ក្រុង​សៀមរាប៖ ក្រុម​ស្គរ​នារី​ ដែល​មាន​​សមាជិក​សុទ្ធ​តែ​ជា​ស្រ្តី​ឈ្មោះ «មេធា» ​ចេះ​លេង​ឧបករណ៍​ភ្លេង​បុរាណ បង្កើត​កាល​ពី​ឆ្នាំ​ ២០១៧ ហើយ​​​បាន​ហាត់​រៀន​បទ​ភ្លេង​ថ្មី ប្រកប​ដោយ​ទេព​កោសល្យ និង​ច្នៃ​​ប្រឌិត​​តាម​​ស្នាដៃ​ភ្លេង​ថ្មី​ «មន្ត​ភ្លេង» នឹង​បង្ហាញ​វត្តមាន​សា​ជា​ថ្មី​នៅ​លើ​ឆាក​តន្រ្តី Bambu Stage នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ចន្ទ ទៅ​​ដល់​ថ្ងៃ​សៅរ៍​ នា​រដូវកាល​ថ្មី​ឆ្នាំ ​២០១៩ ​នេះ​។​


បើ​​តាម​លោក គាត សុគីម ដែល​ជា​បុគ្គលិក​​ផ្នែក​ទំនាក់​ទំនង​ព័ត៌មាន​ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ឲ្យ​ដឹង​ពី​វត្តមាន​វិល​មក​សម្តែង​សា​ជា​ថ្មី​​របស់​ក្រុម​​ស្គរ​នារី ​«មេធា» នៅ​លើ​ឆាក​​តន្រ្តី​ក្នុង​ខេត្ត​សៀមរាប ​ថា៖ «ការ​សម្ដែង​របស់​ក្រុម​ស្គរ​នារី មេធា នាំ​មក​ជូន​ដោយ​​បទពិសោធ​សិល្បៈ​ខ្មែរ​អមតៈ គឺ​​​ជា​​កម្មវិធី​មួយ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ។ មេធា​ គឺ​ជា​ក្រុម​តន្ត្រី​ករ ​​មាន​សមាជិក​ជា​ស្ត្រី​ទាំង​អស់​ ​​បង្កើត​ឡើង​នៅ​​ខែ​មករា ឆ្នាំ ​២០១៧ ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ បាន​ផ្ដល់​ជំនួយ​​ឧបត្ថម្ភ​ដល់​ស្ត្រី ​១ ក្រុម ​នៅ​ខេត្ត​សៀមរាប​នេះ​ ​ដើម្បី​ដំឡើង​នូវ​ស្នាដៃ​ថ្មី​មួយ ដែល​មាន​ស្ត្រី​ជា​អ្នក​លេង​​ស្គរ​ ខណៈ​​តាំង​ពី​ដើម​មក​មាន​តែ​ក្រុម​បុរស​ប៉ុណ្ណោះ ​គឺ​ជា​អ្នក​លេង​ស្គរ​នោះ​។ ពេល​បច្ចុប្បន្ន​កម្មវិធី​ពិសោធន៍​សិល្បៈ​ខ្មែរ កំពុង​រៀបចំ​ការ​សម្ដែង​ជា​ប្រចាំ​​នៅ​លើ​ឆាក​សម្ដែង​នៃ​​បរិវេណ​សារមន្ទីរជាតិ​។ ​ក្រៅ​ពី​នោះ ក៏​មាន​ការ​​សម្ដែង​លក្ខណៈ​ឯកជន ​សិក្ខា​សាលា​​​សិល្បៈ ​និង​ដំណើរ​កម្សាន្ត​បែប​សិល្បៈ​ផង​ដែរ»។


ក្រុមស្គរនារី «​មេធា» មានសមាជិក​សុទ្ធ​តែ​ជាស្រ្តី​ចំនួន ៧​ នាក់​។ រូប Sovan Philong


លោក សុគីម បន្ត​ថា៖ «​សម្រាប់​​កម្មវិធី​សម្ដែង​នៅ​សៀមរាប គឺ​ជា​ការ​រៀបចំ​​ការ​សម្ដែង​ជា​ប្រចាំ​លើក​ដំបូង ​ក្រោម​កម្មវិធី​ពិសោធន៍​របស់​សិល្បៈ​ខ្មែរ​អមតៈ។ គម្រោង​នេះ ក៏​បាន​ទទួល​ជោគជ័យ​ខ្លាំង​ ហើយ​ក្រុម​ក៏​សម្រេច​ចិត្ត​បន្ត​ការងារ​នេះ​ទៀត ​ដើម្បី​ជម្នះ​ផ្នត់​គំនិត​ចាស់​អំពី​ស្ត្រី និង​សិល្បៈ ​ដោយ​​បាន​ហៅ​ខ្លួន​ឯង​ថា «មេធា» ​ដែល​​​មាន​ន័យថា «គំនិត ​ឬ​ប្រាជ្ញា អាច​​ទម្លុះ​ទម្លាយ​ដំណើរ​អ្វី​នីមួយៗ»។ ​ក្រុម​នេះ​ក៏​បាន​ដំឡើង​ស្នាដៃ​សម្ដែង ២ ដង​ នៅ​អង្គការ​ស្ត្រី​មួយ​ក្នុង​ស្រុក និង​​សម្ដែង​ម្ដង​ទៀត​ ​នៅ​កម្មវិធី​មហោស្រព​បុណ្យ​រួម «REPfest» ដែល​មាន​សិល្បករ​ជាច្រើន​ប្រទេស​ចូលរួម​នៅ​​ខេត្ត​សៀមរាប។​ ​ក្រុម មេធា នឹង​ធ្វើ​ការ​ជជែក​ដេញ​ដោល​ទៅ​លើ​តួនាទី​ស្តី​ពី​រឿង​អតីត​ជាមួយ​នឹង​សមាជិក​​សុទ្ធ​តែ​ស្រ្តី​នោះ​ផង​ដែរ​»។


លក្ខណៈ​ពិសេស​​ ក្រុម​ស្គរ​នៅ​ក្នុង​​ក្រុម​មេធា គឺ​ជា​ស្គរ​ដែល​ត្រូវ​បាន​គេ​ស្រាវជ្រាវ និង​​ដក​ស្រង់​ចេញ​មក​ពី​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​មាន​នូវ​​ប្រវត្តិជា​ស្គរ​ហែ​ក្បួន​ទ័ព កាល​ពី​សម័យ​​​បុរាណ។ ស្គរ​​​​ក្រុម​មេធា នេះ​ មាន​​ស្គរ​សាំងណា ស្គរ​ទីមីឡា ស្គរ​ធំ ស្គរ​​តូច ស្គរ​ដៃ ហើយ​​សុទ្ធ​តែ​​មាន​គូ ​ញី​ឈ្មោល​ទាំង​អស់។ ​ទៅ​ថ្ងៃ​អនាគត​ក្រុម​នេះ​ក៏​​មាន​បំណង​ចង់​ស្រាវជ្រាវ​ឧបករណ៍​ផ្លុំ​ដូច​ជា ខ្យង ត្រែ ស្នែង ជាដើម​ ​មក​លេង​ជា​មួយ​ឧបករណ៍ស្គរ និង​​បង្កើត​បទ​ភ្លេង​ថ្មី​កាន់​តែ​សម្បូរ​​បែប​ និង​អស្ចារ្យ​មួយ​កម្រិត​ទៀត។​


ការ​សម្តែង​ក្រុម​ស្គរនារី «​មេធា» នៅ​ឯ​ឆាក​តន្រ្តី Bambu Stage នៃ​ខេត្ត​សៀមរាប​ នៅ​វេលា​ម៉ោង​ ៨ យប់​ ​គឺ​​សម្តែង​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ​ខណៈ​សំបុត្រ​ចូល​ទស្សនា​ ១ សន្លឹក តម្លៃ ២៤ ដុល្លារ សម្រាប់​មនុស្ស​ធំ ហើយ​​សំបុត្រ ១ សន្លឹក​តម្លៃ ១២ ដុល្លារ សម្រាប់​កុមារ​ក្រោម​វ័យ ១២ ឆ្នាំ និង​ការ​ចូល​ទស្សនា​ឥតគិត​ថ្លៃ​សម្រាប់​កុមារ​ក្រោម​វ័យ ៦ ឆ្នាំ៕