ភ្នំពេញ៖ បណ្តុំ​ស្នាដៃ​គំនូរ​បែប​អរូបី​ស្តីពី​ជីវិត​សត្វ​ស្លាប​ដ៏​កម្រ​មាន​ប្រវត្តិ​ជា​កេរដំណែល​ពី​ដូន​តា​ខ្មែរ​ តាំង​ពី​យូរយារ​ណាស់​មក​ហើយ​​​ ដែល​មាន​ចំនួន​ប្រមាណ ​២០ ផ្ទាំង បាន​សម្រិតសម្រាំង​​ដោយ​វិចិត្រការិនី​ល្បី​ឈ្មោះ អ្នកនាង ឆន ឌីណា នឹង​បើក​សម្ពោធ​តាំង​ពិព័រណ៍​នៅ​ឯ​​វិចិត្រសាល​នៃ​សណ្ឋាគារ Plantation។


ការ​​តាំង​ពិព័រណ៍​នេះ​ក៏​ជា​​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​បងប្អូន និង​សិស្ស​ និសិ្សត ដែល​មាន​បំណង​ចូល​ទស្សនា​ការ​​តាំង​បង្ហាញ​​​​សិល្បៈ​​គំនូរ​ និង​​ចង់​សិក្សា​​ស្វែងយល់​​អំពី​សិល្បៈ​បែប​សហសម័យ និង​អាច​​ចូល​ទស្សនា​​បាន​ដោយសេរី​ និង​ឥតគិត​ថ្លៃ​នឹង​ចាប់​ផ្តើម​​តាំង​​ថ្ងៃទី ​៤ ខែ​ធ្នូ ​បន្ត​រហូត​ដល់​​ថ្ងៃទី ៣០ ខែ ​ធ្នូ ឆ្នាំ ​២០២០។


វិចិត្រករ​​ស្រី​​​​ឆ្នើម​​​ ដែល​​ធ្លាប់​​ទទួល​បាន​​ពាន​រង្វាន់​ជា ​Young Artist​ Award ​ក្នុង​​ប្រទេស​​​ថៃ កាល​​ពី​ឆ្នាំ ​២០១៦ អ្នក​នាង ឆន ឌីណា បាន​បង្ហើប​​ឱ្យ​​ដឹង​ពី​មូលហេតុ​​ ដែល​រៀបចំ​ការ​​តាំង​ពិព័រណ៍ និង​ចំណុច​​ពិសេស​ ដែល​​ខ្លួន​បាន​ជ្រើសរើស​យក​ស្នាដៃ​​​គំនូរ​​ប្រភេទ​អរូបី​ស្តីអំ​ពី​ជីវិត​សត្វ​ក្រៀល​​នោះ​​ថា៖ «​​គោល​​បំណង​​ចង់​ឱ្យ​ក្រុម​សិល្បករ​ជំនាន់​ក្រោយ​ទទួល​បាន​នូវ​ចំណេះ​​​ដឹង​មួយ​ផ្នែក​ខាង​សិល្បៈ​​គំនូរ​បែប​អរូបី​ ដែល​ផ្តោត​ទៅ​លើ​ការ​បង្កើត​ស្នាដៃ​របស់​ពួក​គេ​ទៅ​ថ្ងៃ​​ក្រោយ​។ ប្រការ​សំខាន់​នោះ​ ក្នុង​​​​នាម​​​ជា​សិល្បករ​ផ្នែក​គំនូរ ត្រូវ​ចេះ​ទាញ​​​យក​ចំណុច​ពិសេស​ណា​មួយ ​ពី​ធម្មជាតិ​ ឬ​ក៏​បរិស្ថាន​ ដែល​ខ្លួន​យើង​​បាន​ជួប​ប្រទះ​​​នៅ​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ តាមរយៈ​សិល្បៈ​គំនូរ​នេះ គឺ​យើង​ពិត​ជា​អាច​បង្កើត​ស្នាដៃ​ណា​មួយ​ ដែល​​ខ្លួន​យើង​ចង់​​ឆ្លុះ​បញ្ចាំង​​ ឬ​ផ្តល់​ជា​សារ​អប់រំ​​​​ទៅ​ដល់​អ្នក​ទស្សនា​បាន​។ ​​ម្យ៉ាង​វិញ​ទៀត កាល​ណា​យើង​ទាំង​អស់​គ្នា ​សហការ​រួម​គ្នា​ផ្តោត​សំខាន់​​​​​លើ​បញ្ហា​សង្គម​ណា​មួយ​​ឱ្យ​​បាន​​ស្រុះ​​​ស្រួល​​​គ្នា ឬ​រួបរួម​គ្នា​នោះ ខ្ញុំ​គិត​ថា វា​អាច​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​​ដ៏​សំខាន់​សម្រាប់​​ផ្សព្វផ្សាយ​​ផ្តល់​ព័ត៌មាន​អប់រំ​ ឬ​ជា​សារ​អប់រំ​មួយ​ផង​ដែរ សម្រាប់​បងប្អូន​ខ្មែរ​យើង តាមរយៈ​​សិល្បៈ​វិចិត្រកម្ម​មួយ​នេះ​។ តួ​​យ៉ាង​​ដូច​ជា​បញ្ហា​បរិស្ថាន​ អ៊ីចឹង​ គឺ​​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​​ជីវិត​មនុស្ស និង​សត្វ​នានា ​នៅ​ក្នុង​ប្រទេស​យើង ក៏​ដូចជា​នៅ​ក្នុង​ពិភព​ផែនដី​របស់​យើង»។​​


ស្នាដៃគំនូរ​អរូបី​(Abstract)ស្តី​ពីជីវិត​សត្វក្រៀល​ របស់អ្នកនាង​ ឆន ឌីណា​។ ហុង មិនា

ស្នាដៃគំនូរ​អរូបី​ស្តី​ពីជីវិត​សត្វក្រៀល​របស់ ឆន ឌីណា ដាក់តាំង​នៅ​​ Plantation។ហុង មិនា


អ្នកនាង ឆន ឌីណា វិចិត្រករ​ស្រី​ដែល​មាន​​​បទពិសោធ​ផ្នែក​គំនូរ​អរូបី​ច្នៃ​ប្រឌិត​​​​បែប​ខ្មែរ​ជាង ១០ ឆ្នាំ​មក​ហើយ​នោះ ក៏​​បាន​​បញ្ជាក់​ពី​​​ការ​លើក​យក​សត្វ​ក្រៀល​​ មក​រំលេច​ជា​ស្នា​ដៃ​គំនូរ​​ផ្ទាល់​ខ្លួន​ផង​ដែរ​​ថា៖ «សម្រាប់​នាង​ខ្ញុំ ក្រោយ​ពី​បាន​ទស្សនា​នៅ​តំបន់​ដែន​ជម្រក​សត្វ​ក្រៀល​ នៅ​ព្រែក​ទាល់​នៃ​​តំបន់​ទន្លេសាប​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​​មក​នោះ នាងខ្ញុំ​ក៏​មាន​ការ​ដិតដាម​​ជាប់​ជានិច្ច ជាមួយ​​នឹង​រូបភាព​សត្វ​​ក្រៀល​​ដ៏​គួរជា​ទី​មោទនភាព​របស់​ខ្មែរ​​នេះ​តែ​ម្តង​ ហើយ​​កាល​​នោះ ​​ចំនួន​គឺ​វា​នៅ​សម្បូរ​នៅ​​ឡើយ។ តែ​ឥឡូវ​​នេះ​ ហាក់​ដូច​ជា​មាន​ដំណឹង​ថា ស្ថិត​នៅ​ក្នុង​​ប្រភេទ​សត្វ​កម្រ​ ដោយសារ​តែ​បញ្ហា​បរិស្ថាន​ប្រែប្រួល​ មិន​ល្អ​ដូច​មុន​ ជាពិសេស​បញ្ហា​​បាត់បង់​ព្រៃ​ឈើ​ ដែល​ជាទី​ជម្រក​របស់​វា​នោះ​។


ចំពោះ​សត្វ​ក្រៀល​នេះ នាង​ខ្ញុំ​ក៏​បាន​​សិក្សា​ស្រាវជ្រាវ​បន្ថែម​នា​ពេល​ថ្មីៗ​នេះ ​​ក៏​​មាន​ការ​រំលេច​ចេញ​ជា​ចម្លាក់​សត្វ​ក្រៀល​ពី​​បុព្វបរុស​ខ្មែរ​​នៅ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ផង​ដែរ​ គ្រាន់​តែ​មិន​សូវ​សម្បូរ​ដូចជា​សត្វ​ស្លាប​ផ្សេងៗ​តែ​ប៉ុណ្ណោះ​​។ ដូច្នេះ​ចំពោះ​​ ភ័ស្តុតាង​នេះ ក៏​សរ​បញ្ជាក់​ថា សត្វ​​ក្រៀល​មាន​ប្រវត្តិ​តាំង​ពី​យូរ​លង់​មក​​នៅ​​ក្នុង​ប្រទេស​កម្ពុជា ​យើង​​គឺ​មាន​តាំង​សម័យ​​អង្គរ​​មក​»។​

កាល​​​ពី​ថ្មីៗ​នេះ​ដែរ​ វិចិត្រករ​ស្រី​ឆ្នើម​វ័យ ៣១ ​ឆ្នាំ​ អ្នកនាង ឆន ឌីណា​ បាន​រៀបចំ​ឱ្យ​មាន​នូវការ​​​ជួបជុំ​​​សំណេះសំណាល​បង្កើត​ស្នាដៃ​​សិល្បៈ​គំនូរ​​​ទៅ​​​តាម​​ជំនាញ និង​ចំណូល​ចិត្ត​របស់​ខ្លួន​ ក្រោម​​ប្រធានបទ​សំខាន់​​និយាយ​ពី​​​ទេសភាព​​ធម្មជាតិ និង​​​សត្វ​ព្រៃ​ ​គឺ​ជា​ការ​ចាប់​​​ផ្តើម​​ដំបូង​នៃ​គម្រោង​រៀបចំ​ជា​​កម្មវិធី​​សហគមន៍​សិល្បៈ​នេះ។

ប្រធាន​ក្រុម​រៀបចំ​គម្រោង​​កម្មវិធី​សិល្បៈ​​សហគមន៍​នេះ អ្នក​នាង ឆន ឌីណា​ បាន​ប្រាប់​ពី​គោល​បំណង​នៃ​ការ​​ជួបជុំ​គ្នា ​រវាង​ក្រុម​វិចិត្រករ​ខ្មែរ និង​បរទេស​ កាល​​ពី​ថ្ងៃទី ​២៩ ខែ ​សីហា ឆ្នាំ ​២០២០ កន្លង​មក​​នេះ​ផង​ដែរ​​​​ថា ​ការ​​នឹក​ឃើញ​បង្កើត​គំនិត​​ជា​សហគមន៍​​សិល្បៈ​នេះ ដោយសារ​​អ្នក​នាង​យល់​ថា​ ក្នុង​នាម​ខ្លួន​ជា​វិចិត្រករ ឬ​​សិល្បករ​ផ្នែក​គំនូរ​នេះ គឺ​យើង​ត្រូវ​តែ​​ចេះ​​​បង្កើត​នូវ​​ចំណាប់​អារម្មណ៍​ថ្មីៗ​ ​ដល់​​អ្នក​ទិញ​ស្នាដៃ​គំនូរ​របស់​យើង​ (buyers) មិនមែន​សំអាង​តែ​ខ្លួន​យើង​ជា​សិល្បករ​ ឬ​​វិចិត្រករ​ជំនាញ ​(Curators) ដែល​នេះ​​អ្នក​នាង​​​អាច​ហៅ​លក្ខខណ្ឌ​នេះ​បាន​ថា គឺ​ជា​ការ​​បង្កើត​ក្រុម​បណ្តាញ​​សង្គម ឬ​ network ​​នៅ​ក្នុង​សង្គម​នៃ​អ្នក​ចូលចិត្ត​​សិល្បៈ​​គំនូរ​។ ​

អ្នកនាង ឆន ឌីណា បន្ថែម​ថា​ យើង​មិន​​ប្រកាន់​ជាតិ​សាសន៍​ ឬ​វ័យ​នោះ​ឡើយ ឱ្យ​​តែ​មាន​គំនិត​ ឬ​ទស្សនៈ​សិល្បៈ​ជ្រៅជ្រះ គឺ​អាច​ចូលរួម​សហគមន៍​នៃ​អ្នក​សិល្បៈ​នេះ​បាន​៕​