ភ្នំពេញ៖ ការ​ប្រកួត​ប្រជែង​ទេពកោសល្យ​​គំនូរ​​នៅ​កម្ពុជា​ឆ្នាំ ​២០១៩ ឬ​ Kbach Artist Competition 2019 បាន​វិល​ត្រឡប់​មក​វិញ​ទៀត​ហើយ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ពី​​គេហទំព័រ​នៃ​ក្រុម​រៀបចំ​ការ​ប្រកួត​ នៅ​វិចិត្រ​​សាល Kbach Gallery បាន​​​ប្រកាស​ជូន​ដំណឹង​ពី​គេហទំព័រ​ផ្លូវ​​ការ​របស់​ខ្លួន​នា​ពេល​ថ្មីៗនេះ។​


បើ​តាម​គេហទំព័រ​សិល្បៈ​ក្បាច់​បាន​ឲ្យ​​​ដឹង​​ជា​សារ​ជូន​ដំណឹង​ក្នុង​​​បណ្តាញ​​​សង្គម​ថា៖ «​យើង​ខ្ញុំ​ពិត​ជា​រំភើប​រីករាយ​​​​នឹង​សូម​ប្រកាស​ជូន​ដល់​សិល្បករ​ទាំង​អស់​គ្នា ជា​ពិសេស​សិល្បករ​វ័យ​ក្មេង​ថា ​វិចិត្រសាល​ក្បាច់​របស់​យើង​​នឹង​មាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ​ជា ​៣ ប្រភេទ​នៅ​ក្នុង​ឆ្នាំ​នេះ។


​ទី​១​ គំនូរ​វិចិត្រសាល​ក្បាច់ ​(ផ្ទាំង​ក្រណាត់ ៤០ សង់ទីម៉ែត្រ x ៥០ សង់ទីម៉ែត្រ) ទី​​២ ផ្ទាំង​គំនូរ​ស្ទូឌីយោ​ក្បាច់ ​(បង្កើត​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​​នៅ​វិចិត្រសាល​ក្បាច់ ទំហំ ១ ម៉ែត្រ គុណ ២ ម៉ែត្រ) និង ​៣ រូប​ចម្លាក់​ស្ទូឌីយោ​ក្បាច់ ​(បង្កើត​រូប​​​ចម្លាក់​​ណា​មួយ​ទៅ​តាម​ទំហំ​ដែល​ពេញ​​​ចិត្ត​​នៅ​វិចិត្រសាល​ក្បាច់)។​ សិល្បករ​ដែល​ទទួល​បាន​ជយលាភី​​លេខ​ ​១ នឹង​ទទួល​បាន​​រង្វាន់​ជា​សាច់​ប្រាក់​​ចំនួន ១ ០០០ ​ដុល្លារ ក៏​ដូច​ជា​កិច្ចសន្យា​រយៈពេល ​១ ​ឆ្នាំ ​​ជាមួយ​នឹង​វិចិត្រ​សាល​ក្បាច់​ផង​ដែរ»​។


ដោយ​ឡែក​​ជយ​លាភី​លេខ ​២​ កាល​ពី​ការ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​ ​២០១៨ នោះ​ជា​​​​និស្សិត​ពេទ្យ​ឈ្មោះ​ លោក ហួរ​ សុបិន​ ដែល​កំពុង​តែ​រៀន​ជំនាញ​ជា​គិលានុបដ្ឋាក​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​ឆ្នាំ​ទី​២។ ខណៈ​​​​​ស្នាដៃ​​​​​ភាគ​ច្រើន​លោក​ សុបិន បាន​​​​លើក​យក​ពី​គុណ​សម្បត្តិ​របស់​ព្រះ​​​នាង​ជ័យរាជ​ទេវី ជា​ប្អូន​ស្រី​របស់​ព្រះ​​នាង​​ឥន្ទ្រ​ទេវី និង​ជា​មហេសី​ទី ​១ របស់​​ព្រះបាទជ័យវរ្ម័ន​ទី ​៧ ដែល​ជា​មហាក្សត្រ​ខ្មែរ​នៅ​សម័យ​អង្គរ​។


ស្នាដៃ​គំនូរ​ដែល​ដាក់តាំង​លក់​នៅ​ Khbach Gallery។ រូបថត Khbach Gallery Page


គួរ​រំឭក​ដែរ​ថា វិចិត្រ​​សាល​​ក្បាច់ Kbach Gallery​​ គឺ​ជា​វិចិត្រសាល​​ដំបូង​​ដែល​មាន​ការ​​​លាយ​ផ្សំ​សិល្បៈ​បែប​ប្រពៃ​​ណី​ខ្មែរ​ជាមួយ​​សិល្បៈ​ទីក្រុង​​បែប​​​​អន្តរជាតិ បង្កើត​ឡើង​តាម​ក្បាច់​រចនា​​​ប្លែក​នានា​នៅ​តាម​​ប្រាសាទ​ ​និង​ចង់​​សំដៅ​ទៅ​លើ​​គ្រឹះ​រចនាប័ទ្ម​​​នៃ​សិល្បៈ​ខ្មែរ មាន​ប្រភព​ចេញ​ពី​​វប្បធម៌​បុរាណ​នាសម័យ​អង្គរ ចម្លាក់​​​ថ្ម​លើ​​ប្រាង្គ​ប្រាសាទ អាទិទេព និង​​ទេពអប្សរា​​ជា​អាទិ៍​ ឆ្ពោះ​ទៅ​​រក​ស្នាដៃ​គំនូរ​បែប​​សហសម័យ​របស់​​ខ្មែរ។

តាំង​ពី​ចាប់​មាន​រូបរាង​ឡើង​នៅ​ឆ្នាំ ២០១៧ មក​នោះ​ វិចិត្រសាល​ក្បាច់​ក៏​បាន​​ខិតខំ​ប្រឹងប្រែង ដោយ​មិន​ខ្លាច​ហត់​​នឿយ ​ដើម្បី​ឲ្យ​មាន​ការ​លើក​ស្ទួយ​​​លើ​វិស័យ​សិល្បៈ​គំនូរ​ ដ៏​រុងរឿង​របស់​ទីក្រុង​ភ្នំពេញ និង​ធ្វើ​ឡើង​​មុន​​​​គេ​​បង្អស់​ក្នុង​ការ​បង្កើត​នូវ​ផ្ទាំង​ទស្សនីយភាព​​សិល្បៈ​ទីក្រុង​តាមរយៈ​ការ​ស្វែងរក​ការ​គាំទ្រ ​និង​ការ​លើក​កម្ពស់​ទៅ​​វិចិត្រករ​ឲ្យ​មាន​ការ​បណ្តុះ​គំនិត​ទៅ​លើ​ទម្រង់​សិល្បៈ​ខ្មែរ​នេះ​ទៀត​ផង​។

សេចក្តី​ជូន​ដំណឹង​ដដែល​នេះ​បាន​​បន្ត​ថា៖ ​«​វិចិត្រសាល​​ក្បាច់​ គឺ​ជា​ទង់​នាវា​​​នាំ​មុខ​នៅ​ក្នុង​​ការ​ប្រមូល​បណ្តុំ​សិល្បៈ​​ក្បាច់​ ​​មាន​ការ​ចូលរួម​យ៉ាង​ពេញ​ចិត្ត​ពី​ក្រុម​វិចិត្រករ​នានា​​ និង​មាន​​​គម្រោង​ជា​ច្រើន​ទៀត​ ​ដែល​អម​ដោយ​គោល​​បំណង​​បង្កើត​​​ជា​​សហគមន៍​មួយ​សម្រាប់​ក្រុម​វិចិត្រករ​ខ្មែរ​នៅ​ជំនាន់​ក្រោយៗ​ ដែល​អាច​ដាក់​តាំង​បង្ហាញ​នូវ​​ស្នាដៃ​​ខ្លួន​ និង​លើក​​កម្ពស់​តម្លៃ​​សិល្បៈ​ខ្មែរ​»។

ដើម្បី​ទទួល​បាន​ការ​ណែនាំ​ពី​របៀប​ដាក់​ពាក្យ​ប្រកួត​ប្រជែង​សិល្បៈ​ក្បាច់​ប្រចាំ​នៅ​ឆ្នាំ​ ២០១៩​ និង​ចង់​ដឹង​អំពី​​លក្ខន្តិកៈ​​បែប​បទ​នានា​នោះ​ ឬ​ចង់​បំពេញ​ឯកសារ​ពាក្យ​ប្រឡង​ ដើម្បី​ទទួល​បាន​ពាក្យ​ចូលរួម​ប្រកួត​នោះ​លោក​អ្នក​​សូម​ចុច​​ទៅ​លើ​គេហទំព័រ​ ​​ខាង​ក្រោម​នេះ​ ​https://forms.gle/XMCY2kTzrDuTdQxQA​​៕​