សហរដ្ឋអាមេរិក៖ ម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Deontay Wilder បានសើចចំអកចំពោះកណ្ដាប់ដៃរបស់កីឡាករ Tyson Fury កាលពីថ្ងៃអង្គារ ខណៈដែលអ្នកប្រដាល់សកលមិនធ្លាប់ចាញ់ទាំង ២ រូបនេះ ត្រៀមខ្លួនសម្រាប់ជំនួបគ្នាម្ដងទៀតនៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក។
កីឡាករ Wilder ជាម្ចាស់ជើងឯកខ្សែក្រវាត់ WBC នឹងត្រឡប់ទៅកាន់សង្វៀនវិញក្នុងការប្រកួតជាមួយតារាប្រដាល់អង់គ្លេស Fury នៅថ្ងៃទី ២២ ខែកុម្ភៈ គឺក្រោយពេល ១៤ ខែ បន្ទាប់ពីអ្នកទាំង ២ បានប្រកួតស្មើគ្នាលើកដំបូងនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកកាលពីខែ ធ្នូ ឆ្នាំ ២០១៨។
កីឡាករ Fury ដែលត្រូវបានវាយដួល ២ លើក ក្រោមថ្វីដៃរបស់កីឡាករ Wilder នៅក្នុងជំនួបលើកដំបូងនោះបាននិយាយថា រូបគេគ្រោងនឹងតាមសងសឹកចំពោះការវាយឲ្យដួលនោះដោយជឿថា កីឡាករ Wilder នឹងមានឱកាសតិចតួចក្នុងការទទួលជ័យជម្នះនៅចំពោះមុខការកាត់សេចក្ដីរបស់ចៅក្រមនៅទីក្រុង Las Vegas។
ទោះយ៉ាងណា កីឡាករ Wilder កាលពីថ្ងៃអង្គារបានសើចចំអកចំពោះការគំរាមផ្ដួលរបស់កីឡាករ Fury ដោយឆ្លើយតបវិញថា គូប្រជែងរបស់រូបគេ គឺមានកណ្ដាប់ដៃស្រាលដូចសំឡីអ៊ីចឹង។
កីឡាករ Wilder ដែលមានប្រវត្តិប្រកួត ៤២ ក្នុងនោះស្មើ ១ លើក និង ផ្តួលដៃគូឲ្យសន្លប់ចំនួន ៤១ លើកនោះបាននិយាយពីបទពិសោធរបស់ខ្លួនចំពោះការប្រយុទ្ធលើកដំបូងជាមួយអ្នកប្រដាល់ Fury ថា គាត់គ្មានអារម្មណ៍ឈឺចាប់បន្តិចសោះឡើយក្រោយពីបានប្រកួតគ្នា ១២ ទឹករួចហើយនោះ។
កីឡាកររូបនេះបាននិយាយតាមទូរស័ព្ទថា៖ «ខ្ញុំសូមប្រាប់អ្នកថា ខ្ញុំគ្មានអារម្មណ៍រងការគំរាមកំហែងដោយកម្លាំងរបស់គាត់នៅក្នុងទឹកណាមួយសោះឡើយ»។
អ្នកប្រដាល់រូបនេះបានបន្ថែមថា៖ «កណ្ដាប់ដៃរបស់គាត់ស្រាលដូចសំឡី គឺខ្សោយខ្លាំងណាស់ ហើយប្រហែលជាខ្ញុំមានកម្លាំងខ្លាំងជាងគាត់ទើបបានជាខ្ញុំគ្មានការឈឺចាប់ទាល់តែសោះ។ ពេលខ្លះបន្ទាប់ពីការប្រយុទ្ធហើយ អ្នកមានអារម្មណ៍ឈឺចាប់។ ប៉ុន្តែនេះសូម្បីតែប្រកួតហើយក៏ខ្ញុំនៅតែគ្មានអារម្មណ៍ឈឺចាប់បន្តិចសោះ»។
អ្នកប្រដាល់ Wilder បានបន្ថែមថា៖ «ខ្ញុំបានរងកណ្តាប់ដៃរបស់គាត់ជាច្រើនដង ប៉ុន្តែវាហាក់ដូចជាគ្មានធ្វើឲ្យខ្ញុំបាក់ស្រុតបន្តិចសោះដូច្នេះហើយខ្ញុំមិនញញើតនឹងកណ្ដាប់ដៃរបស់គាត់នោះទេ»។
កីឡាកររូបនេះបានសើចចំអកទៀតថា៖ «គាត់គ្រាន់តែជាបុរសមាឌធំម្នាក់ដែលរត់ពេញលើសង្វៀនតែប៉ុណ្ណោះ ហើយការពិតយើងនឹងដឹងច្បាស់នៅពេលខាងមុខនេះឯង»។
អ្នកប្រដាល់ Fury បានប្តូរគ្រូបង្វឹកសម្រាប់ការប្រកួតជាថ្មីនៅសប្តាហ៍ក្រោយនេះ ដោយជ្រើសយកលោក Javan “Sugarhill” Steward ក្នុងក្ដីសង្ឃឹមថា នឹងជួយជំរុញកណ្ដាប់ដៃផ្តួលគូប្រជែងរបស់ខ្លួន។
ទោះយ៉ាងណា កីឡាករ Wilder គ្មានចាប់អារម្មណ៍ចំពោះការផ្លាស់ប្ដូរគ្រូបង្គោលរបស់កីឡាករ Fury នេះនោះទេ។
អ្នកប្រដាល់ Wilder បាននិយាយថា៖ «ខ្ញុំមិនជឿថា គាត់នឹងអាចបង្កើនកម្លាំងបានឡើយ ទោះជាគាត់នាំយកគ្រូបង្គោលមកពីឋានណាក៏ដោយ»។
អ្នកប្រដាល់រូបនេះបានបន្ថែមថា៖ «អ្នកមិនអាចបង្កើនកម្លាំងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះទេ គឺមិនអាចទៅរួចឡើយ»៕ AFP/SN