Spurs ទំនងអាចពិភាក្សារឿងផ្ទេរ ក្រោយ Bale ធ្វើបានហ៊ែតទ្រិក

ក្រុងឡុងដ៍: លោក Ryan Mason ដែលជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុម TottenhamHotspur (Spurs) បានបញ្ជាក់ជាថ្មីម្តងទៀតថា ការចរចាណាមួយរវាងក្លិប និងកីឡាករខ្ចីជើង Gareth Bale នឹងមិនកើតឡើងឡើយ នៅមុនដំណាច់រដូវកាលនេះ បន្ទាប់ពីកីឡាកររូបនេះបង្ហាញនូវទម្រង់លេងយ៉ាងអស្ចារ្យ ដោយការស៊ុតបញ្ចូលទីបាន ៣ គ្រាប់ (ហ៊ែតទ្រិក)។
ខ្សែប្រយុទ្ធ Bale ដែលស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមយក្ស Real Madrid នៅក្របខ័ណ្ឌ LaLiga ធ្វើបានយ៉ាងល្អប្រសើរនូវការស៊ុតបញ្ចូលទីបន្តបន្ទាប់របស់ខ្លួន ដែលមានចំនួន ៨ គ្រាប់ ពីការចូលលេង ៨ ហ្គេម នៅក្របខ័ណ្ឌ Premier League ហើយ ៣ គ្រាប់ចុងក្រោយនេះ កើតឡើងក្នុងជ័យជម្នះ ៤-០ របស់ Spurs លើក្រុមធ្លាក់ទៅលីគទី២ រួចហើយ Sheffield United។
នៅមុននេះ ខ្សែប្រយុទ្ធសញ្ជាតិវេលល៍ Bale បានធ្វើការបញ្ជាក់ឱ្យដឹងថា រូបគេនឹងត្រឡប់ទៅកាន់ក្រុងម៉ាឌ្រីដវិញនារដូវកាលក្រោយ ដែលនៅទីនោះ គេមានកុងត្រារហូតដល់ពាក់កណ្ដាលឆ្នាំ ២០២២ តែការមានទម្រង់លេង ដូចកាលពីថ្ងៃអាទិត្យនេះ ប្រហែលជាក្រុម Spurs ដូរគោលដៅរបស់ខ្លួន ដោយធ្វើយ៉ាងណារក្សារូបគេឱ្យបាន។
តែយ៉ាងណាសម្រាប់គ្រូបង្វឹក លោក Mason បានប្រាប់ថា៖ «ខ្ញុំយល់ថា នោះគឺការចរចានៅដំណាច់រដូវកាលរវាង Gareth (Bale) ក្លិប និងក្លិបអាណាព្យាបាលរបស់គេ។ រីឯការផ្ដោតអារម្មណ៍ និងអាទិភាពជាចម្បងរបស់ពួកយើង គឺការប្រកួតនាពេលបន្ទាប់»។
គ្រូបង្វឹកបណ្ដោះអាសន្នរូបនេះ បានបន្ថែមថា៖ «ស្ដាប់ទៅដូចជាពាក្យសម្ដីដោះសា តែវាជាការពិត។ ខ្ញុំរីករាយ ដែលគេរីករាយ។ ខ្ញុំយល់ថា ការសម្រេចចិត្តនាពេលនេះ និងអាទិភាពចម្បង គឺ Gareth ត្រៀមខ្លួនហ្វឹកហាត់ ហើយគេរីករាយក្នុងការហ្វឹកហាត់»។
កីឡាករ Bale ស៊ុតហ៊ែតទ្រិកបានចំនួន ៧ ដងហើយ ក្នុងការប្រកបអាជីពជាមួយក្លិបរបស់គេ ក្នុងនោះ ៣ ដង ធ្វើបានជាមួយក្រុម Spurs នេះ ខណៈ ៤ ដង ជាមួយក្រុម Real។ រូបគេបានក្លាយជាកីឡាករសញ្ជាតិវេលល៍ទី៦ ដែលស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ នៅ Premier League ហើយជាអ្នកទី១ គិតតាំងពីខ្សែប្រយុទ្ធ Craig Bellamy ធ្វើបានដល់ចំនួនហ្នឹង កាលពីខែធ្នូ ឆ្នាំ ២០០៦៕AFP/VN







