អាមេរិកៈ អ្នកប្រដាល់ Keith Thurman បានព្រមានពីថ្ងៃអង្គារថារូបគេនឹងបំបាក់ភាពខ្លាំង និងវីរភាពរបស់អ្នកប្រដាល់សកលហ្វីលីពីន Many Pacquiao នៅពេលកីឡាករកម្រិតទម្ងន់ក្រោមមធ្យមទាំង ២ នេះជួបគ្នានៅសង្វៀនក្នុងទីក្រុង Los Angeles រដ្ឋ Las Vegas សហរដ្ឋអាមេរិកនៅក្នុងខែនេះ។
អ្នកប្រដាល់មិនធ្លាប់ស្គាល់ចាញ់ Thurman នឹងដាក់ខ្សែក្រវាត់សមាគមប្រដាល់ពិភពលោក (WBA) របស់គេក្នុងការប្រកួតជាមួយ Pacquiao អាយុ ៤០ ឆ្នាំនៅថ្ងៃទី ២០ ខែកក្កដា (នៅកម្ពុជាថ្ងៃទី ២១) នៅសង្វៀន MGM Grand។
Thurman អាយុ ៣០ ឆ្នាំអន្ទះសាខ្លាំងចំពោះការប្រកួតនេះដោយនិយាយថា គាត់ចង់ឲ្យ Pacquiao ចូលនិត្តន៍ទាំងអស់ចិត្ត។
កាលពីថ្ងៃអង្គារ Thurman បាននិយាយបែបគោរពបំផុតមួយប្រាប់ Pacquiao ជាម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ ស្ថាប័នដែលនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេបំផុតក្នុងវិស័យប្រដាល់សកល ខណៈកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតលើកទី ៧១ នៅក្នុងអាជីពប្រដាល់រយៈពេល ២ ទសវត្សរ៍របស់គាត់។
Thurman និយាយថារូបគេមានផែនការវាយសម្រុកយ៉ាងខ្លាំងនៅក្នុងការប្រកួតលើកនេះដើម្បីដណ្ដើមយកជ័យជម្នះឲ្យខាងតែបានដ៏អស្ចារ្យមួយ។
Thurman បានបញ្ជាក់តាមទូរស័ព្ទថា៖ «នេះជាឱកាសតែម្ដងគត់ក្នុងជីវិតរបស់ខ្ញុំក្នុងការកម្ទេចវីរបុរសម្នាក់ដើម្បីបង្កើតវីរភាពផ្ទាល់របស់ខ្ញុំ»។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបន្តថា៖ «ប្រសិនបើ Many Pacquiao ពិតជាបានផ្ដួលខ្ញុំមែន នោះគាត់ជាអ្នកខ្លាំងបំផុតហើយ ហើយខ្ញុំនឹងចាប់ដៃគាត់នៅក្រោយការប្រកួតនេះដើម្បីស្វាគមន៍ និងអបអរគាត់»។
កីឡាកររូបនេះបន្ថែមថា៖ «ប៉ុន្តែវាអាចអ្វីផ្សេងទៀតព្រោះពេលនេះអ្នកកំពុងឡើងលើសង្វៀនប្រកួតជាមួយ Thurman ដ៏កាចសាហាវបំផុតម្នាក់នៅលើសង្វៀន»។
Thurman ចាត់ទុកការប្រកួតនេះថាជាឱកាសរបស់ខ្លួនដើម្បីទទួលបានជ័យជម្នះទៅលើវីរបុរសប្រដាល់ម្នាក់នៅប្រទេសហ្វីលីពីនដែលមានប្រវត្តិប្រកួត ៧០ លើកក្នុងនោះឈ្នះ ៦១ លើកចាញ់ ៧ លើក និង ស្មើ ២ លើកព្រមទាំងផ្ដួលដៃគូឲ្យសន្លប់ ៣៩ លើកផងដែរ។
កីឡាករ Thurman បានបន្ថែមថា៖ «នេះជាការប្រកួតជាមួយ Manny Pacquiao ដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍កាន់តែខ្លាំងព្រោះខ្ញុំនឹងបានប្រើកណ្ដាប់ដៃរបស់ខ្ញុំធ្វើឲ្យកក្រើកសង្វៀននៅរាត្រីនោះឲ្យវាណាណីម្ដង»។
កីឡាករ Thurman ជាមួយប្រវត្តិប្រកួត ២៩ លើកមិនធ្លាប់ចាញ់ និងស្មើព្រមទាំងផ្ដួលដៃគូឲ្យសន្លប់ ២២ លើកនេះបានប្រកួតចុងក្រោយឈ្នះកីឡាករ Josesito Lopez កាលពីខែមករាដូចគ្នានឹង Pacquiao ដែលបានប្រកួតចុងក្រោយឈ្នះកីឡាករ Adrien Broner នៅក្នុងខែនោះដែរ។
Thurman បាននិយាយថា៖ «គាត់ចង់បង្ហាញពីភាពអស្ចារ្យរបស់គាត់ ហើយគាត់នៅតែចង់បានភាពអស្ចារ្យនោះនៅក្នុងអាយុ ៤០ ឆ្នាំរបស់គាត់វាគួរឲ្យសរសើរមែនទែន»។
Thurman បន្ថែមថា៖ «ខ្ញុំចាប់អារម្មណ៍ចំពោះបច្ចេកទេសប្រកួតរបស់គាត់ជាមួយ Adrien Broner។ ក្រោយពីមើលការប្រកួតនោះហើយ ខ្ញុំចាប់ផ្ដើមរត់ហ្វឹកហាត់នៅតាមផ្លូវជារៀងរាល់ព្រឹកព្រោះខ្ញុំទើបតែឃើញបុរសវ័យ ៤០ ឆ្នាំវាយសន្ធប់ទៅលើបុរសក្មេងជាងខ្លួន ដែលពេលនោះ Pacquiao បានវាយចេញជាច្រើន ហើយពេលនេះគាត់ចង់ធ្វើបែបនោះទៀត»។
Thurman បន្ថែមថា៖ «ខ្ញុំក៏ចង់ធ្វើបែបនោះច្រើនដែរ ហើយនៅថ្ងៃទី ២០ ខ្ញុំចង់បង្ហាញឲ្យអ្នកឃើញថែមទៀត»៕ SN