ក្រុង​ស៊ីដនី៖ ក្រពើ ​១ ក្បាល ​រស់នៅ​ក្នុង​ព្រែក​ភាគ​​ពាយព្យ​ប្រទេស ​អូស្ដ្រាលី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វឹកវរ​​រវាង​ក្រុម​អាជ្ញាធរ​ដែល​ចង់​ចាប់​វា និង​អ្នក​ស្រុក​ដែល​ចង់​ពង្រីក​ព្រែក​សម្រាប់​​ឲ្យ​ស្ដេច​ទឹក​មួយ​នេះ​រស់នៅ​ស្រួល​។


ក្រុម​មន្ដ្រី​មក​ពី​រដ្ឋ​ឃ្វីនលែន ​រៀបចំ​អន្ទាក់​ចាប់​ក្រពើ​សមុទ្រ ដែល​ពលរដ្ឋ​​ហៅ​ថា ហូវើដ ដោយ​បាន​និយាយ​ថា វា​ជា​សត្វ​នាំ​គ្រោះ​ដល់​មនុស្ស​ ។


ក្មេង​ប្រុស​ម្នាក់​បារម្ភ​​ការ​សម្រេច​របស់​​អាជ្ញាធរ​ ​ដែល​​រូប​គេ​បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន លោកស្រី Leeanne Enoch ដោយ​បាន​អង្វរ​ករ​ឲ្យ​ក្រពើ ​១ ​ក្បាល​នេះ ​បន្ដ​រស់​​ក្នុង​ព្រែក​ដដែល​។


កុមារា អេលរ៉យ វូដស៍ អាយុ ១០ ឆ្នាំ មក​ពី​​តំបន់​ Miallo ​នៃ​រដ្ឋ​ឃ្វីនលែន ​សរសេរ​ថា​៖ «​ខ្ញុំ​រស់​នៅ​តាម​ដង​ផ្លូវ​ព្រែក​​ឫស្សី​​ ៥ ឆ្នាំ​ហើយ ​ខ្ញុំ​ចូល​ចិត្ដ​មើល​ក្រពើ ហូវើដ សំដិល​ថ្ងៃ និង​ឈរ​មើល​វា​ពី​លើ​ស្ពាន​​រៀង​រាល់​ល្ងាច​»។


ដាវីដ វ៉ាយ ​​ជា​ម្ចាស់​ជំនួញ​នាំ​ភ្ញៀវ​ទស្សនា​ក្រពើ​ក្នុង​ស្រុក​ម្នាក់​​ឲ្យ​ដឹង​ថា មាន​​​អ៊ីមែល​ប្រមាណ ៣០០ សារ​ ផ្ញើ​មក​គាំទ្រ​ឲ្យ​រក្សា​ទុក​ក្រពើ​ប្រវែង ៤ ម៉ែត្រ​នេះ​នៅ​កន្លែង​ដដែល​ និង​មាន​អ្នក​តវ៉ា​តែ​ម្នាក់​ប៉ុណ្ណោះ​។


សូម្បី​តែ​សួន​សត្វ​អូស្ដ្រាលី​ក្នុង​រដ្ឋ​ឃ្វីនលែន ដែល​ដំណើរការ​ដោយ​អ្នក​មេម៉ាយ​អតីត​អ្នក​ប្រមាញ់​ក្រពើ​ល្បី​ឈ្មោះ ស្ដេវ អ៊ីរវីន ក៏​ចង់​​ទុក​ដែរ​។ សួន​សត្វ​​​ឲ្យ​ដឹង​ថា ពិត​ជា​មាន​មោទនភាព​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្មេង​ប្រុស អេលរ៉យ។ មច្ចុរាជ​ប្រហារ​ចំណី​គ្រប់​​លំដាប់​ថ្នាក់​​ជា​ធាតុ​ផ្សំ​​​សំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​។ ប៉ុន្ដែ​រដ្ឋាភិបាល​​បាន​​បញ្ជាក់​ថា អន្ទាក់​នៅ​តែ​បន្ដ​ដាក់​ ដោយ​ក្រពើ​យក្ស​នេះ​នឹង​មិន​ត្រូវ​បាន​សម្លាប់​នោះ​ទេ បើ​ចាប់​ខ្លួន​បាន។

មន្ដ្រី​នាយកដ្ឋាន​បរិស្ថាន​ឲ្យ​ដឹង​ថា តុល្យភាព​រវាង​តម្រូវ​ការ​កិច្ច​ការពារ​សុវត្ថិភាព​សាធារណៈ និង​តម្រូវ​ការ​អភិរក្ស​ចំនួន​ក្រពើ​ក្នុង​ព្រៃ​ត្រូវ​តែ​ធ្វើ​ទន្ទឹម​គ្នា​៕ AFP/HR