ក្រុង​វីចតូរីយ៉ា៖ ទ័ព​អណ្ដើក​យក្ស​វារ​គើមៗ​ឆ្លង​កាត់​ដែន​កោះ​ខូស៊ីន​ ខណៈ​បក្សី​កម្រ​ហើរ​ឆ្វែល​ខាង​លើ​។


ទិដ្ឋភាព​នេះ​បង្ហាញ​ពី​ភាព​ជោគជ័យ​​របស់​អង្គការ​អភិរក្ស​សត្វ Bird-Life International ដែល​បាន​បំពេញ​​កិច្ចការ​លើ​ប្រទេស​កូន​កោះ​​សីស្ហែល ក្នុង​ឆ្នាំ ​១៩៦៨ ដើម្បី​សង្គ្រោះ​​ជីវិត​បក្សី​ចម្រៀង​មួយ​ក្បាល​ពី​ការ​ងាប់​​ផុត​ពូជ​។ ព្រៃ​ក្រាស់ ដែល​ជា​ដំណាំ​ដូង និង​ចម្ការ​គ្រឿង​ទេស​ គ្រប​ដណ្ដប់​លើ​ផ្ទៃ​កោះ ពេល​ក្រុម​អភិរក្ស​បាន​ឈាន​ជើង​មក​ការពារ​បក្សី​ចម្រៀង​សីស្ហែល​ជា​​លើក​ដំបូង​។


ពេល​នេះ ជាមួយ​រុក្ខជាតិ​ដ៏​ស្រស់​បំព្រង​ និង​ស្ទួយ​បរិស្ថាន​ឆ្នេរ​ដ៏​ស​ក្បុស កោះ​ខូស៊ីន ប្រែ​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ ដោយ​បាន​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ចំពោះ​បរិស្ថាន​។


មនុស្ស​ជាង ១៦ ០០០ នាក់ ​បាន​មក​កម្សាន្ដ​នៅ​លើ​ដែន​កោះ​ក្នុង​ឆ្នាំ ​២០១៨ បើ​ធៀប​នឹង ​១ ​ទសវត្សរ៍​មុន​មាន​ចំនួន​ភ្ញៀវ ១២ ០០០ នាក់​។


បក្សី​ត្រូវ​បាន​​សង្គ្រោះ និង​បន្ត​បន្លឺ​សំឡេង​ពេញព្រៃ​ក្រោយ​​ការ​សង្គ្រោះ​។ រូបថត AFP


លោក ​នីម៉ាល់ សះ ជា​នាយក​អង្គការ Nature Seychelles ដែល​ទទួល​បន្ទុក​អភិរក្ស​ និយាយ​ថា​៖ «វិស័យ​ទេសចរណ៍​ពិត​ជា​សំខាន់​សម្រាប់​ដែន​កោះ​ខូស៊ីន​។ ប៉ុន្ដែ​ចំនួន​ទេសចរ ១៦ ០០០ នាក់ ពិត​ជា​ច្រើន​ណាស់​ហើយ​»។

មុន​ពេល​ដែនកោះ​នេះ​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​របស់​ឯកជន​ចំនួន​បក្សី​ចម្រៀង​​សីស្ហែល​ត្រូវ​បាន​ជឿ​ថា ​ធ្លាក់​មក​​ត្រឹម ២៦ ល​ ដែល​កម្រ​បាន​ឃើញ​ស្រែក​ច្រៀង​លើ​ដើម​កោង​កាង​ក្រោយ​ពី​ជម្រក​របស់​អ្នក​ស្រុក​កោះ​ទាំង​នេះ​ត្រូវ​បាន​បំផ្លាញ​។

បច្ចុប្បន្ន​ពួក​វា​មាន​ចំនួន​ជាង ៣ ពាន់​​ក្បាល ហើយ​បក្សី​ពណ៌​ត្នោត​ក្លាយ​​បៃតង​ទាំង​នេះ ​ត្រូវ​បាន​យក​មក​នៅ​ប្រជុំ​កោះ​ចំនួន ៤ ផង​ដែរ​។ ព្រៃ​កោង​កាង​ត្រូវ​បាន​ដាំ​ឡើង​វិញ ដែល​សម្បូរ​ជីងចក់ ក្ដាម​ផ្ញើ​ប្រាណ និង​បក្សី​សមុទ្រ ហើយ​ដែន​កោះ​ជា​ជម្រក​បក្សី​ដ៏​សំខាន់​សម្រាប់​អណ្ដើក​សមុទ្រ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។

សហភាព​អន្ដរជាតិ ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) ជជែក​អំពី «ជីវ​ចម្រុះ​​ដ៏​ល្អ និង​លទ្ធផល​សម្រេច​ការ​អភិរក្ស​» ដែន​កោះ​ខូស៊ីន «ជា​កោះ​ដំបូង​ដែល​ត្រូវ​បាន​ទិញ​សម្រាប់​ការ​​អភិរក្ស​ពូជ​សត្វ​» ដែល​ជា​គំរូ​គួរ​ត្រូវ​បាន​យក​ទៅ​អនុវត្ត​​​នៅ​ជុំវិញ​ពិភព​លោក៕ AFP/HR