ក្រុង​កូឡុំបូ៖ ការ​ប៉ុនប៉ង​របស់​ប្រជាជន​​​ស្រីលង្កា​​ក្នុង​ការ​​គ្រង​កំណត់ត្រា​ពិភព​លោក តាមរយៈ​ការ​ប្រមូល​ផ្ដុំ​កូន​ភ្លោះ​ដ៏​ច្រើន​គូ​បំផុត​​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បរាជ័យ ដោយសារ​តែ​អ្នក​ចូលរួម​មក​ច្រើន​ពេក ពុំ​អាច​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​កត់ត្រា​ទាន់​ពេលវេលា។


អ្នក​រៀបចំ​កម្មវិធី​មក​ពី​ក្រុម​កូនភ្លោះ​ស្រីលង្កា បាន​ប្រកាស​ឲ្យ​កូនភ្លោះ​មក​ពី​គ្រប់​តំបន់​នៅ​ស្រី​លង្កា ធ្វើ​ដំណើរ​មក​កាន់​ពហុកីឡដ្ឋាន​នៅ​ក្រុង​កូឡុំបូ ដើម្បី​បំបែក​ឯតទគ្គកម្ម​ប្រជុំ​កូនភ្លោះ​ដ៏​ច្រើន​បំផុត​ក្នុង​លោក ដែល​កំណត់ត្រា​នេះ​​​ធ្វើ​ឡើង​នៅ​តៃវ៉ាន់ កាល​ពី​ឆ្នាំ ១៩៩៩ ជាមួយ​ចំនួន​កូន​ភ្លោះ​ពីរ ៣ ៩៦១ គូ កូន​ភ្លោះ​បី ៣៧ គ្រួសារ និង​កូន​ភ្លោះ​បួន ៤ គ្រួសារ។


ប៉ុន្តែ​មហា​ជំនួប​កូន​ភ្លោះ​នៅ​ស្រីលង្កា​កាល​ពី​ថ្ងៃ​ចន្ទ ដោយសារ​មនុស្ស​កកកុញ​នៅ​ពហុកីឡដ្ឋាន​ អ្នក​រៀបចំ​កម្មវិធី​ពុំ​អាច​ចុះ​ឈ្មោះ​ ពិនិត្យ​រូបថត ​និង​ផ្ទៀង​ផ្ទាត់​សំបុត្រ​កំណើត​កូនភ្លោះ​បាន​ទាន់​ពេលវេលា។


ការ​សម្ដែង​សិល្បៈ​របស់​ក្រុម​នារី​កូនភ្លោះ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ។ រូបថត AFP


អ្នក​នាំពាក្យ​ក្រុម​កូនភ្លោះ​ស្រីលង្កា Wasana Ranasinghe បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា ​ចំនួន​មនុស្ស​ច្រើន​ពេក​ធ្វើ​ឲ្យ​ការ​រៀបចំ​កម្មវិធី​ពុំ​អាច​ឆ្លើយ​តប​តាម​ស្ដង់ដា​ដ៏​តឹងរ៊ឹង​ពី​​កំណត់ត្រា​ហ្គីណេស។


អ្នក​នាំពាក្យ​ដែល​មាន​​កូនភ្លោះ​ស្រី ​១ គូ អាយុ ១០ ឆ្នាំ ​បាន​ឲ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​នោះ ចំនួន​កូន​ភ្លោះ​ជាង ៦ ០០០ គូ ដែល​មាន​អាយុ​ចន្លោះ ៣ ​ឆ្នាំ ទៅ ៨៩ ឆ្នាំ។ ពួក​គេ​បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​រយៈពេល ៥ ម៉ោង។ យ៉ាងណា​មិញ ពួក​គេ​ពុំ​បាន​ថត​រូប​ជុំគ្នា​ តាម​ការ​ណែនាំ​​​ពី​អ្នក​រៀបចំ​កម្មវិធី​នោះ​ទេ។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា៖ «យើង​ត្រូវ​រង់ចាំ ២ សប្ដាហ៍​ទៀត ​ទើប​ដឹង​ថា តើ​ជំនួប​កូន​ភ្លោះ​របស់​យើង ​​បាន​បំពេញ​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​​ក្នុង​ការ​បំបែក​ឯតទគ្គកម្ម​​បាន​ដែរ​ឬទេ?»៕ AFP