ភ្នំពេញ៖ ខណៈរូបសម្រស់កាន់តែស្រស់ស្អាត រហូតដល់មហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ និងល្បីថា សម្បូរក្រុមកន្លង់ចោមលួងស្នេហ៍នោះ បែរជាតារាចម្រៀងស្រី ដែលកំពុងតែឡើងកូដខ្លាំងនៅទ្រនំថោនកញ្ញា ផាន វីរ៉ាទី ហៅកញ្ញា រ៉ាប៊ី មករអ៊ូថា ជិតចប់ឆ្នាំ ២០២០ ហើយ នាងនៅតែគ្មានម្ចាស់ចិន្តាមកនែបនិត្យទៅវិញមិនគួរឱ្យជឿ។
កញ្ញា រ៉ាប៊ី ស្រាប់តែរអ៊ូថា ៖ «រកសង្សារក្នុងស្រុក ១ គ្រាប់ ធ្វើថ្នាំមិនបានសោះ ហើយក៏គ្មានប្រុសស្នេហ៍នៅបរទេសណាដែរ អ៊ីចឹងសរុបទៅឆ្នាំ ២០២០ បេះដូងនាងខ្ញុំ គឺទទេស្អាតតែម្ដង មិនទាន់មានប្រុសណាម្នាក់មកធ្វើជាម្ចាស់ចិត្តឡើយ»។
តែបើតាមប្រភពអ្នកតាមដានប្រមាញ់ពីជីវិតឯកជននាង ក៏ព្រលយឱ្យដឹងថា នាអំឡុងពេលដែលនាងចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុននោះ នាងមានគេទាក់ទងផងដែរ ប៉ុន្តែដោយសាររូបនាងមិនបង្ហាញភ្លើងខៀវឱ្យគេ ទើបស្ងាត់ទៅវិញអស់ទៅ ហើយឥឡូវនេះ បែរជាមករអ៊ូរកសង្សារម្នាក់មិនបានទៅវិញ។
ស្រីស្អាត រ៉ាប៊ី តារាចម្រៀងស្រីសំខាន់ម្នាក់របស់ផលិតកម្មថោនរូបនេះ ក៏ធ្លាប់បញ្ជាក់ដែរថា៖ «ជារឿងធម្មតាទេ សម្រាប់ជីវិតមនុស្សមិនទាន់មានគូគ្រង គឺតែងតែមានគេមកតាមដូច្នេះហើយ។ តែសម្រាប់នាងខ្ញុំ នាពេលនេះដូចជា មិនទាន់ចង់គិតគូរខ្លាំងលើរឿងគូគ្រងអ្វីនោះឡើយ គឺនាងខ្ញុំចង់ប្រើពេលរកប្រាក់ពីការងារសិល្បៈនេះមួយរយៈសិន ព្រោះថាក្រោយពីបានវិលមកពីអាមេរិកមកនោះ ខ្ញុំក៏ទទួលការងារសិល្បៈច្រើនណាស់ គឺសឹងតែគ្មានពេលទំនេរទេ ពី ១ អាទិត្យ ទៅ ១ អាទិត្យ»។
តារាចម្រៀងស្រីផលិតកម្មថោនម្ចាស់បទ «មាន់ស្រែ» ដែលស្រូបបានប្រជាប្រិយភាពល្បីខ្លាំង ពីយុវវ័យសម័យថ្មីរូបនេះ ក៏បន្តឱ្យដឹងពីមូលហេតុ ពុំទាន់បើកចិត្តទទួលយកស្នេហ៍ពីក្រុមកន្លង់បរទេសជាអាណិកជនខ្មែរ-អាមេរិកទាំងឡាយ ដែលតាមសុំស្នេហ៍ដែរថា៖ «ម្យ៉ាងទៀតអ្នកតាមសួរនាំខ្ញុំនោះ ភាគច្រើននៅមិនទាន់ពេញចិត្ត ឬត្រូវចិត្តចង់បានរបស់នាងខ្ញុំនោះឡើយ។ នាងខ្ញុំក៏សន្យាក្នុងចិត្តខ្លួនដែរថា បើមិនត្រូវចិត្តនាងខ្ញុំប្រាថ្នាចង់បានទេ គឺសុខចិត្តនៅទំនេរល្អជាង»។
តារាចម្រៀងស្រីដែលធ្លាប់ផ្តើមអាជីពជាប្រធានក្រុមរាំ និងធ្លាប់ជាពិធីការិនីទូរទស្សន៍ហង្សមាស កញ្ញា រ៉ាប៊ី ក៏ចាប់ឱកាសទៅសម្តែងក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីប្រឡូកសិល្បៈមកក៏បានព្រលយពីលក្ខខណ្ឌនៃសេចក្តីប្រាថ្នាចំពោះបុរសជាគូគ្រងខ្លួន នាពេលអនាគតដែរថា៖ «សម្រាប់នាងខ្ញុំ បុរសដែលខ្ញុំចង់បាន ឬស្រឡាញ់ជាគូជីវិត គឺជាបុរសដែលគោរពស្រឡាញ់ និងឱ្យតម្លៃខ្ញុំឱ្យបានច្រើន គឺមានសេរីភាពក្នុងការចាយវាយ និងការរស់នៅជាដើម»៕