ភ្នំពេញៈ កំហឹង​នៅលើ​ដងផ្លូវ (Road Rage) អំឡុង​ពេល​បើកបរ​ជា​បញ្ហា​ចោទ​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​អាច​នាំឲ្យ​មាន​ការធ្វេសប្រហែស​មិន​ទទួល​ខុសត្រូវ និង​មិន​យក​ច្បាប់​មក​ធ្វើ​ជា​គោល​ក្នុង​ការធ្វើ​ដំណើរ​។


យោង​តាម​អនុបណ្ឌិត​ចិត្តសាស្ត្រ​លោក ហឿ សេធុល បញ្ហា​នេះ​ផ្ដើម​ចេញ​ពី​បញ្ហា​ស្ទះចរាចរណ៍​រយៈពេល​យូរ​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​បុគ្គល អ្នក​បើកបរ​អាច​ចាប់ផ្ដើម​ខឹង​មួម៉ៅ និង​ច្របូក​ច្របល់​។


អ្នកជំនាញ​ចិត្តសាស្ត្រ​កម្ពុជា​រូបនេះ​បាន​ពន្យល់​ពី​បញ្ហា​កើត​មាន​កំហឹង​ក្នុង​ការបើកបរ​នៅ​លើ​ដងផ្លូវ​ឲ្យ​ដឹង​ថា​៖ «​អ៊ីចឹង​នៅពេល​ដែល​ផ្លូវ​ចាប់ផ្តើម​ឈប់​ស្ទះ បុគ្គល​ដែល​បើករថយន្ត ឬ​ក៏​ម៉ូតូ​គាត់​ចាប់ផ្តើម​បើក​លឿន​យក​តែ​ម្តង លែង​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​។ ចំណុច​នេះ​គឺជា​ការសិក្សា​មួយ​ដែល​គេ​បានបង្ហាញ ហើយ​ចំណុច​នេះ​ហើយ​ដែល​អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​វា​កើនឡើង​»​។


លោក​សម្គាល់​ឃើញ​ដែរ​ថា កំហឹង​នៅលើ​ដងផ្លូវ​នៅ​កម្ពុជា​មាន​ការកើនឡើង ស្រប​នឹង​កំណើន​ការប្រើប្រាស់​រថយន្ត​ដែល​ជា​មូលហេតុ​ធ្វើឲ្យ​មនុស្ស​កាន់តែ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​មាន​កំហឹង​នៅ​លើ​ដងផ្លូវ និង​បើកបរ​គ្មាន​ការប្រុងប្រយ័ត្ន​។


លោក ហឿ សេធុល បាន​បន្ត​ទៀត​ថា​៖ «​ទាក់ទង​ជាមួយ​កត្តា​សង្គម​របស់​យើង​ដែល​ចង់​និយាយ​ពី​របៀប​នៃ​ការបើកបរ​របស់​ប្រជាជន​យើង​នៅ​ខ្វះ​សណ្តាប់ធ្នាប់ ការយល់ដឹង​ផ្នែក​ច្បាប់​។ អ៊ីចឹង​ក៏​ធ្វើឲ្យ​ពួកគាត់​ទៅ​ជា​អនាធិបតេយ្យ​ច្រើន​ហើយ​ការ​ដែល​ធ្វើ​អនាធិបតេយ្យ​ច្រើន​ក៏​ធ្វើឲ្យ​ការកកស្ទះ​កាន់តែ​ច្រើន ហើយ​នៅពេល​ដែល​មាន​រឿង​កើតឡើង​ពួកគាត់​បាន​គិត​ថា​យក​លុយ​ជា​អាង​។ អ៊ីចឹង​កាន់តែ​ធ្វើឲ្យ​ពួកគាត់​លែង​ខ្វល់​ពី​បញ្ហា​អស់​ទាំង​នេះ ហើយ​ក៏​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត​»​។


អនុបណ្ឌិត​ផ្នែក​ចិត្តសាស្ត្រ​លោក ហឿ សេធុល​។ រូបថត ហ្វេសប៊ុក

អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​ហ្វីលីពីន​រូបនេះ ក៏​បាន​លើក​ឡើង​ពី​ចំណុច​ដែល​អាច​រួម​ចំណែក​បំបាត់​បញ្ហា​នៅលើ​ដងផ្លូវ​នេះដែរ ដោយ​លោក​ថា​៖ «​ការចែងច្បាប់ និង​ក្រឹត្យក្រម​របស់​យើង​មាន​ហើយ ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​ការពង្រឹង​ឲ្យ​មាន​ការអនុវត្ត​ខ្ពស់ជាង​នេះ​។ ជួនកាល​ក៏​មិន​ត្រូវ​បន្ទោស​ទៅលើ​ផ្នែក​ច្បាប់​មួយ​មុខ ដែល​វា​ទាក់ទង​ជាមួយ​ការសិក្សា ការអប់រំ​របស់​បុគ្គល​ដូចគ្នា​។ ពួកគាត់​គួរ​តែ​ចូល​សាលាបង្រៀន​បើកបរ​ឲ្យ​ច្បាស់លាស់ មិនមែន​យក​លុយ​ទៅ​ទិញ​សិទ្ធិ​ក្នុង​ការបើកបរ​ដោយ​គ្មាន​វិជ្ជាជីវៈ​នោះ​ទេ ហើយ​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​ក៏​មិន​គួរ​បណ្តោយ​ឲ្យ​បើកបរ​នៅ​ដងផ្លូវ​សាធារណៈ​ដូច​គ្នា​»​។

កំហឹង​លើ​ដងផ្លូវ​ប៉ះពាល់​ទៅ​លើ​សង្គម​ច្រើន​ដោយ​ដើមហេតុ​អាច​កើត​មកពី​បុគ្គល​គ្មាន​សណ្តាប់ធ្នាប់ ចាប់ផ្តើម​ចេញ​ពី​ការរៀបចំ​ផ្ទះ​ជាដើម​។ បើសិន​ជា​បុគ្គល​បែប​នេះ​ចេញ​មក​ប្រឡូក​ការងារ​ខាងក្រៅ ហើយ​ក៏​នៅ​តែ​មិន​មាន​សណ្តាប់ធ្នាប់ វា​អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងទៀត​នៅក្នុង​សង្គម​។

លោក ហឿ សេធុល ក៏​បាន​បន្ថែម​ដែរ​ថា​៖ «​ខ្ញុំ​ចង់​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជួយ​សិក្សា​ស្រាវជ្រាវ​ផ្នែក Road Rage ឲ្យ​បាន​ច្រើន និង​ច្បាស់លាស់ ដើម្បី​យើង​កែលម្អ​សង្គម​យើង​ជា​ផ្នែក​មួយ​សំខាន់បំផុត និង​ជួយ​ពង្រឹង​ផ្នែក​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ បើសិន​ជា​អ្នក​ខុស​បាន​ទទួលទោស​តាម​ច្បាប់​គ្រប់​គ្នា ខ្ញុំ​ជឿថា​ប្រជាជន​ពិត​ជា​មាន​ទំនុកចិត្ត​មក​លើ​ផ្នែក​ច្បាប់ និង​លែង​មាន​អំពើហិង្សា​នៅ​លើ​ដងផ្លូវ​ជា​ប្រាកដ​»៕