អេស្ប៉ាញៈ អស់​រយៈពេល​ ២៨៣ ​ថ្ងៃ​ហើយ ដែល​លោក Zinedine Zidane បាន​ដាក់​ពាក្យ​លាឈប់​ពី​ក្រុម Real Madrid ប៉ុន្តែ​ពេលនេះ​គ្រូបង្វឹក​រូប​នេះ​បាន​វិល​មក​គ្រប់គ្រង​ក្លិប​មួយ​នេះ​ម្តង​ទៀត​ជាមួយ​នឹង​ការផ្តល់​កិច្ចសន្យា​នូវ​ចំនួន​ទឹកប្រាក់​ទ្វេដង​គឺ​ ៥,៥ ​លាន​អឺរ៉ូ (​ជាង​ ៦ ​លាន​ដុល្លារ​)​។


អង្គុយ​ក្បែរ​លោក Florentino Perez ដែល​ជា​ប្រធាន​ក្លិប Real Madrid កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៨ ក្នុង​សភាព​បែប​រាង​រន្ធត់ចិត្ត​ដែរ​នោះ​លោក Zidane នឹក​គិត​ក្នុង​ចិត្ត​ថា ប្រសិន​បើ​ខ្លួន​បន្ត​ទៀត​ក្លិប Real Madrid នឹង​មាន​បញ្ហា​មិន​ខាន​។ ប៉ុន្តែ​បើ​គ្មាន​រូបលោក ក្លិប​នេះ​ក៏​មាន​បញ្ហា​មិន​តិច​ដែរ ដូច្នេះ​បាន​ជា Zidane សម្រេចចិត្ត​វិល​មក​ដឹកនាំ​ក្លិប Real Madrid នេះ​ម្តង​ទៀត​។


Zidane ធ្លាប់​បាន​ដឹកនាំ​ក្លិប Real Madrid ឲ្យ​បាន​លើក​ពាន Champions League ចំនួន​ ៣ ​ដង​ជាប់​គ្នា ចំណែក​ការវិល​មក​ដឹកនាំ​ជាថ្មី​នេះ​ត្រូវ​បាន​គេ​ឲ្យ​ដឹងថា ប្រធាន​ក្លិប​លោក Florentino Perez បាន​ចុះ​កិច្ចសន្យា​ក្នុង​ការត្រៀម​ផ្តល់​ទឹកប្រាក់​រហូត​ដល់​ ៣០០ ​លាន​ផោន​សម្រាប់ Zidane ដើម្បី​ផ្ទេរ​កីឡាករ ដែល​ខ្លួន​ចង់បាន​ក្នុង​គោលបំណង​កែទម្រង់​ក្រុម Real Madrid បច្ចុប្បន្ន​ទៅ​តាម​បែប Galactico ដូច​ដែល​ក្លិប​ធ្លាប់​ធ្វើ​ជា​លើកដំបូង​ចាប់​តាំងពី​ឆ្នាំ​ ២០១៤​។


ចំណែក​លោក Julen Lopetegui ត្រូវ​បាន​ក្លិប Real Madrid បណ្តេញចេញ ក្រោយពី​បាន​កាន់​តំណែង​ជំនួស Zidane បាន​ត្រឹម​តែ​ ៣ ​ខែ ខណៈ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​បាន​ចាញ់​ក្រោម​ដៃ​ក្លិប Barcelona ចំនួន​ ២ ​ដង និង​ចាញ់​ក្លិប Ajax ក្នុង​រដូវកាល​ប្រកួត​ឆ្នាំ​នេះ​ក្នុង​វគ្គ​ ១៦ ​ក្រុម​ខែ​មីនា​នេះ​។


កាលពី​ដើម​រដូវក្តៅ​នៃ​ការប្រកួត​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​បេក្ខភាព​គ្រូបង្វឹក​ថ្មី​នៃ​ក្លិប Real Madrid ត្រូវ​បាន​គេ​មើលឃើញ​ថា​ក្រៅពី Zidane ក៏​មាន​លោក Jose Mourinho អតីត​គ្រូបង្រឹក​ក្លិប​បិសាច​ក្រហម Man United ផង​ដែរ​។ ប៉ុន្តែ​ទីបំផុត Zidane ត្រូវ​បាន Real Madrid ទទួល​លោក​ម្តង​ទៀត​។


ប៉ុន្តែ​ក្នុង​ពេល Zidane វិល​មក​វិញ​នេះ ក្លិប Real Madrid ក៏​មាន​ស្ថានភាព​ក៏​មិន​សូវ​ល្អ​ដែរ ដោយ​ពួកគេ​កំពុង​ឈរ​នៅ​លេខ​ ៣ ​នៃ​ពាន La Liga ដោយ​មាន​ ៥១ ​ពិន្ទុ​តិច​ជាង​ក្រុម​កំពុង​ឈរ​នៅ​លើ​តារាង Barcelona រហូត​ដល់​ ១២ ​ពិន្ទុ ព្រោះ Barcelona មាន​ ៦៣ ​ពិន្ទុ​។

ដូច្នេះ​ការវិល​មក​ស្រោចស្រង់​ស្ថានភាព​ក្លិប Real Madrid របស់​លោក Zidane លើក​នេះ​ក៏​អាច​មាន​សម្ពាធ​នានា​ផង​ដែរ ឬ​មួយ​ពេលវេលា​មិន​ល្អ​ដែល​បាន​រំលង​ទៅ​ប្រមាណ​ ៩ ​ខែ​នៃ​ពិភព​បាល់ទាត់ La Liga នេះ លោក Zidane ពិត​ជា​អាច​ស្រោចស្រង់​បាន​។

ការវិល​ត្រឡប់​មក​វិញ​របស់​លោក Zidane នេះ​ក៏​បាន​ធ្វើឲ្យ​កីឡាករ​ស្ទើរ​គ្រប់​គ្នា​នៃ​ក្លិប Real Madrid មាន​ការងឿង​ឆ្ងល់​ផង​ដែរ ដូចជា​កីឡា​ឆ្នើម Gareth Bale ជាដើម ខណៈ​គ្រូបង្វឹក​លោក Lopetegui និង លោក Solari សុទ្ធតែ​បណ្តេញចេញ បន្ទាប់ពី Zidane បាន​ចាកចេញ​នោះ​។

លោក Solari ធ្លាប់​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៨ ​ថា​៖ «​គាត់​ជា​មនុស្ស​ម្នាក់​ដ៏អស្ចារ្យ​ដែល​យើង​ធ្លាប់​បាន​ជួប​នៅក្នុង​ក្លិប​នេះ​។ គ្មាន​អ្វី​ដែល​មាន​លក្ខណៈ​ប្រសើរ​ខ្លាំង​នៅ​លើ​ពិភពលោក​នេះ ដើម្បី​យក​ពិពណ៌នា​ទៅ​លើ​ចំណុច​ល្អៗ​របស់ Zindane នោះ​ទេ ព្រោះ​គាត់​ជា​មនុស្ស​ដ៏ស្ងប់ស្ងាត់ និង​គ្រូបង្វឹក​ដ៏ល្អ​ដែល​គ្មាន​នរណា​ម្នាក់​អាច​យក​មក​ប្រៀបប្រដូច​ទៅ​នឹង​គាត់​បាន​នោះ​ទេ​»៕