ព្រះពុទ្ធសករាជ​នៃ​ព្រះពុទ្ធសាសនា អតិក្កន្តា​កន្លង​ទៅ​បាន ២៥៦២ ព្រះវស្សា ហើយ​គិត​ត្រឹម​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១ រោច ខែ​ពិសាខ​នឹង​ចូល​ទៅ​ព្រះពុទ្ធ​សករាជ ២៥៦៣ ព្រះវស្សា​។


នឹង​គណនា​ឆ្នាំ​កុរ ឯកស័ក ឥឡូវ​នេះ​សង្ក្រាន្ត​ចូល​មក​នៅ​វេលា​ម៉ោង​ ១៥: ១២ នាទី​រសៀល​ថ្ងៃ​អាទិត្យ ១០ កើត ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃទី​ ១៤ ខែ​មេសា ឆ្នាំ​ ២០១៩ ព្រះអាទិត្យ ចរ​ចេញ​ពី​មីនៈរាសី ទៅ​ស្ថិត​នៅឯ​មេសៈរាសី​ដើរ​តាម​គោវិថី​គឺ​ផ្លូវកណ្តាល​មាន​ទេពធីតា ១ ព្រះអង្គ​ជា​អគ្គនាយិកា ព្រះនាម ទុង្សាទេវី គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​ក្រហម សៀតផ្កា​ទទឹម អាភរណៈ​កែវ​បទុមរាគ ព្រះហស្ត​ស្តាំ​ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ ដែល​សោយ​ផ្លែ​ឧទុម្ពរ (​ផ្លែល្វា​) គង់​លើ​សុបណ្ណរាជ (​ស្តេច​គ្រុឌ​) ​ជា​ពាហនៈ​នាំ​អស់​ពួក​ទេពនិករ បវរកញ្ញា ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហាកែវ ឈ្មោះ​ធម្មាលី​នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត​ដែល​ប្រតិស្ឋាន​ទុក ព្រះសិរសា កបិល​មហាព្រហ្ម តម្កល់​នៅ​លើ​ពានមាស​នាំ​ចេញ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះសុមេរុរាជ​ជុំ​ចក្កវាឡ​តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​គម្រប់ ៦០ នាទី ហើយ​ដង្ហែ​ចូល​តម្កល់​ទុក​ដូចដើម ទើប​ប្រជុំ​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​អនោតត្ត​មហាស្រះ​ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្មកែវ​ជា​មាត់​គោ​ឧសភរាជ​ទាំង​ ៧ ត្រជាក់ត្រជំ​ក្សេមក្សាន្ត​ព្រះហឫទ័យ​ទើប​នាំ​គ្នា​ចូល​ទៅ​សមាទានសីល​ដោយ​ព្រះទ័យ សោមនស្ស​រីករាយ​គ្រប់ៗ​អង្គ​ក្នុង​ភគវតីសភា ដែល​វិស្សកម្ម​ទេវបុត្រ​និម្មិត​ថ្វាយ ហើយ​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ ចម្រើន​នូវ​សុភមង្គល សិរីសួស្តី ជន្មាយុ យឺនយូរ​តរៀង​ទៅ​។


• ថ្ងៃ​អាទិត្យ ១០ ​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤ ខែ​មេសា ឆ្នាំ​ ២០១៩ នា​វេលា​ម៉ោង ១៥: ១២ នាទី រសៀល​គឺជា​ថ្ងៃ​ចូលឆ្នាំ​ថ្មី​។


• ថ្ងៃ​ចន្ទ ១១ កើត​ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​មេសា ឆ្នាំ​ ២០១៩ គឺជា​ថ្ងៃ​វ័នបត​។


• ថ្ងៃ​អង្គារ ១២ កើត​ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​មេសា​ឆ្នាំ​ ២០១៩ គឺជា​ថ្ងៃ​ឡើងស័ក​។


នេះ​ជា​គម្រប់​សង្ក្រាន្ត ៣ ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជា​សកល​ឆ្នាំ​កុរ ឯកស័ក​តរៀង​ទៅ​។

ក្នុង​ឳកាស​សង្ក្រាន្ត​ទាំង ៣ ថ្ងៃ​នេះ​សូម​អស់​ជនានុជន​ប្រុស​ស្រី​ទាំងឡាយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​មាន​ទៀនធូប ផ្កាភ្ញី ថ្វាយ​ព្រះរតនត្រ័យ និង​នំចំណី ផ្លែឈើ​ជាដើម​ជូន​មាតាបិតា អាណាព្យាបាល ជា​បុព្វការី ព្រម​ទាំង​ចាំ​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​។ សូម​ខិតខំ​លះបង់​នូវ​ចិត្តអាក្រក់​ប្រកប​ដោយ​អភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ​ឲ្យ​ជ្រះស្រឡះ ចម្រើន​ឡើង​វិញ​នូវ​ចិត្ត​ប្រកប​ដោយ​បញ្ញា និង​ព្រហ្មវិហារធម៌ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យ​សុន្ទរ៍ទាន រក្សាសីល តាម​ប្រពៃណី​ឲ្យ​ជាប់​ជានិច្ច​នោះ​ទេព្តា​នឹង​ឲ្យ​ពរ​សព្ទសាធុការ​លោក​អ្នក​នឹង​មាន​សិរីសួស្តី និង​សុភមង្គល វិបុលសុខ គ្រប់ប្រការ ប្រកប​ការងារ​បាន​ត្រជាក់ត្រជំ អាយុ​យឺនយូរ​តរៀង​ទៅ​។

ទំនាយ​ប្រចាំ​ឆ្នាំ

-​កេណ្ឌ​ព្រះពិរុណសាស្ត្រ សម្រាប់​វេលា​ឆ្នាំ​នេះ​ព្រះ​ព្រហស្បតិ៍ គឺជា​អធិបតី មាន​នាគ ៥ បង្អុរ​ទឹកភ្លៀង ៥០០ មេ​។ ភ្លៀង​ធ្លាក់​នៅ​ចក្កវាឡ ២០០ មេ​ចែក​ទៅ​ព្រៃហិមពាន្ត ១៥០ មេ ​ទៅ​មហាសមុទ្រ ១០០ មេ ភ្លៀង​ធ្លាក់​នៅ​ជម្ពូទ្វីប​មនុស្សលោក​មាន ៥០ មេ​។ ឆ្នាំ​នេះ​ដើមឆ្នាំ និង​ចុងឆ្នាំ​មាន​ភ្លៀង​ច្រើន​កណ្តាល​ឆ្នាំ​មាន​ភ្លៀង​តិច និង​មាន​ខ្យល់ព្យុះ​ច្រើន​។

-​កេណ្ឌធារាទិគុណ និង ធញ្ញាហារ

ឆ្នាំ​នេះ​អាកាសធាតុ​ត្រជាក់​ជា​មធ្យម ទឹកទន្លេ ស្ទឹង ឡើង​ខ្ពស់​ខ្លាំង​ (​ទឹកធំ​)​។ ខណៈ​ស្រូវ​ក្នុង​ស្រែចម្ការ​មាន​ភាព​លូតលាស់​ល្អ​ដំបូង​ក្រោយមក​ក៏​មាន​សត្វល្អិត​ស៊ី​បំផ្លាញ នាំ​ឲ្យ​បាន​ផល​ពាក់កណ្តាល ខូច​ពាក់កណ្តាល​។ ដំណាំ​ផ្លែឈើ​ផ្សេងៗ​មាន​ផ្លែ​តិចតួច​។

- ចូល​ព្រះវស្សា

នៅ​ថ្ងៃ ពុធ ១ រោច ខែ​អាសាឍ​ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ​កក្កដា ឆ្នាំ​ ២០១៩ ជា​ចូឡាធិក​បាន​ឫក្ស ២១ តិថី ១៥ ជា​កាល​វស្សាន្ត​រដូវ​ត្រូវ​តាម​ប្រពៃណី​ពី​បុរាណ​ព្រេងនាយ​ហោង​។

- គ្រាស

ថ្ងៃ​ព្រហស្បតិ៍ ១ ​កើត​ខែ​បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​ថ្ងៃទី​ ២៦ ខែ​ធ្នូ ឆ្នាំ​ ២០១៩ មាន​សូរ្យគ្រាស​ជា​អឌ្ឍគ្រាស​ផ្តើម​គ្រាស​ពី​ម៉ោង ១២ និង ៣៦ នាទី​រសៀល​គ្រាស​អស់​ទៅវិញ​នៅ​វេលា​ម៉ោង ២ និង ២០ នាទី រសៀល (​តាម Astronomie Cambodgiene)​។

រាសី ៨ ជាន់

១.​ប្រុស​អាយុ ១២,២០,២៨,៣៦,៤៤,៥២ និង ៦០ ឆ្នាំ

.​ស្រី​អាយុ ១៤,២២,៣០,៣៨,៤៦ និង ៥៤ ឆ្នាំ​ពេញ

លោកអ្នក​មាន​អាយុ​ប៉ុណ្ណេះ រាសី​ឡើង​ខ្ពស់​ណាស់ ការប្រព្រឹត្ត និង​ព្យាយាម​របស់​អាត្មា​មាន​ត្រឹម​ណាស់ វត្ថុ​ធាតុ​ដែល​ចោមរោម​ជុំវិញ​ខ្លួន​មាន​រង្វាល់​ប៉ុន្មាន​សឹង​បាន​ប្រសើរ​លើសលប់ សេចក្តី​សុខកាយ សប្បាយចិត្ត លាភផល​ញាតិមិត្ត​ជិត​ឆ្ងាយ វិជ្ជា​ការសិក្សា​យសស័ក្តិ និង​អំណាច​គតិភាព​ទាំង​អម្បាល​នេះ​សុទ្ធតែ​មាន​ជោគជ័យ​ប្រកប​ដោយ​ការលូតលាស់​រីកចម្រើន​រឿយៗ​។ ជាពិសេស​លោក​អ្នក​នឹង​ទទួល​បាន​សុភមង្គល​ប្រចាំជីវិត​ផង​ក៏សឹង​មាន​សូម​កត់សម្គាល់​ចុះ​ថា ជោគជ័យ​សម្រាប់​អស់លោកអ្នក​ក្នុង​ឆ្នាំ​នេះ​ស្ថិត​នៅ​ខាង​បូព៌ាទិស​។

២.​ប្រុស​អាយុ ១៣ ,២១ ,២៩,៣៧ ,៤៥ និង ៥៣ ឆ្នាំ

.​ស្រី​អាយុ ១៣ ,២១ ,២៩ ,៣៧ ,៤៥ និង ៥៣ ឆ្នាំ​ពេញ

លោក​អ្នកនាង​ក្នុង​ឆ្នាំ​នេះ​សូម​កត់សម្គាល់​ចុះ​ថា បើ​មិន​មាន​ការចាំបាច់ មិនគួរ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ឆ្ងាយ​នា​ទិសឦសាន ញឹកញាប់​ពេក​ទេ​ដោយ​ផ្ទាល់ខ្លួន​ម្នាក់ឯង ក្រែង​កើត​មាន​រឿងរ៉ាវ បណ្តាល​ពី​សត្រូវ​ផ្ទុយ​ភេទ​គ្នា ចាប់​ចោទប្រកាន់​ដោយ​ប្រការ​ផ្សេងៗ ប្រសិន​បើ​ទៅ​ខាង​ទិស​នោះ ហើយ​ជួន​បាន​ជួបប្រទះ​លាភ មាន​ជីវិត​ជើង​ ២ នោះ​ក៏​កុំ​គប្បី​អបអរសាទរ ត្រដក់ត្រសុំ​ជា​ទីសង្ឃឹម​ឡើយ​។ ម្យ៉ាងទៀត​ឆ្នាំ​នេះ​បើ​ជា​ឱកាស​គួរ​ដល់​រៀប​អាពាហ៍ពិពាហ៍ ប្រសិន​បើ​មិន​ជា​ការចាំបាច់​ទេ គប្បី​សង្កេត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​។ បើ​រឿង​ស្នេហា​ដោយ​មិន​ពិចារណា​រកហេតុ​ផល​ឲ្យ​ល្អិតល្អន់​ទេ មុខ​តែ​មាន​វិបត្តិ​ជាមួយ​គ្នា បើ​មិន​ឆាប់​ក៏យូរ​ជា​មិន​ខាន ព្រោះ​រាសី​លោកអ្នក​ក្នុង​ឆ្នាំ​នេះ​ធ្លាក់ចុះ ក្នុង​គំនរ​ទុក្ខ ព្រោះតែ​ស្នេហា​ជា​ទោស​។ ហេតុនេះ​សូម​តាំង​ចិត្ត​អំណត់​ប្រុងស្មារតី ចងចាំ​ជានិច្ច​តម្រង់​មានះ​ឲ្យ​បាន រឹង​ជំហរ​តទប់​នឹង​គ្រោះ​ស្នេហ៍ នាពេល​នេះ​កុំ​ឲ្យ​ចូល​មក​លឹបលលេង ឬ​ទាក់ទាញ​ស្មារតី​អាត្មា​បាន ។

៣. ប្រុស​អាយុ ១៤ ,២២ ,៣០ ,៣៨ ,៤៦ និង ៥៤ ឆ្នាំ

.​ស្រី​អាយុ ១២ ,២០,២៨,៣៦,៤៤,៥២ និង ៦០ ឆ្នាំ​ពេញ

អស់​លោកអ្នក​កើត​ក្នុង​ឆ្នាំ​នេះ​មុខ​ជា​មាន​ភ័ព្វ​វាសនា បាន​ជួបប្រទះ​លាភ​ផល​សមចិត្ត​ប្រាថ្នា​មិន​ខាន​។ រាសី​ក្នុង​ឆ្នាំ​នេះ​អាច​ស្រូប​បឺត​យក​លាភសក្ការៈ​បាន​ច្រើនៗ​ពី​ទិសឧត្តរ​។ ចំពោះ​លាភ​លឿង និង​លាភ​ស តែ​គួរ​គត់សម្គាល់​ចុះ​លាភ​ផល​ទាំងឡាយ​ក្នុង​ឆ្នាំ​នេះ​លំបាក​ទុកដាក់ ឬ​ផ្សំ​ឲ្យ​គង់វង្ស​បន្តិច ព្រោះ​មាន​ការ​ពី​ញាតិមិត្ត​មក​ខ្ចី ឬ​សុំ​ឲ្យ​ជួយ​ទំនុកបម្រុង​។ បើ​មិន​ដូច្នោះ​ក៏​ត្រូវ​ដូរ​ដោះ​យក​ទ្រព្យ​ផ្សេងៗ​ដទៃ​ទៀត​មក​ជំនួស​វិញ​។ មួយ​វិញទៀត បើ​បាន​លាភ​គ្មាន​ជីវិត​ច្រើន​ជាង​មាន​ជីវិត បណ្តា​លាភផល​នេះ​អាស្រ័យ​ហេតុ​ស្រប​នឹង​អំពើ​ប្រព្រឹត្ត ព្យាយាម​របស់​ខ្លួន​ព្រម​គ្នា និង​វត្ថុធាតុ​ស្ថិត​នៅ​កៀកកិត​ជុំវិញ​ខ្លួន ប្រសិន​បើ​ពោល​ពី​ទំហំ​លាភ​ផល​វិញ​គ្រា​តែ​ឫក្ស​ផ្កាយ​ជតា​ចង្អុល​ទៅលើ «​មហទ្ធនោ​» ទើប​បាន​លាភផល​ដ៏ស្តុកស្តម្ភ​។ ឆ្នាំ​នេះ​បើ​តាម​ទេសកាល​គួរ​ដល់​ការរៀបចំ​មង្គលការ​លោក​អ្នក​កើតមាន​ក្នុង​ពេល​នេះ​គឺជា​ជោគជ័យ​ប្រចាំ​គ្រួសារ​ឥត​មាន​អ្វី​យក​មក​ប្រដូច​បាន​ឡើយ​។

៤. ប្រុស​អាយុ ១៥,២៣,៣១,៣៩,៤៧ និង ៥៥ ឆ្នាំ

.​ស្រី​អាយុ ១៩,២៧,៣៥ ,៤៣ ,៥១ និង ៥៩ ឆ្នាំ​ពេញ

ក្នុង​ឆ្នាំ​នេះ​លោកអ្នក​ពិតជា​ទទួល​បាន​ភាពសៅហ្មង​ចិត្តច្រើន ហើយ​ជាធម្មតា​ច្រើន​មាន​សេចក្តី​អួអាប់ ស្រពាប់​ស្រពោន​ចិត្ត ញឹកញយ​បន្តិច សម្បូរ​ការថ្នាំងថ្នាក់​ច្រើន បើ​មិន​ក្នុង​វង្ស​សង្គម​គ្រួសារ ឬ​ញាតិ​សាខា រមែង​ចោមរោម​ស្អប់ ឬ​ទ្រុស្ត ពុំ​នោះ​សោត​ខ្លួនឯង​ច្រើន​តែ​ងប់​មុខ​វក់​ក្នុង​ផ្លូវ​ល្បែងភ្នាល់​ផ្សេងៗ​។ ការ​លើសខ្វះ ឬ​ឆ្គាំឆ្គង​ទោះ​ចេតនា​ក្តី អចេតនា​ក្តី​ក៏​ចេះ​តែ​ជួប​ប្រទះ​មិនសូវ​ស្រាកស្រាន្ត ការបង្ក​រឿង​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ ក៏​ចេះ​តែ​ផ្តួចផ្តុំ​ឡើង ដរាប​ចិត្ត​គំនិត​ច្រើន​ស៊យស៊ុន​ណាស់ ពាក្យសម្តី​និយាយ​ទៅ​កាន់​អ្នកផង ច្រើន​តែ​ជ្រុលមាត់​ភ្លាត់​វាចា​។ ជាពិសេស​ត្រូវ​មាន​ការខាតបង់​នូវ​ទ្រព្យធន ទោះ​តិច ឬ​ច្រើន​ពុំលែង​ឡើយ ឬ​មួយ​មាន​វិវាទ​នឹង​សង្គម​គ្រួសារ​សឹងតែ​ដល់​ការវាយប្រហារ​គ្នា​ផង​។ បើ​ពុំ​នោះ​មាន​ឈ្លោះ​ទាស់​នឹង​មនុស្ស​ភេទ​ដូចគ្នា រឿង​នេះ​ប្រសិន​បើ​យក​គ្រឿង​ស្រវឹង​ជា​ជំនួយ អ្នក​ច្បាស់​ជា​មាន​រឿង​ធំ​កើតមាន​។ ហេតុនេះ​សូម​ប្រយ័ត្ន​គ្រប់​កិច្ចកល​ឲ្យ​ដិតដល់ ទើប​លោកអ្នក​បាន​ចៀស​ផុតពី​គ្រោះ​កម្ម​ប្រចាំ​អាយុ​ក្នុង​ឆ្នាំ​នេះ​។

៥.​ប្រុស​អាយុ ១៦,២៤,៣២,៤០,៤៨ និង ៥៦ ឆ្នាំ

.​ស្រី​អាយុ ១៨,២៦,៣៤,៤២,៥០ និង ៥៨ ឆ្នាំ​ពេញ

លោកអ្នក​កើត​ក្នុង​ឆ្នាំ​នេះ​មុខ​ជា​ទទួល​បាន​ការនឿយហត់​ច្រើន សម្បូរ​សេចក្តី​លំបាក​ចិត្ត លំបាក​កាយ ធ្វើការ​សារពើ​ទំនាស់​ច្រើន ការធ្វើ​ដំណើរ​ចេញ​ទៅ​ជិត​ឆ្ងាយ​ច្រើន​អសារ​ឥត​ការ​។ ជាពិសេស​គ្រោះកម្ម​ប្រចាំ​ទិសបស្ចិម បើ​លោកអ្នក​នៅ​ផ្ទះ​ច្រើនពេក ក៏​ស្អុះស្អាប់​សន្ធឹកសន្ធាប់​ណាស់​ដែរ បើ​មិន​មាន​ការ​ជា​ចាំបាច់ មិន​គួរ​ធ្វើ​ដំណើរ​តាម​ជើង​ទឹក​ញឹក​ពេក​ទេ​។ ឆ្នាំ​នេះ​លោកអ្នក​គួរកត់សម្គាល់​នូវ​លក្ខណៈ​ជា​ការប្រចាំ​អាយុ​របស់​ខ្លួន​។ ដំណើរការ​ទៅ​កាន់​ភូមិ​ជិត​ឆ្ងាយ​ទទួល​បញ្ញើ​គេ ជួយ​ឈឺឆ្អាល​គេ​ហួសកម្លាំង​ធ្វើ​ការងារ​ប្រើពេល​វែង​ពេក កិច្ចការ​ឆ្លងកាត់​ទឹក​ដូចជា​ឆ្លង​បឹង​ទន្លេ​ជាដើម បង្ខំ​ធ្វើការ​ហួស​ពី​សមត្ថភាព​អាត្មា​គឺ​សុទ្ធតែ​ធ្លាក់​ទៅក្នុង​ហាយនៈ​ជា​ប្រាកដ​។ ម្យ៉ាង​ទៀត​គួរ​លោកអ្នក​ប្រុង​ជើង​ការរក​មធ្យោបាយ លុបលាង​នូវ​សេចក្តី​អផ្សុក ខ្វល់ចិត្ត​ឲ្យ​មែនទែន ហើយ​គួរ​ប្រើ​សេចក្តី​ពិចារណា​ស្ទង់​មើល​ហេតុផល​ជានិច្ច​ផង ទើប​មាន​ប្រសិទ្ធី​ជោគ​បាន​ល្អ​។

៦.​ប្រុស​អាយុ ១៧ ,២៥,៣៣,៤១,៤៩ និង ៥៧ ឆ្នាំ

.​ស្រី​អាយុ ១៧,២៥,៣៣,៤១,៤៩ និង ៥៧ ឆ្នាំ​ពេញ

លោកអ្នក​កើត​ក្នុង​ឆ្នាំ​នេះ​មាន​ការបញ្ចេញ​ញើស ចំណាយ​កម្លាំង​ច្រើន សូម្បី​ការងារ​ដែល​ទាក់ទង​នឹង​ប្រាក់មាស​ក៏​មាន​ការ​ភ្លាត់​ខ្លះ មិន​លែង​ដែរ ហើយ​ត្រូវ​គ្រោះ​ចៃដន្យ​ដូចជា​ប៉ះទង្គិច​កោស មុត ដល់​សរីរាង្គ​អវយវៈ​ផងដែរ​។ ទ្រព្យ​គេ​ខ្ចីបុល ចងការ​ជឿ​បណ្តាក់ នឹង​មាន​ខូចខាត ឬ​កើត​ទោស​ព្រោះ​ទ្រព្យ​ឯង មិន​គួរ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ដាច់ស្រយាល​នៅ​ទិស​ខាងលិច ឬ​ខាងកើត ដោយ​ផ្ទាល់​ខ្លួន​ម្នាក់ឯង​ទេ គ្រោះភ័យ​នៅ​ខាង​មុខ​នឹង​មាន​ដល់​ខ្លួន​មិន​ខាន​ឡើយ​។ មិន​គួរ​កាប់រំលំ​ឈើ​ធំ​ក្បែរ​ភូមិ​ផ្ទះ​មិន​គួរ​ចូល​ព្រៃធំ​ស្ងាត់​មិន​គួរ​ចូល​ព្រៃភ្នំ​ធំ ព្រោះ​រាសី​អ្នក​ឆ្នាំនេះ​ត្រូវ​ឈើ​ធំ​រលំ​សង្កត់ ឬ​មិន​ដូច្នោះ​ទេ បច្ចាមិត្ត​បំណង​សាកល្បង​កម្លាំង ឬ​ក្រវែល​ប្រល័យ​យើង ដើម្បី​សម្រេច​ការព្យាបាទ​របស់​គេ​។

៧. ប្រុស​អាយុ ១៨ ,២៦ ,៣៤ ,៤២ ,៥០ និង ៥៨ ឆ្នាំ

.​ស្រី​អាយុ ១៦ ,២៤ ,៣២ ,៤០ ,៤៨ និង ៥៦ ឆ្នាំ​ពេញ

លោកអ្នក​សូមជ្រាប​ថា​ឆ្នាំ​នេះ​ជា​ភ័ព្វវាសនា​ល្អ​របស់​ខ្លួន វិល​មក​ដល់​ហើយ លាភ​ជើង ២ ជើង ៤ មាន​ជីវិត ឥត​ជីវិត ត្រូវ​បាន​មក​ក្លាយ​ជា​លទ្ធផល​ដល់​លោកអ្នក​ពិតមែន​។ គូគ្រង​ប្រចាំជីវិត​មុខ​ជា​បាន​ទទួល​យក​ទ្រព្យ​ព្រេង​បុរាណ​ការប្រកបរបរ​សព្វ​បែបយ៉ាង​នោះ​មាន​សភាព​ជា​អ្វី​ក៏ដោយ លោកអ្នក​តែង​បាន​ព្យាយាម និង​ប្រព្រឹត្ត​សុទ្ធតែ​នាំ​មក​នូវ​ផលប្រយោជន៍ និង​គុណបំណាច់​យ៉ាងធំ​ទូលាយ​។ កិច្ចការ​ផ្ទាល់​ក្តី ប្រយោល​ក្តី​ក្នុង​ការរាជការ មុខ​តែ​ទទួល​បាន​នូវ​កិត្តិយស ឡើង​តំណែង កាន់​នាទី​យ៉ាង​ខ្ពស់ ឧត្តមប្រយោជន៍​របស់​លោក​អ្នក​នៅ​ត្រង់​សេចក្តីសុខ​រុងរឿង សម្បូរ​សប្បាយ​សុខដុមរមនា មាន​ការជួបជុំ​ពង្ស​គ្រួសារ​ដ៏រីករាយ​ក្នុង​ឆ្នាំ​នេះ​ហៅថា «​មហាសុខ​» ក្រៃលែង​។

៨.​ប្រុស​អាយុ ១៩,២៧,៣៥,៤៣,៥១ និង ៥៩ ឆ្នាំ

.​ស្រី​អាយុ ១៥ ,២៣,៣១,៣៩,៤៧ និង ៥៤ ឆ្នាំ​ពេញ

លោកអ្នក​កើត​ក្នុង​ឆ្នាំ​នេះ​ដែល​មាន​អាយុ​បាន​តែ​ប៉ុណ្ណោះ ច្រើន​ទទួល​បាន​ការឈ្លានពាន និង​ប្រមាថ​ពី​គូសត្រូវ​ជារឿយៗ បើ​ពុំនោះ​សោត​មាន​ការប្រេះឆា សាមគ្គី​រវាង​ញាតិមិត្ត ឬ​អ្នក​រួម​សង្គមកិច្ច​កាលបើ​តាម​ហេតុ​ពិត​ការចង​សម្ព័ន្ធ​មេត្រី​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​ការប៉ះទង្គិច ឬ​ប្រែក្លាយ​ជា​ប្រការ​ដទៃ​វិញ ហើយ​កិច្ចការ​ដែល​ទាក់ទង​នឹង​គ្រឿង​រហ័ស គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន​កុំ​សាកល្បង កុំ​ជន្ល ព្រោះ​រាសី​ធ្លាក់​ចុះ​ក្នុង​គំនរ​ភ័យ​។ ដំណើរ​ចូល​ព្រៃ​ជ្រៅ​តោង​ប្រយ័ត្ន​ម្រឹគ​សាហាវ​មក​បៀត មិន​តែ​ប៉ុណ្ណោះ​តោង​ប្រើ​ស្មារតី​ឲ្យ​ខ្ជាប់ខ្ជួន​ផង មិន​គួរ​បណ្តែតបណ្តោយ​។ ពេលណា​ក៏​ដូច​ពេលណា ទ្រព្យសម្បត្តិ​ច្រើន​ជ្រុះ​បាត់ ឬ​បាក់បែក ខណៈ​សេចក្តី​ទុក្ខ ទោមនស្ស មាន​ប្រចាំ​អាយុ ជា​ទ្វេភាគ​នា​អាគ្នេយ៍​ទិស​។ តាម​គោលការណ៍​ហោរានិយម​គឺ​ពេល​មាន​គ្រោះ​ចរ​ប្រចាំ​អាយុ​វិល​មក​ជួប​ត្រូវ​តែ​រៀបចំ​ពិធី​រំដោះគ្រោះ ដោយ​និមន្ត​ព្រះសង្ឃ​សូត្រ​ទិព្វមន្ត ទើប​ជា​កិច្ច​រួច​ចាក​បាបគ្រោះ​គ្រប់​យ៉ាង​។

ដកស្រង់​ពី​សៀវភៅ «​មហាសង្ក្រាន្ត​» ឆ្នាំកុរ​ដែល​រៀបរៀង​ដោយ​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ-អន្តរជាតិ​នៃ​គ.ស ២០១៩៕