កែវ​ សុភ័ស​ ​ម្ចាស់បទ «ព្រម» ប្រឡូក​​​ក្នុង​សិល្បៈ​ជិត​មួយ​​ទស​វត្សន៍

Content image - Phnom Penh Post

ភ្នំពេញ: តា​រា​ចម្រៀង​ជិត​ ១ ​ទស​វត្សន៍​ និង​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​លោក​ កែវ​ សុភ័ស​ ហៅ​ ថូម៉ា ជ្រក​ក្រោយមផលិត​កម្ម​ ប៊ី អិន​ ដែល​មាន​លោក​ គីម​​ ថា​ណា​ ជា​អ្នក​គ្រប់​គ្រង​ កំពុង​ទទួល​បាន​ប្រជាប្រិយ​ភាព​តាម​រយៈ​បទ ​«​មនុស្ស​ម្នាក់​ដឹង​ខុស​» និង បទ «ព្រម​»​​។

តា​រា​ចម្រៀង​​ប្រុស​វ័យ​ ២៨​ ឆ្នាំ​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង និង​និពន្ធ​បទ​ភ្លេង​បាន​ផ្តល់​បទ​សម្ភាស៍​មក​កាន់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖​«​ខ្ញុំ​បាន​ចូល​សិល្បៈ​ជិត ​១០ ​ឆ្នាំ​មក​ហើយ​ ដោយ​បាន​ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាល​​ពី​ឆ្នាំ​ ២០០៧​ កាល​នោះ​ក្នុង​ទទួល​បាន​ជយ​លាភី ជា​កម្ម​វិធី​ប្រឡង​ចម្រៀង​លាក់​មុខ​»។

លោក​ កែវ​ សុភ័ស​ ក៏​ធ្លាប់​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​ Top Man នៅ​ពេល​ដែល​បាន​ទទួល​ជ័យ​លាភី​​ក្នុង​ការ​ប្រឡង​ចម្រៀង​ក្នុង​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​។

Content image - Phnom Penh Post

បន្ទាប់​ពី​ផលិត​កម្ម​ Top Man បាន​បិទ​ តា​រា​ចម្រៀង​រូប​នេះ​ នៅ​បន្ត​ក្នុង​វិស័យសិល្បៈ​​ចម្រៀង​ ដោយ​មិន​ចូល​ជា​សមាជិក​ក្នុង​ផលិត​កម្ម​ណា​មួយ​ឡើយ​អស់​រ​យៈ​ពេល​ច្រើន​ឆ្នាំ​។

ក្រៅ​ពី​ការងារ​សិល្បៈ​លោក​ កែវ​ សុភ័ស​ មិន​មាន​ការងារ​ ឬ​អាជីវកម្ម​អ្វី​ផ្សេង​ទៀត​ទេ​ ដោយ​តា​រា​ចម្រៀង​​សង្ហាររូប​នេះ​បាន​បញ្ជាក់​ថា​ចង់​ពង្រឹង​ចំពោះ​ការងារ​សិល្បៈ​ឲ្យ​កាន់​តែ​មាន​ប្រជា​ប្រិយ​ភាព​ជាង​មុន​សិន​។​

តារា​ចម្រៀង​ក្រោម​ទ្រនំ​ផលិត​កម្ម​ ប៊ី​អិន​ បាន​បន្ត​ទៀត​ថា​៖ ​«​បន្ទាប់​ពី​ខ្ញុំ​បាន​ចេញ​ពី​ផលិត​កម្ម​ Top Man មកមិន​ទាន់​បាន​ចូល​ផលិត​កម្ម​ផ្សេង​ទៀត​ទេ​ ប៉ុន្តែ​​ខ្ញុំ​ក៏​បាន​ចូល​ក្នុង​ផលិត​កម្ម​ ប៊ីអិន ដោយ​សារ​លោក​ គីម ថាណា​ ដែល​ជា​ម្ចាស់​ផលិត​កម្ម​ធ្លាប់​ជា​តា​រា​ចម្រៀង​រួម​ទ្រនំ​ពី​មុន​មក​គាត់​មាន​ធន​ធាន​ ទើប​គាត់​បើក​ផលិត​កម្ម​ខ្លួន​ឯង​ ហើយ​ក៏​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​ច្រៀង​ក្នុង​ផលិត​កម្ម​របស់​ខ្លួន​តែ​ម្តង​ទៅ ហើយ​ខ្ញុំ​ទើប​តែ​បាន​ចូល​ក្នុង​ផលិត​កម្ម​ ប៊ី​អិន​ រយៈ​ពេល​ជិត​ ២ ឆ្នាំ​ប៉ុណ្ណោះ​​»​។

ចំពោះ​បទ​ចម្រៀង​ ដែល​តា​រា​ចម្រៀង​ប្រុស​មាន​ភាព​រួស​រាយ​រូប​នេះ​ធ្លាប់​បាន​ច្រៀង​កន្លង​មក​សុទ្ធ​តែ​ជា​ស្នា​ដៃ​និពន្ធ​ថ្មី ដោយ​លោក​បាន​បញ្ជាក់​ថា​ មិន​ធ្លាប់​ច្រៀង​ចម្រៀង​បែប​កូពី (​ចម្លង) បរទេស​នោះ​ទេ​ ហើយ​លោក​បន្ថែម​ទៀត​ថា​៖ ​«នៅ​ថ្ងៃ​អនាគត​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ចំពោះ​អាជីព​ជា​អ្នក​ចម្រៀង​មួយ​នេះ​ ព្រោះ​ជា​ការ​ស្រឡាញ់​ពេញ​ចិត្ត​របស់​ខ្ញុំ​តាំងពី​ក្មេង​។​ ក្នុង​បច្ចុប្បន្ន​នេះ​ដែរ​ ខ្ញុំ​កំពុង​តែ​រិះ​រក​បទ​ចម្រៀង​ល្អៗ យក​មក​ច្រៀង​ ដើម្បី​បម្រើ​អារម្មណ៍​ពុក​ម៉ែ​បង​ប្អូន​បន្ត​ទៀត​»​។

ទន្ទឹម​នឹង​នេះ​លោក​ កែវ​ សុភ័ស​ ហៅ​ ថូម៉ា កំពុង​តែ​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​ទៀត​ ដែល​ជា​បទ​បែប​ស្រុក​ស្រែ​ ​និង​បទ​សម្រាប់​យុវវ័យ​ដោយ​មាន​ការ​និពន្ធ​ដោយ​លោក​ ស៊ឹម​ សុភ័ណ្ឌ​ ផង​ដែរ​៕