ក្រុងឡុងដ៍៖ កីឡាករ Kyle Walker កំពុងប្រឈមជាមួយនឹងវិធានការវិន័យរបស់ក្រុមមេឃខៀវ Manchester City បន្ទាប់ពីត្រូវបានគេរាយការណ៍ថា បានរំលោភច្បាប់មិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា ដោយការរៀបចំពិធីជប់លៀងសិចមួយ ទាំងដែលខ្លួនឯងជាអ្នកស្នើឲ្យប្រជាជនទាំងអស់សម្រាកនៅផ្ទះនាពេលកន្លងទៅ។
ខ្សែការពារសញ្ជាតិរបស់អង់គ្លេសវ័យ ២៩ ឆ្នាំ Walker បានធ្វើការសុំទោស បន្ទាប់ពីកាសែត The Sun បានចុះផ្សាយថា រូបគេបានទូរស័ព្ទហៅនារី ២ រូប ឲ្យមកផ្ទះរបស់ខ្លួនកាលពីថ្ងៃអង្គារ។
កាលពីថ្ងៃពុធមុន Walker បានផូស្តតាមរយៈបណ្ដាញសង្គមរបស់ខ្លួន ដោយសុំឲ្យសាធារណជនទាំងអស់គោរពតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ដែលតម្រូវឲ្យមានគម្លាតសង្គម។
ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ នេះ ចក្រភពអង់គ្លេសបានចេញរបាយការណ៍មួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅឲ្យដឹងថា មនុស្សជាង ៦២១ បានស្លាប់ក្នុងចំណោមអ្នកឆ្លងសរុប ៤ ៩៣៤ នាក់។
ក្រោយពីបានប្រព្រឹត្តនូវកំហុសនេះ Walker បានធ្វើការសុំទោសតាមរយៈសេចក្ដីប្រកាសមួយថា៖ «ខ្ញុំចង់ធ្វើការសុំអភ័យទោសដល់ក្រុមគ្រួសាររបស់ខ្ញុំ មិត្តភក្ដិទាំងអស់ក្លិបបាល់ទាត់អ្នកគាំទ្រទាំងឡាយព្រមទាំងសាធារណជនទូទៅផង ដែលបានធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត»។
Walker ដែលចេញពី Tottenham Hotspur មកចូលរួមជាមួយ Man City កាលពីឆ្នាំ ២០១៧ បានបន្តនៅក្នុងប្រកាសនោះថា៖ «មានវីរបុរស-វីរនារីជាច្រើន បានចេញមកជួយធ្វើឲ្យមានភាពខុសប្លែកអស្ចារ្យដល់សង្គមពេលនេះ ហើយខ្លួនខ្ញុំផ្ទាល់ មានបំណងជួយគាំទ្រ និងយកចិត្តទុកដាក់ដល់ការលះបង់ដ៏គួរឲ្យសរសើរ និងការប្រឹងប្រែងជួយសង្គ្រោះជីវិតរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ»។
ក្រោយមានព័ត៌មាននេះ បានធ្វើឲ្យ Walker ក្លាយជាកីឡាករល្បីឈ្មោះទី២ នៅក្របខ័ណ្ឌ Premier League របស់ប្រទេស អង់គ្លេស ដែលបានបំពានច្បាប់របស់រដ្ឋាភិបាលបន្ទាប់ពី Jack Grealish របស់ក្រុម Aston Villa។ កីឡាករប្រធានក្រុមរបស់ The Villa ដូចគ្នាដែរ បានធ្វើការសុំអភ័យទោស បន្ទាប់ពីប្រព្រឹត្តកំហុសរួច ហើយក៏ត្រូវក្លិបធ្វើការពិន័យជាប្រាក់រួចរាល់ហើយដែរ។
បច្ចុប្បន្នការប្រកួតបាល់ទាត់នានាត្រូវបានផ្អាក ដោយសារការរាតត្បាតរបស់វីរុសកូរ៉ូណា ហើយពាក់ព័ន្ធនឹងទង្វើរបស់ Walker ក្លិបសម្បូរលុយ Man City នឹងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។
ក្នុងសេចក្ដីប្រកាសរបស់ក្លិបផ្ទាល់បានឲ្យដឹងថា៖ «បុគ្គលិក និងកីឡាកររបស់យើង កំពុងរួមគ្នាគាំទ្រគ្រប់វិធីតាមដែលអាច ចំពោះការខិតខំដ៏អស្ចារ្យរបស់ក្រុមអ្នកបម្រើសេវាសុខភាពរបស់ជាតិ (NHS) និងបុគ្គលិកសំខាន់ដទៃទៀត ដែលកំពុងនាំគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩។ ទង្វើរបស់ Walker បានបង្ហាញពីការមិនឲ្យតម្លៃដោយផ្ទាល់ចំពោះការប្រឹងប្រែងទាំងនេះ»។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ចំនួន ៦ សម័យកាល Man City បានប្រាប់ឲ្យដឹងបន្ថែមចុងក្រោយក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «យើងមានការខកចិត្តជាខ្លាំង នៅពេលបានឮចំពោះការចោទប្រកាន់ ការចេញសេចក្ដីប្រកាស និងការសុំទោសរបស់ Walker ដូច្នេះ ក្លិបនឹងមានចេញវិធានការវិន័យផ្ទៃក្នុង នៅប៉ុន្មានថ្ងៃខាងមុខនេះ»៕ AFP/VN