ក្រុង​ឡុងដ៍៖ ក្រុម​ Tottenham Hotspur (Spurs) ​ហក់​ឡើង​ទៅ​ឈរ​​ទី​កំពូល​តារាង​ពិន្ទុ​ក្របខ័ណ្ឌ Premier League អង់គ្លេស ជាមួយ​នឹង​ជ័យជម្នះ​ដ៏​គួរ​ឱ្យ​រំភើប​លើ​​ក្រុម​ Manchester City ២-០ ខណៈ​ក្រុម Chelsea រំកិល​ខ្លួន​ទៅ​លេខ ២ ក្រោយ​​ឈ្នះ​ Newcastle អំឡុង​ការ​ប្រកួត កាល​ពី​ថ្ងៃ​សៅរ៍​។


ស្រប​ពេល​​​ Leicester City ដែល​អាច​ឡើង​​ទៅ​លេខ ១ បើ​ឈ្នះ​នៅ​ផ្ទះ Liverpool ពេល​ប៉ះ​​គ្នា​នៅ​ថ្ងៃ​អាទិត្យ Spurs ក៏​​ឆ្លៀត​ឱកាស​ឈរ​តំណែង​នេះ​បណ្ដោះ​អាសន្ន​សិន ដែល​វា​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៦ ​ឆ្នាំ ខណៈ​គ្រាប់​បាល់​របស់ Son Heung-min និង Giovani Lo Celso បាន​ជូន​ដំណើរ​ Man City ពេល​ចាកចេញ​ពី​កីឡដ្ឋាន Tottenham Hotspur ជាមួយ​នឹង​ការ​ខក​ចិត្ត​។

ការ​ប្រកួត​រវាង​ក្រុម​ទាំង ២​ នៅ​សប្ដាហ៍​ទី​៩ នេះ បាន​តែ ៥ នាទី​ប៉ុណ្ណោះ ក្រុម​ម្ចាស់​ផ្ទះ​ Spurs ​នាំ​មុខ​បាត់​ទៅ​ហើយ ពេល​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង Son រត់​សំដៅ​ទៅ​រក​បាល់ ដែល​បញ្ជូន​ដោយ​បំប្លោង​ពី​កីឡាករ Tanguy Ndombele ហើយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី១១ សម្រាប់​រដូវកាល​នេះ​យ៉ាង​អស្ចារ្យ​។


ក្រុម Man City របស់​លោក Pep Guardiola (Pep) គ្រប់គ្រង​បាល់​ច្រើន​ជាង​ក្រុម​របស់​លោក Jose Mourinho តែ​ពិបាក​ក្នុង​ការ​រក​ចន្លោះ​ទម្លុះ​សំណាញ់​ទី ហើយ​ជា​ថ្មី​ម្ដង​ទៀត​មិន​អាច​រារាំង​គ្រាប់​ទី២ ​របស់​កីឡាករ​បម្រុង Lo Celso​។


ជា​កាដូ​សម្រាប់​ថ្ងៃ​ដែល​លោក Mourinho ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​គម្រប់ ១ ឆ្នាំ Spurs ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ការ​លេង​មិន​ចាញ់​សោះ​​រហូត​ដល់​ទៅ ៨ ​លើក សម្រាប់​ការ​ប្រកួត​ក្នុង​លីគ​កំពូល​នេះ គិត​តាំង​ពី​ចាញ់​ក្រុម​ Everton នៅ​ថ្ងៃ​បើក​ឆាក ដោយ​លទ្ធផល​នេះ បាន​បង្កើន​នូវ​ក្ដី​សង្ឃឹម​រឹត​តែ​ខ្ពស់​ក្នុង​ការ​មាន​សិទ្ធិ​​ប្រជែង​ពាន​យ៉ាង​ពិត​ប្រាកដ​។


គ្រូ​បង្វឹក​របស់​ក្រុម Spurs ​លោក Mourinho ថ្លែង​ថា​៖ «​កីឡាករ​ទាំង​អស់​ផ្ដល់​គ្រប់​យ៉ាង និង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​។ ពួក​គេ​ធ្វើ​បាន​ល្អ​។ យើង​រក​ឃើញ​ចង្វាក់​នៃ​ការ​លេង ហើយ​ប្រសើរ​ណាស់​ដែល​ឃើញ​ការ​លេង​តាម​វិធី​របស់​ពួក​គេ​»​។

Spurs ដែល​ឈ្នះ​ពាន​លីគ​កំពូល​​ចុង​ក្រោយ ក្នុង​ឆ្នាំ ​១៩៦១ កំពុង​នាំ​មុខ Chelsea ២ ​ពិន្ទុ មុន​ក្រុម​ទាំង ២ ​ត្រូវ​ត​ទល់​គ្នា​នៅ​ចុង​សប្ដាហ៍​ក្រោយ រី​ឯ​ក្រុម Man City ធ្លាក់​ទៅ​លេខ ១១ ដោយ​តាម​ក្រុម​លេខ ១ ដល់​ទៅ ៨ ពិន្ទុ តែ​សល់ ១ ប្រកួត​ក្នុង​ដៃ​។

អ្នក​ចាត់​ការ​ក្រុម Man City លោក Pep និយាយ​ថា​៖ «​យើង​មាន​ឱកាស​ច្រើន​ជាង​ពួក​គេ តែ​យើង​ចាញ់​។ ក្រុម​របស់​លោក Mourinho គឺ​អ៊ីចឹង ពោល​គឺ​បើ​អ្នក​បង្កើត​នូវ​កំហុស នោះ​ដៃ​គូ​ប្រយុទ្ធ​របស់​ពួក​គេ នឹង​ផ្ដល់​មេរៀន​ឱ្យ​អ្នក​ភ្លាមៗ​»​។

ចំណែក​ក្រុម​លេខ ២ Chelsea នៅ​បន្ត​រក្សា​ទម្រង់​លេង​ដ៏​ល្អ​​ទៀត ខណៈ​គ្រាប់​បាល់ ដែល​ធ្វើ​​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Federico Fernandez នៅ​វគ្គ​ទី១ និង​ការ​ស៊ុត​បញ្ចូល​ទី​ពី​​ Tammy Abraham នៅ​វគ្គ​ទី ២ បាន​ជួយ​ឱ្យ​ក្រុម​របស់​លោក Frank Lampard ឈ្នះ ២-០ អំឡុង​ប្រកួត​នៅ​កីឡដ្ឋាន St James'' Park របស់​ក្រុម Newcastle​។

ជ័យជម្នះ​នេះ​ ធ្វើ​ឱ្យ​ក្រុម Chelsea អត់​ចាញ់ ៩ ​លើក ក្នុង​ការ​ប្រកួត​នៅ​គ្រប់​កម្មវិធី​ទាំង​អស់​ក្នុង​នោះ​អត់​ទាន់​ស្គាល់​ពាក្យ​ថា បរាជ័យ​នោះ​ឡើយ សម្រាប់​ ៦ ​ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ ហើយ​នេះ ក៏​ជា​ការ​បង្ហាញ​ថា ពួក​គេ​កំពុង​​ធ្វើ​ដំណើរលើ​ផ្លូវ​ដ៏​ល្អ​ឥត​ខ្ចោះ​ ដើម្បី​ប្រជែង​ពាន​ដែរ​៕ AFP/VN