ខ្សែប្រយុទ្ធ Vinicius Junior នៅ​ក្លិប Real Madrid ជឿជាក់​ថា​ខ្សែប្រយុទ្ធ Kylian Mbappe នឹង​ចេញពី​ក្លិប​បារាំង PSG ជាមួយ​ក្ដីរំពឹង​ក្នុង​ការលេង​ជាមួយ​ខ្សែប្រយុទ្ធ Neymar​។


អនាគត​កីឡាករ Mbappe ស្ថិត​ក្រោម​ការសង្ស័យ​នៅ​ឡើយ​តាំងពី​គាត់​បាន​ប្រកាស​ថា គាត់​អាច​នឹង​មាន​គម្រោង​ថ្មីៗ​ក្នុង​ការចូលរួម​ក្នុង​ក្លិប​ល្បីៗ​ណាមួយ ប៉ុន្តែ​ប្រធាន​ក្លិប PSG លោក Nasser Al-Khelaifi បាន​និយាយ​ថា គាត់​ច្បាស់​ ២០០ ​ភាគរយ​ថា កីឡាករ​វ័យ​ ២០ ​ឆ្នាំ​រូបនេះ​នឹង​បន្ត​លេង​នៅ​ក្លិប PSG​។

កីឡាករ Vinicius ដែល​ចូលរួម​ក្លិប Madrid ក្នុង​តម្លៃ​ខ្លួន​ ៤៥ ​លាន​អឺរ៉ូ​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៨ ​នោះ​និយាយ​ថា គាត់​នឹង​គាំទ្រ​ឲ្យ​មាន​ការត្រឡប់​មក​វិញ​របស់​កីឡាករ Neymar ឬ​ទិញ Mbappe ។


កីឡាករ Vinicius បាន​ប្រាប់​បន្ត​ថា៖ «​ខ្ញុំ​ចង់​លេង​ជាមួយ​កីឡាករ Neymar ជា​ការពិត​ហើយ​ក៏​ចង់​លេង​ជាមួយ​កីឡាករ Mbappe ផងដែរ​។ អ្នកគាំទ្រ​ក្លិប Madrid ទាំងអស់​បាន​សុបិន​ឃើញ​ពួកគេ​ទាំង​ ២ ​នៅ​ទីនេះ​ដោយសារ​ខ្ញុំ​នៅ​ទីនោះ​»​។


ខ្សែប្រយុទ្ធ​រូបនេះ​បាន​បន្ត​ថា​៖ «​អ្នកគាំទ្រ​ក្រុម​ទាំងអស់​នៅក្នុង​ពិភពលោក​ចង់​ឃើញ Mbappe លេង​ក្រោម​ពណ៌​របស់​ពួកគេ​។ យើង​មិន​ស្គាល់​គ្នា​នោះ​ទេ ប៉ុន្តែ​យើង​បាន​ជជែក​គ្នា​តាម Instagram​។ ខ្ញុំ​សូម​សរសើរ​គាត់​ដែល​បាន​ឈ្នះ​ពាន​មួយ​ចំនួន​ទៅហើយ ខណៈ​គាត់​ទើប​តែ​ចាប់ផ្ដើម​អាជីព​របស់​គាត់​នោះ​។ ប្រសិន​បើ​គាត់​មក​ទី​នេះ វា​នឹង​ប្រសើរ​អស្ចារ្យ​មែនទែន​»​។


ក្លិប Madrid បាន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​កីឡាករ​ក្មេងៗ​ក្រោយពី​មាន​ការខកចិត្ត​នៅក្នុង​រដូវ​ទើប​បញ្ចប់​នេះ​ដែល​ពួកគេ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​ ៣ ​នៅ​ក្របខ័ណ្ឌ LaLiga និង​មិន​អាច​ការពារ​តំណែង​ជា​ម្ចាស់​ជើងឯក Champions League ។

ហើយ​កីឡាករ​ក្មេងៗ​ដែល​ក្លិប​នេះ​ទើប​តែ​ទិញ​បាន​ថ្មីៗ​នេះ​មាន​ដូចជា​កីឡាករ Eder Militao, Rodrygo Goes, Luka Jovic, Ferland Mendy និង Takefusa Kubo ដែល​បាន​ទៅ​ដល់​ក្លិប​នេះ​ក្នុង​តម្លៃ​ខ្លួន​សរុប​ទាំងអស់​ ៣០៨ ​លាន​អឺរ៉ូ ប៉ុន្តែ​កីឡាករ Vinicius បាន​អះអាង​ថា ក្លិប​នេះ​ទំនង​ជា​នឹង​ចំណាយ​ប្រាក់​ជាច្រើន​ដើម្បី​ទិញ​យក​កីឡាករ Mbappe​។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ​ ១៨ ​រូប​នេះ​បាន​និយាយ​ថា​៖ «​អ្នក​គ្រប់​គ្នា​ចង់​បាន​គាត់​មក​ទីនេះ ហើយ​ខ្ញុំ​ជឿជាក់​ថា​គាត់​នឹង​មក​ទីនេះ​នៅក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ប្រសិន​បើ​មាន​គាត់ យើង​នឹង​ទទួល​បាន​ជ័យជម្នះ​ជាច្រើន​ជា​មិនខាន​ឡើយ​»៕ SN