ភ្នំពេញ៖​ ខណៈ​ជិត​ដល់​ពេល​ត្រូវ​ទៅ​ប្រកួត​ប្រជែង​លក្ខណៈ​អន្តរជាតិ​ Miss Grand​ International 2020 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ នា​ចុង​ខែ​មីនា ឆ្នាំ ​២០២១ ស្រាប់​តែ​មាន​រឿង​ផ្ទុះ​ឡើង​​នូវ​មតិ​ខ្វែង​គ្នា​រវាង​បេក្ខនារី​កញ្ញាឯក​ដ៏​​​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ​២០២០ (Miss Grand Cambodia 2020) ​សេង រដ្ឋា និង​​ក្រុមហ៊ុន​​​រៀបចំ​​ការ​ប្រកួត​ដែល​តំណាង​ឱ្យ​ប្រទេស​​កម្ពុជា​ កាល​​ពី​ថ្ងៃទី ​១៩ ខែ ​មករា​ ឆ្នាំ ​២០២១​​។


ដំណឹង​បែក​​ធ្លាយ​កញ្ញា សេង រដ្ឋា របូត​​​តំណែង​​​​​ខាន​ជា​បេក្ខនារី​តំណាង​​ឱ្យ​កម្ពុជា​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​​អន្តរជាតិ​ប្រចាំ​ឆ្នាំ ​២០២០​ ដែល​​​​​ពន្យារពេល​មក​​ធ្វើ​​នៅ​ថ្ងៃទី ២៧ ខែ ​មីនា ឆ្នាំ ​២០២១​​ វិញ​ ព្រោះ​បញ្ហា​កូវីដ ១៩ ​បាន​​​ផុស​ចេញ​​​នូវ​លិខិត​​អញ្ជើញ​មួយ​ ដែល​មាន​​តំណាង​​​ពី​ផលិតកម្ម​មហាហង្ស​ និង​អ្នក​គ្រប់គ្រង​បេក្ខនារី​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ ​​ចុះ​​កាល​​បរិច្ឆេទ​​នៅ​​ថ្ងៃទី ​១៨ ខែ ​មករា ឆ្នាំ ​២០២១ ជូន​ចំពោះ​កញ្ញា​ សេង រដ្ឋា នៅ​ថ្ងៃទី ​១៩ ខែ ​មករា ឆ្នាំ ​២០២១​​ បង្ហោះសារ​​តាម​គេហទំព័រ​ Miss Grand Cambodia។


សារ​នោះ​​សរសេរ​​​ថា​៖ «ដើម្បី​សម្របសម្រួល​ភាគី​ទាំង ​២ ដោយសារ​មាន​ការ​ផ្ដល់​​យោបល់​ពី​ខាង​មេធាវី​​ក្រុមហ៊ុន​ ដូច្នេះ​​ក្រុមហ៊ុន​ក៏​​បាន​ចេញ​លិខិត​​អញ្ជើញ​​​កញ្ញា សេង រដ្ឋា ​មក​ចូល​​រួម​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​កន្លង​​មក​តាម​សន្តិវិធី​នៅ​ការិយាល័យ​ផលិតកម្ម​មហាហង្ស​ ថ្ងៃ​អង្គារ ​ទី ១៩ ខែ ​មករា​ ឆ្នាំ ២០២១ វេលា​ម៉ោង ៣ រសៀល​នេះ​។ ប្រសិន​បើ​កញ្ញា សេង រដ្ឋា ​មិន​ចូលខ្លួន​មក​ដោះស្រាយ​តាម​សន្តិវិធី​ទៅ​តាម​លិខិត​អញ្ជើញ​​​របស់​ក្រុមហ៊ុន​ទេ នោះ​​ជំហាន​ទី២ ​មេធាវី​​ខាង​ក្រុមហ៊ុន​​នឹង​​ចេញ​​​លិខិត​កោះ​ហៅ​​កញ្ញា ​សេង រដ្ឋា ​ដើម្បី​ចូល​​​ខ្លួន​​មក​​ដោះ​​ស្រាយ​​ជា​លើក​​ទី​២​ ប៉ុន្តែ​​បើ​កញ្ញា ​សេង រដ្ឋា​ នៅ​តែ​មិន​ចូល​ខ្លួន​ដោះ​ស្រាយ​​ ទេ​ខាង​​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​​តាម​ផ្លូវ​ច្បាប់​សម្រេច ដក​ហូត​តំណែង​របស់​កញ្ញា​ដោយ​ស្វ័យ​ប្រវត្តិ ខាង​ក្រុមហ៊ុន​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​តាម​ក្រោយ​ប្រសិន​បើ​មាន​ការ​ប្រែប្រួល​​​អ្វី​មួយ​​រវាង​ភាគី​ទាំង ២»។


ក្រោយ​​មក​បន្តិច​ នៅ​ថ្ងៃ​ដដែល​​​កញ្ញា​ សេង រដ្ឋា ក៏​បាន​តប​សារ​វិញ​ភ្លាម​​ថា​៖ «សុំ​ទោស​ផង fan beauty​ pageant​ និង​អ្នក​គាំទ្រ​ដ៏​សែន​ល្អ​របស់​​ខ្ញុំ​ សេង រដ្ឋា ខ្ញុំ​ពិត​ជា​មិន​អាច​ទទួល​​យក​​​បាន​​នូវ​អ្វី​ដែល​អ្នក​គ្រប់គ្រង​​កម្មវិធី​បាន​​បរិហារ​កេរ្តិ៍​​ឈ្មោះ​​របស់​​​ខ្ញុំ​នៅ​លើ​បណ្តាញ​សង្គម​រហូត​​​ដល់​មាន​ការ​ចុះ​ផ្សាយ​​ព័ត័មាន​ជា​សាធារណៈ​បែប​នេះ ​ខ្ញុំ​នឹង​​​ធ្វើ​​តាម​អ្វី​ដែល​អ្នក​គ្រប់គ្រង​កម្មវិធី​បាន​ប្រកាស​ជា​សាធារណៈ​​​កន្លង​មក (ដក​តំណែង)​ ហើយ​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​​​នៅ​ពេល​នេះ គឺ​ចូល​ខ្លួន​បង្ហាញ​​​វត្តមាន​នៅថ្ងៃ​សន្និសីទ​កាសែត​​តែ​មួយ​គត់​ដែល​នឹង​ប្រព្រឹត្ត​​​​ឡើង​​ដោយ​មាន​កាល​បរិច្ឆេទ​ពេលវេលា​​ច្បាស់​លាស់​ណា​មួយ​តែ​ប៉ុណ្ណោះ ​ដើម្បី​​ដក​តំណែង​នាង​ខ្ញុំ​ដូច​អ្វី​ដែល​​អ្នក​គ្រប់គ្រង​​​កម្មវិធី​បាន​ប្រកាស​ជា​សាធារណៈ​កន្លង​មក​ខ្ញុំ​ពិត​ជា​ស្រឡាញ់​​វិស័យ​មួយ​នេះ​ណាស់​ទម្រាំ​មាន​ថ្ងៃ​នេះ​ទោះ​ខ្ញុំ​លំបាក​យ៉ាង​ណា​ក៏​ខ្ញុំ​​នៅ​តែ​ញញឹម ដើម្បី​អ្នក​ទាំង​អស់​គ្នា ​love u​ my Fan I like simple life»៕​