក្រុម​នេះ​​មាន​អារម្មណ៍​ល្អ​បំផុត​ ហើយ​រឿង​សំខាន់ ​គឺ​ថា​កីឡាករ​​យើង​​លេង​បាន​ល្អ​ ខណៈ​អ្នក​ខ្លះ​ទៀត​មាន​ការ​រីក​ចម្រើន​ និង​ខ្លះ​ទៀត​គាំទ្រ​»។​


លោក Scaloni បាន​ទទួល​ស្គាល់​ថា បញ្ហា​ប្រឈម​កំពុង​រង់ចាំ​ក្រុម​របស់​លោក ដោយ​ចាត់​ទុក​ការ​ប្រកួត​ជម្រុះ​នៃ​ពាន​រង្វាន់​ CONMEBOL ជា​ការ​ប្រកួត​លំបាក​បំផុត​ក្នុង​ពិភព​លោក​។ ​«​ឥឡូវ​យើង​ត្រូវ​គិត​ពី​អ្វី​ដែល​យើង​ធ្វើ​បាន​ល្អ​ និង​អ្វី​ដែល​យើង​អាច​កែ​តម្រូវ​ឡើង​វិញ ​ព្រោះ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​ គឺ​លំបាក​បន្តិច​ហើយ​»​។

គ្រូ​បង្វឹក​ដដែល​នេះ​បាន​បន្ត​ថា៖ «​ខ្ញុំ​បាន​និយាយ​ជាមួយ​មនុស្ស​មក​ពី​ប្រទេស ​អ៊ុយរូហ្គាយ​ ហើយ​​វា​នឹង​លំបាក ​នៅ​ក្នុង​វគ្គ​ជម្រុះ​នេះ​ ព្រោះ​ការ​ប្រកួត​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​នេះ​ គឺ​លំបាក​បំផុត​ក្នុង​ពិភព​លោក​។ ទោះ​បីជា​យ៉ាង​ណា ​យើង​មាន​មូលដ្ឋាន​ល្អ​»៕ AFP/SN