ក្រុង​ឡុងដ៍៖ ការ​រង់ចាំ​ ដើម្បី​​បាន​នូវ​ជ័យជម្នះ​ជា​លើក​ដំបូង​របស់​ក្រុម Burnley នៅ​ក្របខ័ណ្ឌ Premier League រដូវកាល​នេះ ទីបំផុត​បាន​រក​ឃើញ ដោយសារ​បាល់ ១ គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​ Chris Wood ខណៈ Southampton បាត់បង់​ឱកាស​ឡើង​ទៅ​លេខ ៣ ដោយសារ​ស្មើ​ជាមួយ Wolverhampton Wanderers (Wolves) ១-១​។​


ក្រុម Burnley មិន​ឈ្នះ​សូម្បី ១ ដង ក្នុង​ចំណោម​ការ​ប្រកួត ៧ ​លើក​ដំបូង​របស់​ខ្លួន​នេះ ដែល​វា​ជា​ការ​ចាប់​ផ្ដើម​រដូវកាល​មួយ​ដ៏​អាក្រក់​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប តែ​ការ​ឈ្នះ​ត្រឹម ១-០ លើ​ក្រុម Crystal Palace នៅ​ទឹក​ដី​ខ្លួន​ឯង​ បាន​ជួយ​បញ្ចប់​នូវ​កំណត់ត្រា​ដ៏​សែន​យ៉ាប់​នេះ​។​


ក្រុម​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Sean Dyche គឺ​ជា​ក្រុម​នៅ​ Premier League តែ​មួយ​គត់ ដែល​មិន​ទាន់​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​គូ​ប្រជែង​នៅ​ផ្ទះ​ខ្លួន​ឯង​ នា​ពេល​នេះ ដោយ​ត្រូវ​រង់ចាំ​ទាល់​តែ​កីឡាករ​សញ្ជាតិ​នូវែលសេឡង់ Wood ទម្លុះ​សំណាញ់​ទី​របស់ Crystal នៅ​នាទីទី​៨ ក្នុង​ប្រកួត​សប្ដាហ៍​ទី​៨ ​នេះ​ឯង។​


លទ្ធផល​នោះ គ្រប់គ្រាន់​ផ្ដល់​នូវ ៣ ​ពិន្ទុ​ដ៏​សំខាន់​បំផុត​សម្រាប់​​ Burnley ដែល​ពេល​នេះ ឡើង​ផុត​ពី​តំបន់​ត្រូវ​កាត់​ចោល ដោយ​រុញ​ទម្លាក់​ក្រុម​ Fulham មក​ជំនួស​វិញ​។


គ្រូ​បង្វឹក​របស់​ក្រុម Burnley លោក Dyche បាន​និយាយ​ថា​៖ «​យើង​បង្កើត​បាន​ឱកាស​ពិសេស​ៗ ២-៣ ដង តែ​​ធ្វើ​បាន​សម្រេច ១ ​លើក។ យើង​មាន​អារម្មណ៍​អន្ទះ​អន្ទែង​បន្តិច ដោយសារ​យើង​មិន​​ទាន់​ឈ្នះ​សូម្បី ១ ​លើក​។ ​លទ្ធផល​នេះ នឹង​ធ្វើ​ពួក​យើង​ជួប​នូវ​ពិភព​ដ៏​ស្រស់​ថ្លា​មួយ​»​។​


គ្រូបង្វឹក​វ័យ ៤៩ ​ឆ្នាំ លោក Dyche បាន​បន្ត​ថា​៖ «​យើង​ប្រឈម​​ជាមួយ​ក្រុម​មួយ ដែល​អាច​​ប្រជែង​យើង​បាន​។ យើង​មាន​នូវ​ការ​ចាប់​ផ្ដើម​ដ៏​តានតឹង​មួយ តែ​រឿង​នោះ កំពុង​ជិត​សាប​រលាប​ហើយ​»​។

ចំណែក​ការ​ប្រកួត​ ១ គូ​ទៀត នៅ​ឯកីឡដា្ឋន Molineux ឃើញ​ថា ក្រុម Southampton បាន​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ទៅ​រក​ការ​ឈ្នះ ៤ ​ដង​ជាប់ៗ​គ្នា ពេល​ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ Theo Walcott ​បំប៉ោង​សំណាញ់​ទី​បាន នៅ​នាទីទី​៥៨ ជួយ​ឱ្យ​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ Wolves​។

តែ​កីឡាករ Pedro Neto បាន​ងើប​ចេញ​ពី​កៅអី​របស់​កីឡាករ​បម្រុង ហើយ​មក​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​​​ Wolves តាម​ស្មើ​វិញ នៅ​នាទីទី​៧៥ ដែល​វា​ជា​លទ្ធផល​ធ្វើ​ឱ្យ​ក្រុម​ទាំង ២ ចែក​គ្នា ម្នាក់ ១ ពិន្ទុ ខណៈ​ក្រុម​លេខ ៥ Southampton ទំនង​ជា​ទទួល​យក​ដោយ​ពេញ​ចិត្ត​នូវ​លទ្ធផល​នេះ ដើម្បី​បន្ដ​ការ​​មិន​ចាញ់​រហូត​ដល់ ៧ ​ប្រកួត​។

គ្រូ​បង្វឹក​របស់​​ Southampton លោក Ralph Hasenhuttl ​ប្រាប់​ថា​៖ «​ខ្ញុំ​រីក​រាយ​។ សម្រាប់​គ្រប់​គ្នា វា​ជា​ការ​ប្រកួត​ដ៏​តឹងតែង ដោយ​វា​ទាមទារ​នូវ​យុទ្ធសាស្ត្រ​ខ្លាំង​ណាស់ ដូច​នឹង​​ការ​លេង​ល្បែង​អុក​ចត្រង្គ​អ៊ីចឹង​។ ពួក​គេ​រៀប​ប្រព័ន្ធ​លេង ៤-៣-៣​ ពោល​គឺ​យើង​គិត​មិន​ដល់​ថា​ពួក​គេ​រៀប​បែប​ហ្នឹង តែ​យើង​បាន​រក​ឃើញ​វិធី​ដោះស្រាយ​ទប់ទល់​បាន​»​។

រី​ឯ​អ្នក​ចាត់ការ​របស់​ក្រុម Wolves លោក​ Nuno Espirito Santo សម្ដែង​ការ​យល់​ឃើញ​ថា​៖ «​ខ្ញុំ​គិត​ថា វា​ជា​កំហុស​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ស៊ុត​បញ្ចូល​ទី​បាន​។ ក្រោយ​ពី​នោះ​ វា​ជា​ការ​តបត​នឹង​កំហុស​ ដែល​កើត​ឡើង​នោះ​។ កូន​ក្រុម​ទាំង​អស់​ធ្វើ​បាន​ល្អ​។ យើង​បញ្ចប់​ការ​លេង​បាន​យ៉ាង​ប្រសើរ ដោយ​ការ​បង្កើត​បាន​នូវ​ឱកាស​ល្អ​យ៉ាង​ច្រើន​»​៕ AFP/VN