អាមេរិកៈ កីឡាករ​បាល់បោះ Ben Simmons ដែល​ទើប​តែ​ចុះ​កុងត្រា​ជាថ្មី​រយៈពេល​ ៥ ​ឆ្នាំ​ក្នុង​តម្លៃ​ ១៧០ ​លាន​ដុល្លារ​អាមេរិក​ជាមួយ​ក្លិប Philadelphia 76ers នោះ​បាន​បញ្ជាក់ពី​ថ្ងៃ​អង្គារ​ថា រូបគេ​នឹង​មិន​បាន​លេង​ឲ្យ​ជម្រើសជាតិ​អូស្ត្រាលី​នៅ World Cup នោះទេ​។


តារា​បាល់បោះ​សញ្ជាតិ​អូស្ត្រាលី​រូបនេះ​និយាយ​តាម Twitter ថា​រូបគាត់​នឹង​មិន​ទៅ​ចូលរួម​ប្រកួត​ជើងឯក FIBA ដែល​រៀបចំ​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​ ៣១ ខែ​សីហា​នោះ​ឡើយ​។


កីឡាករ Simmons និយាយ​ថា​៖ «​ខ្ញុំ​សូម​ប្រាប់​អ្នក​គ្រប់​គ្នា​ថា ក្រោយពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​របស់​ខ្ញុំ​ហើយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទាំង​បង្ខំ​ក្នុង​ការមិន​ទៅ​ចូលរួម​ការប្រកួត​នៅ World Cup នៅ​ប្រទេស​ចិន​»​។


កីឡាករ​រូបនេះ​បន្ត​ថា​៖ «​យើង​បាន​សម្រេចចិត្ត​ថា​វា​ល្អ​បំផុត​ដែល​ប្រើ​ពេលវេលា​នៅ​ខែ​កញ្ញា ដើម្បី​ត្រឡប់​ទៅ​រដ្ឋ Philadephia ដើម្បី​សម្រប​ខ្លួន​នឹង​មិត្ត​រួម​ក្រុម​ថ្មី និង​ត្រៀមខ្លួន​សម្រាប់​រដូវកាល NBA នៅពេល​ខាង​មុខ​ផង​ដែរ​។


តំណាង​របស់ Simmons លោក Rich Paul បាន​ប្រាប់ ESPN រួច​ហើយ​ពី​ថ្ងៃ​សៅរ៍​ថា កីឡាករ Simmons នឹង​មិន​បាន​លេង​ឲ្យ​ជម្រើស​ជាតិ​អូស្ត្រាលី​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ទេ បើ​ទោះ​ជា​កីឡាករ​វ័យ​ ២២ ​ឆ្នាំ​រូបនេះ​បាន​និយាយ​ពី​ខែ​ឧសភា​ថា រូបគេ​ទន្ទឹង​រង់ចាំ​ការប្រកួត​តំណាង​ឲ្យ​ប្រទេស​របស់​រូបគេ​ក្ដី​។


Simmons និយាយ​យោង​ទៅ​រក​ការប្រកួត​មិត្តភាព​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​ ២២ ​ដល់​ ២៤ ខែ​សីហា នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​ថា​៖ «​ខ្ញុំ​នឹង​ត្រឡប់​មក​អូស្ត្រាលី​វិញ​ដើម្បី​រៀបចំ​ជំរំ ហ្វឹកហាត់ និង​លេង​ជាមួយ​ជម្រើស​ជាតិ​អូស្ត្រាលី​នៅក្នុង​ការប្រកួត​តាំងពិព័រណ៍​នៅពេល​ខាង​មុខ​»​។

កីឡាករ​រូបនេះ​បន្ថែម​ថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ចិត្ត​ណាស់​ពី​ទេពកោសល្យ​ដែល​យើង​បាន​បង្កើត​ឡើង​ជា​មួយ​ក្រុម​ជម្រើសជាតិ​នេះ​ជាពិសេស​គឺ​ការរំពឹង​ដល់​ការ​ខិតជិត​ដល់​ឆ្នាំ​ ២០២០ ​ដែល​ខ្ញុំ​នឹង​មាន​កិត្តិយស​ធ្វើ​ជា​តំណាង​ប្រទេស​ខ្ញុំ​នៅលើ​ឆាក​ប្រកួត​កីឡា​ធំ​បំផុត​ក្នុង​ពិភពលោក​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ទីក្រុង​តូក្យូ​»​។

កីឡាករ Simmons ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​លេខ​ ១ ​នៅ​ឆ្នាំ​ ២០១៦ ហើយ​ក្រោយពី​រងរបួស​មក រូបគេ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​រដូវកាល​ក្របខ័ណ្ឌ NBA ​ឆ្នាំ​ ២០១៦-១៧ ​នោះ​ទេ ប៉ុន្តែ​រូបគេ​បាន​ទទួល​ពានរង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៧-១៨​។

កីឡាករ​រូបនេះ​បាន​ពិន្ទុ​គិត​ជា​មធ្យម​គឺ​រក​គ្រាប់​បាល​បាន ១៦,៩ បោះ​មិន​ចូល ៨.៨ និង​បោះ​ឲ្យ​អ្នក​ផ្សេង​បញ្ចូល​កន្ត្រក ៧.៧ សម្រាប់​ក្លិប 76ers កាលពី​រដូវកាល​មុន​ជា​ពេល​រូបគេ​បាន​ទទួល​ពានរង្វាន់ NBA All-Star ជា​លើក​ដំបូង​៕ SN