ក្រុង​ឡុងដ៍៖ កីឡាករ​វាយ​កូន​បាល់​ Stefanos Tsitsipas បាន​វាយ​បក​ឈ្នះ​កីឡាករ​ Dominic Thiem ដើម្បី​ឈ្នះ​ពាន​រង្វាន់​ ATP Finals កាល​ពី​ថ្ងៃ​អាទិត្យ​ ​ធ្វើ​ឲ្យ​រូប​គាត់​ក្លាយ​ជា​កីឡាករ​នាំ​មុខ​គេ​សម្រាប់​​អ្នក​​ជំនាន់​ក្រោយ​​នៃ​កំពូល​តារា​​ពិភព​លោក​។


កីឡាករ​ក្រិក​អាយុ ​២១ ​ឆ្នាំ ​ដែល​បាន​ឈ្នះ​ ៦-៧​ (៦/៨),​ ៦-២, ​៧-៦ (៧/៤) នោះ​ គឺ​ជា​ម្ចាស់​ជើងឯក​ក្មេង​ជាង​គេ​ចាប់​តាំង​ពី​កីឡាករ​ Lleyton​ ​Hewitt ​ធ្លាប់​សម្រេច​បាន​បែប​នេះ​នៅ​ក្នុង​ឆ្នាំ​ ២០០១​ ​និង​ជា​ជើងឯក​លើក​ទី​ ៤ ​នៅ​ព្រឹត្តិការណ៍​បញ្ចប់​រដូវកាល​នេះ​​ជា​​ច្រើន​​ឆ្នាំ​មក​ហើយ​។


នេះ​ជា​ពាន​រង្វាន់​លើក​ទី ​៣ ​របស់​កីឡាករ​ Tsitsipas នៅ​រដូវកាល​នេះ​ និង​បាន​កើត​ឡើង ​១ ​ឆ្នាំ ​បន្ទាប់​ពី​រូប​គាត់​បាន​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​នៅ​ព្រឹត្តិការណ៍​ Next Gen ATP Finals នៅ​ទីក្រុង​ Milan ប្រទេស អ៊ីតាលី​។​


កីឡាករ​រូប​នេះ​បាន​ធ្វើ​ឱ្យ​ហ្វូង​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ទីលាន​ O2 ​Arena​ ក្នុង​ទីក្រុង​ឡុង​ដ៍​ពេញ ​១ សប្តាហ៍ ​ហើយ​បាន​ទទួល​កៅអី​របស់​គាត់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​នឹង​ជ័យ​ជម្នះ​ជាប់ៗ​គ្នា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​​នឹង​​ម្ចាស់​ជើងឯក​ ៦ សម័យ​កាល​​ Roger Federer​។


កីឡាករ​ Tsitsipas ​បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​អាច​បញ្ជាក់​ពី​អារម្មណ៍​របស់​ខ្ញុំ​ឥឡូវ​នេះ​ទេ​។ វា​ពិត​ជា​អស្ចារ្យ​ដែល​ត្រូវ​បាន​គេ​ចងចាំ​ថា​ ជា​ម្ចាស់​ជើងឯក​ឆ្នាំ ​២០១៩​ ហើយ​វា​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​មួយ​ និង​ជា​វិធី​ល្អ​បំផុត ​ដើម្បី​​បញ្ចប់​ការ​ប្រកួត​នេះ​»​។


កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពិត​ជា​ភ័យ​នៅ​ចំណុច​ខ្លះ​នៅ​ក្នុង​ការ​ប្រកួត​នេះ ​ប៉ុន្តែ​ខ្ញុំ​អាច​​គ្រប់គ្រង​អារម្មណ៍​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​នៅ​ក្នុង​ការ​ប្រកួត​ដ៏​តឹងតែង​នេះ​»។​​

កីឡាករ​ក្រិក​រូប​នេះ​បាន​បន្ត​ថា៖ «​ស្មារតី​ប្រកួត​របស់​ខ្ញុំ ​គឺ​តែងតែ​ព្យាយាម​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​ធ្វើ​បាន​កាន់​តែ​​ល្អ​រហូត​សម្រេច​បាន​ជោគជ័យ​បែប​នេះ​»។​​

បរាជ័យ ​គឺ​ជា​ការ​ខក​ចិត្ត​ដ៏​ជូរ​ចត់​មួយ​សម្រាប់​កីឡាករ​ Thiem ដែល​បាន​ឈ្នះ​ពាន​រង្វាន់ ​៥ ​លើក ​នៅ​ឆ្នាំ​នេះ​រួម​ទាំង​ពាន​រង្វាន់​ Indian Wells Masters ផង​ដែរ​ និង​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ French Open ជាប់​គ្នា ​២ ​លើក​។

មាន​ជម្រើស​តិចតួច​ណាស់​រវាង​កីឡាករ​ Tsitsipas ជាប់​ចំណាត់​ថ្នាក់​ទី ៦ ពិភព​លោក​ និង​កីឡាករ​អូទ្រីស​​​ Thiem ជាប់​លំដាប់​​លេខ ​៥​ ពិភព​លោក​នៅ​ក្នុង​សិត​ទី ​១ ខណៈ​ពិន្ទុ​កាត់​សេចក្ដី​ចំនួន ​៥ ​បាន​ប្រកៀក​ប្រកិត​គ្នា​​។​

កីឡាករ​ទាំង ​២ ​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​ការ​វាយ​សឺវីស​ក្នុង​ការ​ប្រកួត​នេះ​ជា​ពិសេស​ គឺ​កីឡាករ​ Tsitsipas ដែល​បាន​វាយ​សឺវីស​ឈ្នះ ​៤៤ ​លើក ​ក្នុង​ចំណោម​សឺវីស ​៤៧ ​លើក ​ដែល​ធ្វើ​ឲ្យ​រូប​គាត់​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។​

នៅ​ក្នុង​ការ​ប្រកួត​កាត់​សេចក្ដី​​នោះ​ កីឡាករ​ Tsitsipas ​បាន​សង្គ្រោះ ​១ ​ពិន្ទុ ​ក្នុង​លទ្ធផល​ ៥/៦​ ប៉ុន្តែ​កីឡាករ​ Thiem ទទួល​បាន​ពិន្ទុ​សិត​ ២ លើក​របស់​ខ្លួន​ជា​មួយ​ការ​វាយ​​សឺវីស​​យ៉ាង​ខ្លាំង ដោយ​​បាន​ធ្វើ​ឲ្យ​កីឡាករ​ក្រិក​រូប​នេះ​​បាន​វាយ​បក​ទៅ​វិញ​​ ដោយ​ទាក់​នឹង​សំណាញ់​ទី​​៕ AFP/SN