ក្រុងដូហា៖ កាតា បានប្រែក្លាយវិថីដ៏មមាញឹកក្នុងទីក្រុងដូហា ទៅជាមេឃាដ៏ស្រឡះល្អ ជាផ្នែកមួយនៃការពិសោធដើម្បីកាត់បន្ថយកម្ដៅកៅស៊ូថ្នល់ និងបន្ទាបសីតុណ្ហភាពនៅជុំវិញនោះផងដែរ។
សីតុណ្ហភាពក្នុងដែនដីសមុទ្រខ្សាច់នេះ ពេលខ្លះបានហក់ឡើងដល់ ៥០ អង្សាសេ ហើយកម្ដៅថ្ងៃគឺជាក្ដីកង្វល់ចម្បងពេលប្រទេសនេះត្រូវមានភារៈធ្វើជាម្ចាស់ផ្ទះនៃព្រឹត្ដិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២។
អាកាសធាតុក្ដៅអាចធ្វើឲ្យតាប្លូឡានប្រេះ របកថ្នាំពណ៌ និងរលាយប្លាស្ទិក ដែលជំរុញឲ្យអាជ្ញាធរព្យាយាមស្វែងរកដំណោះស្រាយបែបច្នៃប្រឌិត។ វិថីប្រវែង ២០០ ម៉ែត្រ នៅមាត់ទឹកត្រូវបានលាបថ្នាំពណ៌ខៀវកម្រាលមួយមិលី្លម៉ែត្រដើម្បីទប់ថាមពលកម្ដៅ។
ការសាកល្បងរយៈពេល ១៨ ខែ អាជ្ញាធរផ្ដល់សេវាកម្មសាធារណៈរបស់កាតា នឹងធ្វើតេស្ដ បើស្រទាប់ការពារនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្ដៅសីតុណ្ហភាព និងជួយបន្ថយកម្ដៅបរិវេណជុំវិញ។
លោក អាឡិច អាម៉ាតូ ប្រធានផ្នែកចីរភាពមកពីក្រុមប្រឹក្សាអគារបៃតងកាតាបាននិយាយថា៖ «យើងនឹងខិតខំស្ទួយបរិស្ថាននៅកន្លែងណាដែលមានសីតុណ្ហភាពក្ដៅខ្លាំងពេក និងធ្វើឲ្យប៉ះពាល់ដល់មនុស្ស។ ជំនួសដោយការក្រាលពណ៌ខ្មៅដែលអាចស្របកម្ដៅព្រះអាទិត្យខ្លាំង យើងត្រូវប្រើពណ៌ដែលមិនផ្ទុកកម្ដៅ»។
គេជឿថា កម្រាលថ្នល់ពណ៌ខៀវដ៏ទាក់ភ្នែកនេះ នឹងមិនស្រូបកម្ដៅខ្លាំង ដោយកាត់បន្ថយសីតុណ្ហភាពសម្រួលដល់ការធ្វើដំណើររបស់អ្នកជិះកង់ និងម៉ូតូ។ ឧបករណ៍ឌីជីថលវាស់វែងក្នុងការពិសោធនេះ បានបង្ហាញថា កម្រាលថ្នល់ធម្មតាមានសីតុណ្ហភាពចន្លោះ ៦ ទៅ ១០ អង្សាសេ ខ្ពស់ជាងថ្នល់ស្រោបពណ៌ខៀវនេះ៕ AFP/HR