សិប្បករ​ផលិត​ឧបករណ៍​តន្ដ្រីបុរាណ​ជប៉ុន​ខក​ចិត្ដ​ក្នុង​ការបង្ហាញ​ចាប៉ីដងវែង​ក្នុង​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​ដ៏ស្រពេចស្រពិល

Content image - Phnom Penh Post
សិប្បករ គីមីយ៉ាគិ កូណុ រំពឹងថា ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូក្យូ អាច​ស្រូប​អ្នកគាំទ្រ​ថ្មីៗ​ចំពោះ​ឧបករណ៍​ភ្លេង​សាមីសេន។AFP

ក្រុងតូក្យូ៖ សិប្បករ គីមីយ៉ាគិ កូណុ រំពឹងថា ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូក្យូ អាច​ជា​ឱកាស​ទទួលបាន​អ្នកគាំទ្រ​ថ្មីៗ​ចំពោះ​ឧបករណ៍​សាមីសេន ដែល​ស្រដៀង​នឹង​ចាប៉ីដងវែង តែ​វិបត្ដិ​កូវីដ​សកល បាន​រារាំង​ការផ្សព្វផ្សាយ​ប្រពៃណី​ជប៉ុន។

បុរស​អាយុ ៦២ ឆ្នាំ​រូបនេះ​បាន​ប្រាប់ AFP នៅ​រោង​ជាង​ក្រុង​តូក្យូ ជា​ទី​ដែល​លោក​ផលិត​ឧបករណ៍​ខ្សែ ៣ ដែល​ធ្លាប់ប្រើ​នៅក្នុង​ទម្រង់​សិល្បៈ​ប្រពៃណី​ជប៉ុន ដូចជា នៅ​មហោស្រព កាប៊ូគិ ជាដើម​ថា៖ «ខ្ញុំ​ចង់ឱ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ស្គាល់​ឧបករណ៍​ប្រពៃណី​មួយ​នេះ។ យើង​នឹង​រៀបចំ​ទទួលភ្ញៀវ​ដ៏ច្រើនសន្ធឹក​មក​កាន់​ជប៉ុន​ក្នុង​ព្រឹត្ដិការណ៍​អូឡាំពិក​នេះ»។

ដូច្នេះ​ការសម្រេច​បិទ​ខ្ទប់​ប្រទេស​ធ្វើឱ្យ​លោក កូណុ អស់សង្ឃឹម​យ៉ាងខ្លាំង។ ប៉ុន្ដែ​បុរស​ចំណាស់​រូបនេះ​រំពឹងថា ឧបករណ៍​សាមីសេន ប្រភេទ​តូក្យូ​ឆ្នាំ ២០២០ ដែល​លោក​រចនា​ឡើង​ផ្ទាល់ដៃ​នឹង​នៅតែ​ទាក់ទាញ​ជនបរទេស ពេល​វា​ត្រូវបាន​ដាក់លក់​ជាមួយ​ផលិតផល​សិប្បកម្ម​ដទៃទៀត​នៅ​ទូទាំងប្រទេស​ជប៉ុន។

គំនិត​ផ្ដួចផ្ដើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រតិបត្ដិការ​ទីផ្សារ​ដ៏ធំ​សម្បើម​នៃ​ព្រឹត្ដិការណ៍​អូឡាំពិក​ក្រុង​តូក្យូ ដែល​រួមទាំង សម្ភារ​ទាក់ទង​នឹង​ព្រឹត្ដិការណ៍ ចាប់ពី​អាវយឺត​រហូតដល់​រូបតំណាង​ព្រឹត្ដិការណ៍​កីឡា​ផងដែរ។

Content image - Phnom Penh Post
ឧបករណ៍​សាមីសេន (shamisen) ដែល​ស្រដៀង​នឹង​ចាប៉ីដងវែង។AFP

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នករៀបចំ​បានបង្ហាញ​ផលិតផល​សិប្បកម្ម​ជាច្រើន​ពី ៤៧ តំបន់​ទូទាំង​ប្រទេស​ជាមួយ​វត្ថុ ១០៤ មុខ រួមទាំង​ចាន​ម្រ័ក្សណ៍​ខ្មុក​របស់ អាគីតា កណ្ដឹង​ខ្យល់​ផលិត​នៅ​តូយ៉ាម៉ា និង ឧបករណ៍​ចាប៉ី សាមីសេន របស់​លោក កូណុ។

ឧបករណ៍​តន្ដ្រីបុរាណ​ត្រូវបាន​ផលិតឡើង​តាមបែប​សិប្បកម្ម​ដោយ​ប្រើ​ស្បែក​ឆ្មា ឬ​ឆ្កែ និង​ដង​ទ្រ​ខ្សែ​ដោយ​ប្រើ​ភ្លុក​ដំរី និង​ស្នូកអណ្ដើក​ដែល​ប្រើ​សម្រាប់​បាឈិ ឬ​តួចាប៉ី។

ប៉ុន្ដែ​លោក កូណុ និយាយថា សម្ភារ​ទាំងនេះ​ត្រូវបាន​ប្រើ​តិចតួច​បំផុត​ក្នុងពេល​បច្ចុប្បន្ន ហើយ​ផលិតផល​ស៊េរី​ព្រឹត្ដិការណ៍​អូឡាំពិក​នេះ​ប្រើ​ក្រដាស​ជំនួស​ស្បែក​សត្វ។

លោក​បានឱ្យដឹង​ពេល​ផលិត​គំរូ​ពុម្ព​ដោយ​ភ្ជាប់​ឡូហ្គោ​ឆ្នាំ ២០២០ ថា៖ «ខ្ញុំ​ផ្ដល់​អាទិភាព​លើ​ការផលិត​ឧបករណ៍​សម្រាប់​មនុស្ស​ភាគច្រើន​អាច​ប្រើប្រាស់​បាន។ ការគោរព និង​បដិសណ្ឋារកិច្ច​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​គ្រូ​ចាប៉ី​សាមី​សេន និង​សិស្ស ដែល​អាច​សិក្សា​ពី​ឧបករណ៍​នេះ​ដោយ​ផលិតឡើង​ពី​វត្ថុធាតុដើម​ខុស​ប្រពៃណី»។

រយៈពេល​តែ ៩៩ ថ្ងៃ​រហូតដល់​ព្រឹត្ដិការណ៍​អូឡាំពិក​មកដល់ ការកើនឡើង​នៃ​ចំនួន​ឆ្លង​ជំងឺ​កូវីដ ១៩ បាន​បង្ក​ជា​មន្ទិល​ចំពោះ​ការរៀបចំ​កីឡា​នេះ៕ HR

Content image - Phnom Penh Post
សិប្បករ គីមីយ៉ាគិ កូណុ ​កែច្នៃ​ធ្វើ​ឧបករណ៍​សាមីសេន។AFP

ព័ត៌មានថ្មីៗ