ក្រុងប៉ារីស: កម្មវិធី​ទូរស័ព្ទ​ដូចជា Facebook និង Tinder កំពុង​ត្រូវ​បាន​ប្រើ​ក្នុង​ឧស្សាហកម្ម​ពេស្យាកម្ម​អនឡាញ និង​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​យ៉ាង​គគ្រឹកគគ្រេង​។ នេះ​បើ​យោង​តាម​ការសិក្សា​ថ្នាក់​ពិភពលោក​មួយ​ដែល​ចុះផ្សាយ​ដោយ​ក្រុម​អង្គការ​ប្រឆាំង​អំពើ​ពេស្យាកម្ម​បារាំង​។


ក្រុម​អង្គការ​ប្រឆាំង​ពេស្យាកម្ម Fondation Scelles បាន​ឲ្យ​ដឹង​ថា ពេស្យា​កម្មបាន​វិវត្ដ​ពី «​តាម​ដងផ្លូវ​មកកាន់​អ៊ីនធឺណិត​» ជា​ទី​ដែល​ក្រុម​ហៅ​ម៉ូយ​ជ្រើសរើស​នារី​ក្មេងៗ​តាមរយៈ Snapchat និង Instagram មុន​ពេល​ដឹកជញ្ជូន​ពួកគាត់​ទៅ​តាម​អាសយដ្ឋាន​អាផាត​មិន​ជួល​លើ​វេបសាយ Airbnb​។


របាយការណ៍ «​ការកេងប្រវ័ញ្ច​ផ្លូវភេទ​៖ ឧបសគ្គ​ថ្មី​ដំណោះស្រាយ​ថ្មី​» បាន​តាម​ឃ្លាំមើល​ការអភិវឌ្ឍ​ថ្មីៗ​នៅ​បណ្ដា​ប្រទេស​ចំនួន ៣៥ លើ​សកលលោក​។ នៅ​អ៊ីស្រាអែល​កម្មវិធី​ណាត់ជួប​ស្នេហ៍ Tinder មាន​ការពេញ​និយម​បំផុត​ក្នុង​ការស្វែងរក​ពេស្យាចារ ខណៈ​សិស្ស​នៅ​ហ្សំប៊ី​ប្រើប្រាស់​ក្រុម Whatsapp និង Facebook ដើម្បី​ទាក់ទង​នារី​រកស៊ី​ផ្លូវភេទ និង ដឹកនាំ​ជូន​ភ្ញៀវ​លើ​អ៊ីនធឺណិត​។


នៅ​ប្រទេស​បារាំង​ក្រុង​បងធំ​បាន​ទាក់ទង​ក្មេងស្រី​អនីតិជន​ពី «​មជ្ឈមណ្ឌល​ថែទាំ​សុខុមាលភាព និង​អនុវិទ្យាល័យ​» លើ​បណ្ដាញ​សង្គម​ដូចជា Facebook និង Snapchat ដោយ​សន្យា​ផ្ដល់​ឱកាស​រក​ចំណូល​យ៉ាង​ឆាប់រហ័ស​មុន​ពេល​បង្ហោះ​ការផ្សព្វផ្សាយ​តាម​អនឡាញ និង​សេវាកម្ម​ដឹក​ជូន​អតិថិជន​។


ខណៈ​ការបង្ក្រាប និង​តាមដាន​ជនល្មើស​នៅ​ទី​ងងឹង​នៃ​បច្ចេកវិទ្យា​អាច​លំបាក​ខ្លាំង​លោក Yves Charpenel ប្រធាន​អង្គការ Fondation Scelles បាន​ថ្លែង​ថា​៖ «​ទង្វើ​នេះ​បាន​និង​កំពុង​កើតឡើង​ទូទាំង​ពិភពលោក​ចាប់ពី​ប្រទេស​រឹតត្បិត​ខ្លាំង ដូចជា ចិន រហូត​ដល់​អាល្លឺម៉ង់​»៕ HR