ក្រុងញូវយ៉ក៖ អាវអំបោះចាក់ដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ ក្នុងបំណងលើកកម្ពស់ «ម៉ូដសម្លៀកបំពាក់ប្រកបដោយការទទួលខុសត្រូវ» បានក្លាយជាចំណាប់អារម្មណ៍នៅកម្មវិធីបង្ហាញម៉ូដ New York Fashion Week ចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ម្សិលមិញ។
ចំណូលមួយផ្នែកពីយីហោសម្លៀកបំពាក់ល្បី Gabriela Hearst នឹងត្រូវបរិច្ចាគដល់គម្រោងអភិរក្សព្រៃឈើ តំបន់ភ្នំក្រវាញនៅកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងកាលពីថ្ងៃអង្គារ។
អ្នកច្នៃម៉ូដដ៏ល្បីល្បាញនៅប្រទេស អ៊ុយរូហ្គាយ អ្នកនាង Gabriela Hearst ដែលល្បីយីហោសម្លៀកបំពាក់ប្រណីតសម្រាប់នារី បានបង្កើនភាពល្បីល្បាញរបស់នាងតាមរយៈការផ្សព្វផ្សាយស៊េរីម៉ូដរដូវកាលស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ ២០២០ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្នៃប្រឌិតប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវចំពោះបរិស្ថាន កាលពីថ្ងៃអង្គារកន្លងទៅនេះ។
ការច្នៃម៉ូដសម្លៀកបំពាក់របស់ អ្នកនាង Hearst ត្រូវបានប្រើប្រាស់សរសៃអំបោះធម្មជាតិ ក្រណាត់អំបោះចាក់យកមកប្រើប្រាស់ឡើងវិញ និងសំណល់ជាយក្រណាត់ព្រំតួកគីយកមកដេរភ្ជាប់គ្នាបង្កើតជារ៉ូប និងអាវក្រៅយ៉ាងស្រស់ស្អាត។
អាវធំ អាវរងា ក្រណាត់រុំ រ៉ូបវែង មួយចំនួនត្រូវបានប្រើអំបោះចាក់ដោយស្ត្រីនៅអង្គការ Manos del Uruguay នៅទឹកដីកំណើតរបស់អ្នកច្នៃម៉ូដវ័យ ៤៣ ឆ្នាំរូបនេះ។
ម៉ូដសម្លៀកបំពាក់ត្រូវបានច្នៃតាមបែបបទសវត្សរ៍ ១៩៧០ ដោយមានទាំងអាវស្បែកច្នៃលាបពណ៌ដោយដៃ និងការរចនាទម្រង់ជាគំនូរអរូបីទាក់ទិននឹងទិដ្ឋភាពក្នុងសុបិន។
លើសពីនេះទៅទៀត ចង្វាក់ផលិតកម្មសម្លៀកបំពាក់ត្រូវបានធានាពីសមធម៌សង្គម និងនិរន្តរភាពបរិស្ថានក្នុងវិស័យម៉ូដ ខណៈផលប៉ះពាល់បរិស្ថានតិចតួច ត្រូវបានប៉ះប៉ូវដោយការបរិច្ចាគប្រាក់មួយផ្នែកជូនទៅគម្រោងអភិរក្សព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញប្រទេស កម្ពុជា។
អ្នកច្នៃម៉ូដល្បីល្បាញ អ្នកនាង Gabriela Hearst ដែលធំធាត់នៅកសិដ្ឋានចិញ្ចឹមចៀមឯប្រទេស អ៊ុយរូហ្គាយ បាននិយាយថា៖ «ភាពប្រណីតនៃការស្លៀកពាក់ពិតប្រាកដ គឺការដឹងពីប្រភពខោអាវរបស់យើងមកពីណា ហើយវាត្រូវបានផលិតដោយវិធីណា»។
មុននោះផងដែរ នៅទីក្រុងមីឡាន ប្រទេស អ៊ីតាលី ម៉ាកយីហោល្បី Gucci ក៏បានប្រកាសពីនិន្នាការរបស់ខ្លួនក្នុងការប្រែក្លាយជាក្រុមហ៊ុនសម្លៀកបំពាក់ កាបូបស្បែកជើង និងគ្រឿងតុបតែងកាយប្រណីត ដែលចូលរួមកាត់បន្ថយការបំពុលបរិស្ថានតាមដែលអាចធ្វើទៅបាន។
យោងតាមទស្សនាវដ្ដី British Vogue កាលពីចុងឆ្នាំ ២០១៩ យីហោ Gucci នេះបានសហការជាមួយ Redd+ ជាគម្រោងមួយរបស់អង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល និងការកាប់បំផ្លាញព្រៃឈើនៅប្រទេស ប៉េរូ កេនយ៉ា ឥណ្ឌូនេស៊ី និងកម្ពុជា។
អគ្គនាយក Gucci លោក Marco Bizzarri បានប្រាប់ The Guardian ថា៖ «ពេលវេលាកាន់តែកន្លងទៅ យើងកាន់តែទទួលរបាយការណ៍ពីអ្នកវិទ្យាសាស្ត្ររឹតតែច្បាស់ថា ភពផែនដីយើងត្រូវបានបំពុលច្រើនណាស់ទៅហើយ»៕ AFP