ក្រុងស៊ីដនី៖ កងនាវាអូស្ដ្រាលីដែលបំពេញការងារសង្គ្រោះពលរដ្ឋជាប់ក្នុងភ្លើងឆេះព្រៃលើឆ្នេរភាគអាគ្នេយ៍ បានទទួលបេសកកម្មថ្មីមួយទៀតកាលពីថ្ងៃសុក្រ ដោយការដឹកជញ្ជូនស្រាបៀរទៅកាន់បារ៍ប្រឈមនឹងបញ្ហាកង្វះភេសជ្ជៈនេះ។
មនុស្សជាង ១ ពាន់នាក់ ត្រូវបានជម្លៀសពីទីក្រុង ម៉ាល់ឡាខូតា ដោយកងកម្លាំងបានបញ្ជូននាវាទៅប្រមែប្រមូលក្រុមគ្រួសារដែលជាប់នៅទីនោះ តាំងពីថ្ងៃឆ្លងចូលឆ្នាំថ្មី។
អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ AFP ថា ប៉ុន្ដែក្រោយពីរត់ភៀសខ្លួនអស់រយៈពេលជាច្រើនថ្ងៃ កងនាវានឹងដឹកជញ្ជូនស្បៀងដ៏ចាំបាច់ រួមទាំងភេសជ្ជៈសម្រាប់អ្នកស្រេកឃ្លាន។
អ្នកនាំពាក្យបាននិយាយថា៖ «ស្រាបៀរមិនមែនជាបរិក្ខារចាំបាច់លើនាវា HMAS Choules នោះទេ ហើយគ្រឿងផ្គត់ផ្គង់សំខាន់មិនតម្រូវឲ្យដាក់ស្រាបៀរឡើយ»។
ក្រុមហ៊ុនស្រាបៀរ Carlton and United Breweries បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានផ្ដល់គ្រឿងស្រវឹងនៅមូលដ្ឋាននាវា Cerberus ដើម្បីបន្ដចែកឲ្យសណ្ឋាគារ Mallacoota Hotel ក្រោយពីអស់ស្ដុក។
ការដឹកជញ្ជូន រួមមាន ស្រាបៀរ និងស្រាផ្លែប៉ោម ២០ ធុង សម្រាប់ទីក្រុងនេះ ដែលមានប្រជាជនសរុបប្រមាណ ១ ពាន់នាក់។
អគ្គនាយក Carlton and United Breweries លោក ភេតធ័រ ហ្វីលីប៉ូវិក បាននិយាយថា៖ «បារ៍អត់ស្រាបៀរជាឱកាសដ៏អាប់អួរក្នុងគ្រាស្រស់ថ្លា។ ក្រោយពីអ្វីដែលពលរដ្ឋក្រុងម៉ាល់ឡាខូតា និងក្រុមពន្លត់អគ្គិភ័យបានឆ្លងកាត់វេលាដ៏លំបាក អ្វីដែលយើងអាចធ្វើបានគឺធានាថា ពួកគេអាចរីករាយនឹងស្រាបៀរ»។
លោកបន្ដថា៖ «យើងមិនច្បាស់ថា នាវាដឹកធ្លាប់ស្រាបៀរដល់ជនស៊ីវិលកាលពីមុនមក ឬយ៉ាងណា»។
យោងតាមក្រសួងការពារជាតិអូស្ដ្រាលី នាវា HMAS Choules ទម្ងន់ ១៦ ០០០ តោន បានវិលទៅក្រុងម៉ាល់ឡាខូតា ជាមួយស្រាបៀរកាលពីថ្ងៃសុក្រ៕ AFP/HR