អាហ្សង់ទីន៖ គ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni សង្ឃឹមថា Copa America ឆ្នាំ ២០២០ គឺមិនមែនជាព្រឹត្តិការណ៍ចុងក្រោយរបស់ខ្សែប្រយុទ្ធ Lionel Messi ខណៈរូបគេកំពុងសម្លឹងឃើញជោគជ័យជាមួយជម្រើសជាតិអាហ្សង់ទីន។
ជម្រើសជាតិអាហ្សង់ទីននឹងប្រកួតបើកឆាកជាមួយជម្រើសជាតិស៊ីលីនៅឯកីឡដ្ឋាន El Monumental ក្នុងព្រឹត្តិការណ៍នេះ ដែលនឹងធ្វើនៅឆ្នាំក្រោយនៅថ្ងៃទី ១២ ខែមិថុនា។
លោក Scaloni សង្ឃឹមថា ខ្សែប្រយុទ្ធ Messi អាយុ ៣២ ឆ្នាំ ដែលនៅមានបំណងឈ្នះពានរង្វាន់អន្តរជាតិលើកដំបូងរបស់ខ្លួននោះនឹងអាចរីករាយក្នុងការប្រកួតបាល់ទាត់លើសពីព្រឹត្តិការណ៍ Copa 2020 នេះ។
គ្រូបង្វឹកអាហ្សង់ទីនរូបនេះបានប្រាប់ក្រុមអ្នកកាសែតថា៖ «ខ្ញុំមិនដឹងថា តើវានឹងជាព្រឹត្តិការណ៍ចុងក្រោយរបស់គាត់ ឬយ៉ាងណាទេ ប៉ុន្តែសង្ឃឹមថា វានឹងមិនមែនទៅចុះ»។
លោក Scaloni បានបន្ថែមថា៖ «ជម្រើសជាតិអាហ្សង់ទីនត្រូវការពានរង្វាន់ដោយមិនអាចខ្វះគាត់បានឡើយ ហើយយើងសង្ឃឹមថា នឹងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែយើងមិនទាន់ហ៊ានសន្យាអ្វីទាំងអស់»។
ក្រុមអាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ Copa ចុងក្រោយនៅឆ្នាំ ១៩៩៣ នោះ ក៏នឹងត្រូវប្រឈមមុខនឹងជម្រើសជាតិអ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ អូស្ត្រាលី និងបូលីវីនៅក្នុងពូល A ក្រោយពីជំនួបបើកឆាកជាមួយក្រុមស៊ីលី រួចហើយផងដែរ។
ក្រុមអាហ្សង់ទីនបានប្រកួតឈ្នះក្រុមស៊ីលីដណ្ដើមយកលេខ ៣ នៅឆ្នាំនេះ ក្នុងការប្រកួតមួយដែលឃើញកីឡាករ Messi និង Gary Medel ត្រូវបានបណ្ដេញចេញពីទីលានប្រកួត។
គ្រូបង្វឹករូបនេះបាននិយាយថា៖ «វាជាការប្រកួតល្អមួយដែលត្រូវចាប់ផ្ដើម។ គ្រប់គ្នានឹងមានការលំបាកព្រោះការប្រកួតនេះតែងតែលំបាក ប៉ុន្តែនេះមានអារម្មណ៍ពិសេសមួយ»។
លោក Scaloni បានបន្ថែមទៀតថា៖ «ក្រុមស៊ីលីតែងតែលំបាកសម្រាប់ក្រុមអាហ្សង់ទីនជាពិសេសក្នុងរយៈពេលថ្មីៗនេះ ហើយវាលំបាកមែនប៉ុន្តែយើងជាក្រុមល្អមួយ»៕ AFP/SN