ក្រុង​ប៉ារីស: អស់​រយៈ​ពេល ៤ ​ខែ​ហើយ បន្ទាប់​ពី​ការ​ប្រកួត​ចុង​ក្រោយ​នៅ​​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ ៨ ក្រុម​ចុង​ក្រោយ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ចំ​ពេល​មាន​ភាព​មិន​ច្បាស់​លាស់​ ដែល​នៅ​តែបន្តថា តើ​វា​នឹង​មាន​សុវត្ថិ​ភាព​យ៉ាង​ដូច​ម្តេចក្នុង​ការ​បញ្ចប់​ការ​ប្រកួត​ប្រជែងនៅ​លីស​បោនដូច​​គ្រោង​ទុក ហើយ​ដោយ​មាន​​ការ​ប្រកួត​ចំនួន ៤ ក្នុង​វគ្គ ១៦ ក្រុមចុងក្រោយនៅតែត្រូវ​លេង​បញ្ចប់។


នៅ​ថ្ងៃ​ទី​ ១១ ខែ​មីនា ដែល​ក្រុម Paris Saint-Germain (PSG) បាន​យក​ឈ្នះ​ក្រុម Borussia Dortmund ២-០ ក្នុង​ការ​ប្រកួត​បិទ​ទ្វារ ដើម្បី​ទទួល​បាន​សិទ្ធិ​ឡើង​ទៅ​វគ្គ ៨ ​ក្រុម​ចុង​ក្រោយជា​លើក​ដំបូង ក្នុង​រយៈ​ពេល ៤ ឆ្នាំ ហើយ​កីឡាករ​របស់​ក្រុម ​បាន​អប​អរ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​អ្នក​គាំ​ទ្រ​ដ៏​រីក​រាយ ដែល​ប្រមូល​ផ្តុំ​គ្នានៅ​​ក្រៅ​កីឡដ្ឋាន Parc des Princes។

នៅ​យប់​ដដែល ក្រុម​ជើង​ឯក​ចាស់​ Liverpool ត្រូវ​បាន​ទម្លាក់​ដោយ​ក្រុម Atletico Madrid នៅ​ចំពោះ​មុខ​អ្នក​គាំ​ទ្រ​ចំនួន ៥២ ០០០ នាក់ នា​កីឡដ្ឋាន Anfield ដែល​ជា​ការ​ប្រមូល​ផ្តុំ​ដ៏​ធំ​មួយ ដែល​អ្នក​វិទ្យា​សាស្ត្រចក្រភពអង់​គ្លេស ក្រោយ​មកបាន​និយាយ​ថា ការ​ជួប​ជុំ​នេះបាន​​ជួយ​ពន្លឿន​ការ​រីក​រាល​ដាល​នៃ​វី​រុស​កូរ៉ូណា។


ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ បាល់​ទាត់​នៅ​ទូ​ទាំង​ទ្វីប​អឺរ៉ុបត្រូវ​បាន​ផ្អាក ហើយ​រហូត​ដល់​​ពាក់​កណ្តាល​ខែ​មិថុនា​ ទើប​សហ​ព័ន្ធ​បាល់​ទាត់​អឺរ៉ុប UEFA អាច​បង្ហាញ​នូវ​វិធី​បញ្ចប់​ការ​ប្រកួត​ដ៏មាន​តម្លៃ​នេះ ដែល​ផ្នែក​ជួយ​​ជំរុញ​សេដ្ឋ​កិច្ច​ដ៏​សំខាន់​សម្រាប់​ស្ថាប័ន​​គ្រប់​គ្រង​បាល់​ទាត់​របស់​អឺរ៉ុប ​មុន​ពេល​មាន​រោគ​រាត​ត្បាត​នេះ ដោយ​វា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ប្រាក់​ចំណូល​ពាណិជ្ជ​កម្ម​សរុប​ពី​ការ​ប្រកួត​ នៅ​រដូវ​កាល​នេះ នឹង​មាន​ចំនួន ៣,២៥ ពាន់លាន​អឺរ៉ូ (៣,៦៩​ ពាន់​លាន​ដុល្លារ)​។


ដូច្នេះ ផែន​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​នៃ​ប្រទេស​ព័រទុយហ្គាល់ សម្រាប់​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដែល​ធ្វើឡើង​តែ​ម្ដង ខុស​ពី​រូបមន្ត​ចាស់ ដែល​មាន ២ ដង នឹង​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១២ ខែ​សីហា ហើយ​បញ្ចប់​ជាមួយ​នឹង​​វគ្គ​ផ្តាច់​ព្រ័ត្រ ​នៅឯកីឡដ្ឋាន Estadio da Luz របស់​ក្រុម Benfica នៅ​ថ្ងៃ​ទី​ ២៣ ខែសីហា។ ការ​ប្រកួត​វគ្គ ៨​ ក្រុម និង​ ១/២ ផ្ដាច់​ព្រ័ត្រ នឹង​រៀបចំ​នៅ​កីឡដ្ឋាន Estadio Jose Alvalade ដែល​ជា​ទឹក​ដី​របស់​ក្រុម Sporting Lisbon​។


ជាមួយ​គ្នា​នេះ UEFA មិន​មាន​ផែន​ការទី​២ សម្រាប់គាំ​ទ្រ​គម្រោង​ការ​នេះឡើយ ទើប​ធ្វើ​ឲ្យ​មាន​ចម្ងល់​ជា​ច្រើន​ ដែល​លើក​ឡើង​​ថា តើ​វគ្គ ៨ ក្រុម​ចុង​ក្រោយ នឹងអាច​ដំណើរ​ការ​ទៅ​ដូច​គ្រោង ​ឬ​អត់ បើ​ទោះ​បី​ជាប្រធាន UEFA ​លោក Aleksander Ceferin នៅ​តែ​បង្ហាញ​នូវ​សុទិដ្ឋិ​និយមក៏​ដោយ​។

លោក​ប្រធាន​ Ceferin បាន​ថ្លែង​ថា​៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ជាមួយ​នឹង​ការ​សហការ​ឥត​ឈប់ និងរឹង​មាំ​រវាង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ យើង​នឹង​បញ្ចប់​រដូវ​កាលតាម​វិធីវិជ្ជមានមួយនៅ​ក្រុង​លីស​បោន ដោយ​មិ​នចាំបាច់​មាន​ផែន​ការ​ទី២ នោះទេ»​។

មិន​ខុស​គ្នា​ដែរ UEFA មាន​ផែន​ការ​បញ្ចប់​ក្រប​ខ័ណ្ឌ​ ១​ ទៀត​របស់​ខ្លួន គឺ​​ Europa League តាម​រូប​មន្ត​ដូចគ្នា​នេះ ដែល​វគ្គ ៨​ ក្រុម​ចុងក្រោយ​ នឹង​ត្រូវ​ធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុង​នោះ​វគ្គ​ផ្ដាច់​ព្រ័ត្រ គ្រោង​រៀប​ចំ​នៅ​ក្រុង​ Cologne នៅ​ថ្ងៃ​ទី​ ២១ ខែ​សីហា​។ ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ ១/៤ និង​វគ្គ​ ១/២​ ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ ក្នុង​កម្ម​វិធីទាំង​ ២ នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​សុក្រ។

តែ​ទោះ​យ៉ាង​ណា​ មុន​នឹង​ឈាន​ដល់​ការ​ប្រកួត​ប្រជែងក្នុង​វគ្គ​​ដែល​នៅ​ឆ្ងាយទាំង ២​ ហ្នឹង ត្រូវ​រៀប​ចំ​​ការ​ប្រកួតវគ្គ ១៦​ ចុង​ក្រោយ​ ដែល​នៅ​សល់ឲ្យ​ចប់​សព្វ​គ្រប់​សិន។

សម្រាប់​ Europa League ក្នុង​វគ្គ ១៦​ ក្រុម​នេះមាន​តែ ៦ គូ ក្នុង​ចំណោម ៨ គូ​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​ការ​ប្រកួត​នៅ​ជើង​ទី​១ ខណៈ​នៅ Champions League វិញ ក្រុម​ Atalanta និង RB Leipzig បាន​ឆ្លង​ទៅ​វគ្គ ៨​ ក្រុមរួច​ហើយ​ រួម​ជាមួយ​ក្រុម PSG និង​ Atletico។ ឯ​ការ​ប្រកួត​ជើង​ទី​ ២ ដែល​នៅ​សល់​សម្រាប់​វគ្គ​នេះ គឺក្រុម Juventus ប៉ះ Lyon, ក្រុម Manchester City ស្វាគមន៍ Real​ ​Madrid, ក្រុម Bayern Munich ប្រឈម​ជាមួយ Chelsea និង​ក្រុម Barcelona តទល់​ជាមួយ Napoli​។

អ្វី​ដែលសំខាន់​សម្រាប់​ការ​ប្រកួត​របស់​តំបន់​អឺរ៉ុប​នេះ ក៏​មិន​ខុស​ពី​លីក​ធំ ១​ ចំនួន ដែល​កំពុង​ដំណើរ​ការ​ដែរ គឺ​នឹង​ត្រូវ​រៀប​ចំ​ដោយ​អ្នក​មាន​អ្នក​គាំ​ទ្រ​ចូល​រួម​លើក​តឹក​ចិត្ត​ឡើយ ដើម្បី​ចៀស​វាង​ការ​ប្រមូល​ផ្ដុំ​នៃ​មនុស្ស ដែល​មក​ពី​កន្លែង​ផ្សេងគ្នា បង្ក​ឲ្យ​មាន​ហានិ​ភ័យ​កាន់​តែ​ខ្ពស់ ក្នុង​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​កូវីដ​ ១៩​៕ AFP/VN