ភ្នំពេញ៖ ដោយសារ​​​​​ឧស្សាហ៍​ឃើញ​បណ្តើរ​សង្សារ​​អាមេរិក​រូប​សង្ហា ចូវ៉ានី អេនតូនីញ៉ូ ទៅ​ចូលរួម​​​ក្នុង​កម្មវិធី​ផ្លូវ​ការ ឬ​កម្មវិធី​សង្គម​​នានា​​ ដោយ​​​បើក​ចំហ និង​មាន​រយៈពេល​យូរ​ក្រែល​​នោះ​ ទើប​នាពេល​​ថ្មីៗ​នេះ ស្រាប់​តែ​​តារា​សម្តែង​ស្រី​ និង​ម៉ូដែល​រូប​ស្រស់ ​រាង​ស្ល៊ីម​ កញ្ញា ទឹម រដ្ឋា ហាក់​​សម្តែង​​​​នូវ​ភាព​​ជម្រេញ​ខ្លាំ​​នឹង​សំណួរ​ជជីក​សួរ​​នាំពី​​រឿង​សម្ព័ន្ធ​ស្នេហ៍​នាង ជាមួយ​បុរស​​ជាតិ​អាមេរិក ដែល​នៅ​​មិន​​ទាន់​​​កំណត់​វេលា​ចូល​រោងការ​​នៅ​​ឡើយ​។


ប្រហែល​​​ទ្រាំ​លែង​បាន​ហើយ​មើល​ទៅ​​ ទើប​​​​តារា​​​សម្តែង​​សិច​ស៊ី ឬ​ស៊ី​វិល័យ​កញ្ញា ទឹម រដ្ឋា បន្លឺ​​ជាសារ​តប​វិញ​ភ្លាមៗ ទៅ​​​​​នឹង​អ្នក​​​​តាម​សួរ​នាំ​រឿង​​នាង​ដូច្នេះ​​​ថា៖ «មាន​សំណួរ​ជា​ច្រើន​ ហើយ​ក៏​​​ជា​សំណួរ​ដដែលៗ​ ដែល​សួរ​មក​កាន់​ពួក​យើង​ទាំង ២។ ចម្លើយ​​​គឺ​សូម​រង់ចាំ​ទស្សនា​​ភាគ​បន្ត​​​ អរគុណ​​​​សម្រាប់​ការ​ស្រឡាញ់ ​និង​គាំទ្រ ខ្វល់ខ្វាយ​មក​កាន់​យើង​ទាំង ២ តាំង​ពី​ដើម​រហូត​​​​ដល់​ឥឡូវ»។​​

ទោះ​ជា​យ៉ាង​ណា​ក្តី ​បើ​តាម​ការ​តាម​ដាន​ពី​សម្ព័ន្ធ​​ស្នេហ៍​ ​​តារា​សម្តែង​ស្រី​មាន​រាង​ស្ល៊ីម ដែល​មហាជន​បាន​​ឲ្យ​រហស្សនាម​នាង​​​ថា​ជា​តារា​ស្រី​ស្វាក់​​ស្នេហ៍ ​ច្រើន​តែ​ជា​កន្លង់​បរទេស​កញ្ញា ទឹម រដ្ឋា និង​ម្ចាស់​ស្នេហ៍​ថ្មី ជនជាតិ​អាមេរិក ដែល​ជា​​​​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​គឺ​លោក ចូវ៉ានី អេនតូនីញ៉ូ ពិត​​ជា​មាន​ភាព​ស៊ី​ចង្វាក់​គ្នា និង​​​បង្កើត​ភាព​​ផ្អែម​​ល្ហែម​​មាន​រយៈពេល​រាង​យូរ​ក្រែល​ជាង​គេ​មែន​ បើ​ប្រៀប​ធៀប​នឹង​ចំណង​ស្នេហ៍​រវាង​នាង​ ជាមួយ​អតីត​សង្សារ​ជា​ជនជាតិ​​ប៉ាគីស្ថាន និង​ប្រេស៊ីល​ កន្លង​មក​​​នោះ។


ជាក់​ស្តែង​តាមរយៈ​រូបថត ​១ ​សន្លឹក​ដឹកដៃ​គ្នា​យ៉ាង​សប្បាយ​ចិត្ត​នា​ពេល​​ដើរ​កម្សាន្ត​ថ្មីៗ រវាង​តារា​សម្តែង​ស្រី​រាង​ស្ល៊ីម មាន​រាសី​ឡើង​​​​កូដ​​ខ្លាំង​ចុង​ឆ្នាំ​នេះ ក្នុង​ការ​ចាប់​បាន​ឱកាស​ថត​កុន កញ្ញា ទឹម រដ្ឋា និង​សង្សារ​ជា​​ជនជាតិ​អាមេរិក​​ល្បី​ ក្នុង​វិស័យ​អចលនទ្រព្យ​​​​នោះ គ្រាន់​តែ​បាន​បង្ហោះ និង​សរសេរ​ថា​៖ «សាក​ធ្វើ​ទៅ​កាន់​ដៃ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ក្នុង​ពេល​មាន​អាកាសធាតុ​​​​ត្រជាក់​បែប​​នេះ ស្រមៃ​មើល៍​ទៅ​ថា អូន​នឹង​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ?»។ ភ្លាម​​ក៏​បង្ក​ការ​​​ភ្ញាក់​ផ្អើល​​​ពី​សំណាក់​អ្នក​គាំទ្រ​នាង​ភ្លែត​តែ​ម្តង។ រំពេច​នោះ​ក៏​ឃើញ​​មាន​ប្រិយមិត្ត ដែល​និយម​គាំទ្រ​ស្រឡាញ់​ បាន​បង្ហើរ​​សារ​​តបវិញ​​ថា៖ «ដូចជា​មាន​អារម្មណ៍​ថា កក់ក្តៅ និង​មាន​ក្តី​សុខ​បំផុត ពិត​ជា​ចង់​ឃើញ​បងស្រី​​ រៀបការ​​ជាមួយ​គ្នា​ឆាប់ៗ​​នេះ​ខ្លាំង​​​​​ណាស់»។


ដោយ​ឡែក​​រឿង​​​ពេល​វេលា​រៀបការ​ នៅ​ពេល​ណា​នោះ​​ ​កញ្ញា ទឹម រដ្ឋា ក៏​​​ធ្លាប់​បង្ហើប​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ដែរ​​ថា៖ «​សម្រាប់​​រឿង​​រៀបការ ​នាង​ខ្ញុំ​​មិន​ទាន់​បរិយាយ​យ៉ាង​ណា​នោះ​ទេ តែ​សុំ​ទុក​ពេល​​វេលា​មួយ​រយៈ​​ទៀត​សិន ដើម្បី​ស្វែង​យល់​ចិត្ត​គ្នា។ នាង​​​​ខ្ញុំ​ក៏​សុំ​មិន​ទាន់​កំណត់​ថា នៅ​ពេល​ណា​​ នឹង​ត្រូវ​ដល់​ពេល​ត្រូវ​ចាត់​ចែង​រឿង​នោះ ព្រោះ​​ថា​ ពេលវេលា​ទៅ​ថ្ងៃ​ខាង​មុខ​​​នោះ យើង​​ពិត​ជា​មើល​មិន​ឃើញ​ដែរ»៕​