ភ្នំពេញ៖​ ក្រោម​កិច្ច​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា ​ទី​​បំផុត​សមាគម​អ្នក​និពន្ធ​​ខ្មែរ​ ចម្រាញ់​​រក​​​​ឃើញ​​ជយលាភី​​​ចំនួន​ ១០​ រូប បាន​ពី​ការ​ប្រកួត​ជ្រើសរើស​​​ស្នាដៃ​រឿង​ខ្លី​ពាន​​​​រង្វាន់​អក្សរ​សិល្ប៍​​ស្លឹក​​រឹត​​លើក​​ដំបូង​​នៅ​ឆ្នាំ ​២០២០​​​ ដែល​មាន​ប្រធាន​​បទ​ស្តី​ពី​ «ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​​​កម្ពុជា​ប្រជាធិបតេយ្យ​ ប៉ុល ពត​»​។​


លោក​​បណ្ឌិត ឡឹក ជំនោរ ជា​អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​ ដែល​ទទួល​បន្ទុក​ខាង​ផ្នែក​ស្រាវជ្រាវ​​បោះ​​ពុម្ព​ផ្សាយ និង​នវានុវត្តន៍​បាន​បង្ហើប​​ឲ្យ​ដឹង​ថា​៖ «សមាគម​អ្នក​និពន្ធ​​ខ្មែរ​សហការ​ជាមួយ​មជ្ឈមណ្ឌល​​ឯកសារ​​​​កម្ពុជា​សម្រាប់​ការ​​ប្រកួត​ជ្រើសរើស​​​ស្នាដៃ​​តែង​និពន្ធ​រឿង​ខ្លី «ពាន​រង្វាន់​អក្សរ​​សិល្ប៍​​ស្លឹក​រឹត»​​ លើក​​ទី ១​ នៅ​​​ឆ្នាំ ​២០២០ ​ខណៈ​បេក្ខជន​ត្រូវ​សរសេរ​​ឲ្យ​ឆ្លុះ​​​បញ្ចាំង​​​តាម​​​ប្រធានបទ​​រួម​មួយ​ ​«ជីវិត​រស់នៅ​​ប្រចាំ​​ថ្ងៃ​​របស់​ប្រជាជន​​កម្ពុជា​​ក្នុង​របប​​កម្ពុជា​ប្រជាធិបតេយ្យ ​ប៉ុល ​ពត​»​។​


កញ្ញា គង់ ច័ន្ទ វ៉ាន់ណេង ម្ចាស់ជយលាភីលេខ ៥។ រូបថត ហ្វេសប៊ុក


សម្រាប់​​ជយលាភី​​ទាំង ​១០ រូប​នេះ យើង​បាន​ចម្រាញ់​ចេញ​ពី​បេក្ខភាព​ដាក់​ពាក្យ​ប្រកួត​ចំនួន​ ៦៨ រូប ហើយ​ជម្រុះ​លើក​ទី ​១ យក ​៣០ រូប​ និង​លើក​ទី ​២ ដែល​ក្រុម​គណៈកម្មការ​បាន​សម្រេច​​យក​បេក្ខភាព​ចំនួន​ ​១០ រូប​ចុង​ក្រោយ ដោយ​ផ្អែក​ទៅ​តាម​លក្ខខណ្ឌ​​នៃ​​ការ​វាយ​តម្លៃ​ និង​តាម​កម្រិត​ពិន្ទុ​ខ្ពស់​មក​ទាប​​​ ​ហើយ​ជយលាភី​ទាំង​ ១០ រូប​នោះ​​មាន​ទី​១ បាន​លើ​ស្នាដៃ​របស់​លោក ឧត្តម​សេនីយ៍ទោ អ៊ុច សំណាង សរសេរ​រឿង​មាន​ចំណង​ជើង​ថា «​បាយ​​​ក្តាំង​» ទី​២ បាន​ទៅ​លើ​ស្នាដៃ​របស់​លោក អៀ ហុកនីម សរសេរ​រឿង​មាន​ចំណង​ជើង​ថា «ពេល​ម៉ែ​ឃ្លាត​ទៅ» ទី​៣ បាន​ទៅ​លើ​ស្នាដៃ​​របស់​លោក វ៉ា មឿន សរសេរ​រឿង​មាន​ចំណង​ជើង​ថា​«ស្នាម​ដំបៅ» ទី​​​៤ បាន​ទៅ​លើ​ស្នាដៃ​របស់​លោក ឃុត សុខឿន បាន​សរសេរ​រឿង​មាន​ចំណង​ជើង​ថា ​«ក្រោម​មេឃ​តែ​មួយ»​ ទី​៥ បាន​ទៅ​លើ​ស្នាដៃ​របស់​កញ្ញា គង់ ច័ន្ទ វ៉ាន់ណេង បាន​សរសេរ​រឿង​មាន​ចំណង​ជើង​ថា «ព្រះ​អាទិត្យ​​​ឥត​ពន្លឺ» ទី​៦ បាន​ទៅ​លើ​ស្នាដៃ​របស់​លោក ម៉ៅ សុវណ្ណឌី បាន​សរសេរ​រឿង​មាន​ចំណង​ជើង​ថា «មួយ​​​ថ្ងៃ​មួយ​យប់»​​ ទី ៧ បាន​ទៅ​លើ​ស្នាដៃ​របស់​លោក ឆាន់ វុត្ថា បាន​សរសេរ​រឿង​មាន​ចំណង​ជើង​ថា «​ជើង​មេឃ​ពណ៌​ក្រហម» ទី​៨ បាន​ទៅ​លើ​ស្នាដៃ​របស់​លោក ​ស៊ឹម គឹមសាត ​បាន​សរសេរ​រឿង​មាន​ចំណង​​ជើង​ថា «មិន​ព្រម​រៀបការ»​ ទី​៩ បាន​ទៅ​លើ​ស្នាដៃ​របស់​លោក​ស្រី អ៊ុច ថាវី​ បាន​សរសេរ​រឿង​មាន​ចំណង​​ជើង​ថា «អ្នក​ទោស​ទួលស្លែង» និង​ទី​១០ បាន​ទៅ​លើ​ស្នាដៃ​របស់​លោក រឹម ទិត្យបញ្ញា​ បាន​សរសេរ​​​រឿង​មាន​ចំណង​ជើង​ថា ​«អាប់​សែ»​។


លោក រឹម ទិត្យ​បញ្ញា ម្ចាស់ជយលាភីលេខ ១០។ រូបថត ហ្វេសប៊ុក, លោក​ស្រី អ៊ុច ថាវី​ ម្ចាស់ជយលាភីលេខ ៩។ រូបថត ហ្វេសប៊ុក


លោក​បណ្ឌិត ឡឹក ជំនោរ ក៏​បញ្ជាក់​បន្ត​ដែរ​ថា៖ «ចំពោះ​ជយលាភី​ទាំង ​១០ រូប យើង​បាន​បែង​​ចែក​ជា​ ​២ ​​ផ្នែក​ ​គឺ​ចំនួន ៥ រូប​ចាប់​ពី​លេខ​ទី​១ ដល់​លេខ​ទី​៥ នឹង​ត្រូវ​បាន​ពាន​រង្វាន់​ជយ​លាភី​ និង​ចំនួន ​៥ រូប​ទៀត​​គឺ​យើង នឹង​ផ្តល់​ជូន​​​រង្វាន់​លើក​ទឹក​ចិត្ត​​ ព្រោះ​ថា​ពួក​គាត់​ ក៏​មាន​ស្នាដៃ​សរសេរ​រឿង​ខ្លី​ស្ថិត​នៅ​ក្នុង​កម្រិត​​​ល្អ​ពី​ការ​​ប្រកួត​ពាន​រង្វាន់​អក្សរសិល្ប៍​ស្លឹក​រឹត​លើក​ទី​១ ​នេះ​ ហើយ​​តាមរយៈ​ការ​ប្រកួត​​នេះ​ យើង​ឃើញ​​ថា បេក្ខជន​​បាន​ចូលរួម​​ប្រកួត ​មាន​ទាំង​ការ​សរសេរ​រឿង​​​ផ្ទាល់​ខ្លួន​ ដែល​បាន​ឆ្លង​​កាត់​​សម័យ​​​ប៉ុល​ពត និង​មាន​ទាំង​អ្នក​និពន្ធ ​ដែល​បាន​សរសេរ​រឿង តាមរយៈ​ការ​សម្ភាស​​ពី​សាច់​ញាតិ​ចាស់ៗ​​​​បាន​ឆ្លង​​កាត់​សម័យ​ប៉ុលពត»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​​​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​រឿង​​ខ្លី «ពាន​រង្វាន់​អក្សរ​សិល្ប៍​ស្លឹក​រឹត»​ លើក​​​ទី១​ ឆ្នាំ ២០២០ ក្រោម​ប្រធានបទ​ថា ​​​«​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​​​កម្ពុជា​​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​​​ប៉ុល​ពត» ក្នុង​​គោល​បំណង​រួម​​ចំណែក​ថែរក្សា ​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​រស់នៅ ​របស់​​​ប្រជាជន​​ខ្មែរ​ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត តាមរយៈ​​ស្នាដៃ​តែង​និពន្ធ ​និង​​​លើក​ស្ទួយ​​តម្លៃ​អក្សរសាស្ត្រ​ជាតិ​ខ្មែរ​ ដោយ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ បាន​​សហការ​ជា​មួយ​មជ្ឈមណ្ឌល​​​​ឯកសារ​​កម្ពុជា​។ ចំពោះ​ការ​ប្រគល់​ពាន​រង្វាន់​ដល់​បេក្ខភាព​ជយលាភី​នៃ​ការ​បរកួត​តែង​និពន្ធ​រឿង​ខ្លី «ពាន​រង្វាន់​​អក្សរ​​​សិល្ប៍​​ស្លឹក​រឹត»​ លើក​​​ទី១ នឹង​ជូន​ដំណឹង​ក្នុង​ពេល​ឆាប់ៗ៕​