ភ្នំពេញ៖ ខណៈ​បាន​ចំណាយ​ពេល ១០ ឆ្នាំ ដើរ​​​លើ​​វិថី​​​សិល្បៈ​​ចម្រៀង​​ទទួល​បាន​ផ្លែ​ផ្កា​ល្អ​ មាន​កេរ្តិ៍​​ឈ្មោះ​​​ល្បីល្បាញ​ និង​ទ្រព្យ​ធន​ច្រើន​រូប​សម្ផស្ស​​ក៏​កាន់​តែ​ស្រស់​សោភា​ខ្លាំង​​​​ហើយ​នោះ តែ​មហាជន​ក៏​នៅ​តែ​ងឿង​ឆ្ងល់​ពី​រឿង​កញ្ញា​ ​អ៊ីវ៉ា​ នៅ​មិន​ទាន់​មាន​ដំណឹង​​បង្ហើប​បង្ហាញ​​​​​មុខ​មាត់​គូស្នេហ៍​ពិត​នៅ​​ឡើយ​។


នៅ​ពេល​​ថ្មីៗ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ ២០២០​ នេះ កញ្ញា អ៊ីវ៉ា ​ក៏​ក្លាយ​ជា​​តារា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​​អិលស៊ីភីអេស អ៊ិនធើប្រាយ ​​ជា​ក្រុមហ៊ុន​ធំ​ស្រប​ច្បាប់ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​នាំចូល​ផ្តាច់​​មុខ និង​ចែកចាយ​នូវ​ផលិតផល​​ថែរក្សា​សម្រស់ និង​សុខភាព​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​​ពី​តារា​ចម្រៀង​រូប​នេះ​ សម្រេច​​ចិត្ត​បន្ត​​កុងត្រា​នៅ​តែ​​ជ្រក​កោន​​លើ​ទ្រនំ​សាន់ដេ​ដដែល ​ដើម្បី​បំបាត់​​មន្ទិល​សង្ស័យ​ថា នាង​ទំនង​ជា​ដូរ​ទៅ​​ទ្រនំ​ថ្មី​​នា​ពេល​កន្លង​មក​នោះ​​​។​


យ៉ាងណា​មិញ​ នៅ​តែ​មាន​ការ​​សួរ​នាំ​រឿង​គូស្រករ ឬ​​ម្ចាស់​ចិត្ត​​តារា​ចម្រៀង​ស្រី​ជ្រក​នៅ​ទ្រនំ​សាន់ដេ​ ឈ្មោះ​​ពិត​ ឃីន ស្រីនាថ ហៅ​​កញ្ញា​ អ៊ីវ៉ា ដដែល​​គេ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា អនាគត​ស្វាមី​របស់​នាង​អាច​ជា​បុរស​រស់នៅ​​ក្នុង​ ឬ​​ក្រៅ​ស្រុក​​​នោះ​ទេ ព្រោះ​ថា​តារា​ចម្រៀង​សាន់ដេ​រូប​នេះ​​ តែងតែ​ព្យាយាម​លាក់​មុខ​គូស្នេហ៍​ថ្មី​ជានិច្ច ​តាំង​​ពី​ប្រេះឆា​ស្នេហ៍​ចាស់​ដែល​ល្បី​ថា​ជា​​ថៅកែ​ក្លិប និង​ហាង​បញ្ចាំ​មួយ​នៅ​សៀមរាប​​​។


តារា​ចម្រៀង​​​ស្រី រាង​​ស្ល៊ីម សម្រស់​កាន់​តែ​​​ផូរផង់ កញ្ញា អ៊ីវ៉ា ក៏​បាន​ព្រលយ​ឱ្យ​ដឹង​ថា នាង​នឹង​រៀបការ​មិន​ឱ្យ​មាន​វ័យ​លើស​ពី​ ៣០ ឆ្នាំ នោះ​ឡើយ ស្រប​ពេល​ដែល​លោក​​​ឪពុក​នាង ​គឺ​​លោក អ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ក៏​​​​​ធ្លាប់​បង្ហើប​ថា មិន​ចង់​ឱ្យ​កូន​ស្រី​មាន​ប្ដី​នៅ​វ័យ​​​​ក្មេង​​​ពេក​​នោះ​ទេ ហើយ​រឿង​អ្នក​​មក​ស្រឡាញ់​កូន​ស្រី​លោក​នោះ​ក៏​លោក​​មិន​ដែល​​​ប្រកាន់​ឋានៈ​អ្វី​ដែរ។


តារា​ចម្រៀង​ស្រី​​សំឡេង​ស្រួយ ស្រទន់​​មុត កញ្ញា ​អ៊ីវ៉ា ដែល​​​សុខ​ចិត្ត​ចុះ​ឡើង​ទៅ​មកៗ ​ពី​​ខេត្ត​​មក​​ភ្នំពេញ​ ដោយ​​គ្មាន​​គម្រោង​​ទិញ​​​​ផ្ទះ​វីឡា​ថ្មី​​ដូច​គេ​ឯង​​ឡើយ ខណៈ​​ខ្លួន​មាន​​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ ​​​នៅ​​ខេត្ត​កំពង់ស្ពឺ​​ មិន​ចាញ់​​ទ្រនំ​​​​ដ៏​ធំ​ប្រណីត​​​​​របស់​តារា​ចម្រៀង​ប្រុស​​​​លោក ខេមរៈ សិរីមន្ដ បច្ចុប្បន្ន​វ័យ ​២៧ ឆ្នាំ នោះ​​ក៏​បាន​ព្រលយ​​​ថា៖ «ចង់​រៀបការ​ឱ្យ​បាន​មុន ឬ​ត្រឹម​អាយុ ៣០ ឆ្នាំ គឺ​មិន​ពន្យារ​ពេល​ឱ្យ​​អាយុ​ច្រើន​ជាង​នេះ​ទៀត​ទេ​។ រឿង​គូ​ស្រករ​នេះ​ គឺ​វា​ពិបាក​ព្រោះ​​ជួន​កាល​ដល់​ជួប​ហើយ គឺ​គូ​ព្រេង​​មិន​អាច​​ប្រកែក​បាន​នោះ​ឡើយ អ៊ីចឹង​ហើយ​បាន​ជា​នាង​ខ្ញុំ​ក៏​ពិបាក​នឹង​និយាយ​ទុក​​មុន​ដែរ​»៕​