ក្រុម​ហ៊ុ​ន 7NG នាំ​​យក​​ថវិកា ៥៧ ៥០០ ០០០ រៀល ពីកម្ម​វិធី​ពិព័រណ៍​ដេញថ្លៃគោទៅ​​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា ​

Content image - Phnom Penh Post
លោក​​ស្រី ស្រី សុធាឫទ្ធិ ជាតំណាងលោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយក​រងក្រុមហ៊ុន 7NG បាននាំយក​ថវិកា​ចំនួន ៥៧ ៥០០ ០០០ រៀល ស្មើនឹង ១៤ ៣៧៥ ដុល្លារ ប្រគល់ជូន​ដល់មន្ទីរ​ពេទ្យគន្ធបុប្ជា។​ ហុង មិនា

ភ្នំពេញៈ ក្រោយ​ពីបង្កើតឲ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍គោកម្ពុជាកន្លងទៅថ្មីៗនេះ​ ដើម្បីចូលរួមចំណែកជាមួយនឹង​ក្រសួង​កសិ​កម្ម និង​​រាជ​រដ្ឋាភិ​បាល ក្នុងគោលបំណងលើកស្ទួយប្រជាកសិករ និងអ្នកចិញ្ចឹមសត្វ និងការបង្កបង្កើនផលកសិកម្ម ដែល​​​មាន​តាំង​ពីបរមបុរាណ​មក​ឲ្យមានតម្លៃ និង​បង្ហាញ​ពូជគោសាច់ប្រភេទ ប្រាម៉ាន់ (Brahman)​ ប្រភេទ​ប៊ីហ្វម៉ស្ទ័រ (Beef master Brangus) និងប្រភេទ​ពូជគោ​ទឹកដោះហូស្តេន (Hostein) ដែលនាំចូលពីបរទេសកាល​ពី​ថ្ងៃទី​៧-៨ ខែ​កញ្ញា ឆ្នាំ​២០១៩​ នៅ​​​តំបន់​អភិវឌ្ឍន៍ ​7NG នៅ​​ភូមិ​វិហារសួគ៌ ឃុំវិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​​កណ្តាល ។

ដើម្បី​​ចូល​រួម​សកម្ម​ភាព​សប្បុរសធម៌សង្គម​នោះ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ ​​ក្រុមហ៊ុន 7NG (Cambodia) បាន​នាំយកថវិកាចំនួន ៥៧ ៥០០ ០០០ រៀល ស្មើនឹង ១៤ ៣៧៥ ដុល្លារ ដើម្បី​ប្រគល់ជូន​ដល់មន្ទីរ​ពេទ្យគន្ធបុប្ជា នៅ​ទីតាំង​ក្បែរ​តំបន់​រមណី​យដ្ឋាន​វត្តភ្នំ ដោយ​មាន​លោកស្រី​​​ ស្រី សុធាឫទ្ធិ ជា​តំណាងលោកឧកញ៉ា ស្រី ចន្ធូ អគ្គ​នាយក​រង​ក្រុម​ហ៊ុន 7NG ។​

Content image - Phnom Penh Post
លោក​​ស្រី ស្រី សុធាឫទ្ធិ តំណាង​លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយក​រងក្រុមហ៊ុន 7NG និង​លោក​វេជ្ជបណ្ឌិត Denis Laurant ជា COO Cambodia នៃ​មន្ទីរពេទ្យគន្ធបុប្ផាពេល​នាំយក​ថវិកាសប្បុរសធម៌។ ហុង មិនា

ទឹក​​ប្រាក់​ជំនួយ​សប្បុរសធម៌​ ដែល​បាន​យក​មក​ជូន​នា​ព្រឹកថ្ងៃព្រហស្បតិ៍ទី ១២ ខែ​កញ្ញា ឆ្នាំ២០១៩ នេះ​​ ទឹក​ប្រាក់​ប្រមាណ ៥០ ភាគរយ នេះបានមកពីកម្មវិធី​តាំងពិព័រណ៍គោ ការដេញថ្លៃគោ និងផ្សារសត្វកម្ពុជាលើកទី៣ នៅភូមិ​វិហារ​សួគ៌ ក្នុងតំបន់​អភិវឌ្ឍន៍ 7NG នៅក្នុង​ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ ២០១៩ ​ដើម្បីរួមចំណែកដល់កិច្ចការសង្គម និងសប្បុរសធម៌។

លោក​​ស្រី ស្រី សុធាឫទ្ធិ តំណាង លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយក​រងក្រុមហ៊ុន 7NG បាន​ថ្លែងថា​៖ «​មូលហេតុ​ចម្បង​នៃ​ការ​​ផ្តល់ថវិកាសប្បុរសធម៌នេះ ​គឺកើតចេញពីបេះដូង ​និងឆន្ទៈ​ក្នុងការ​រួមចំណែកជួយ​ដល់កិច្ចការសង្គម ​និងសប្បុរសធម៌ ជា​ពិសេស គឺមន្ទីរ​ពេទ្យគន្ធបុប្ជា ដោយមន្ទីរ​ពេទ្យមួយនេះ កំពុងតែ​បំពេញបេសកកម្មជួយសង្គ្រោះអាយុជីវិតទារក​ និង​កុមារ​កម្ពុជា​​យ៉ាងសកម្ម ជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ។ ​ដោយសារមន្ទីរពេទ្យនេះ កំពុងត្រូវការ​ចាំ​បាច់​នូវសម្ភារៈ ​ថវិកា ដើម្បី​បន្តការ​​ជួយស​ង្គ្រោះ​ដល់ទារក​ និងកុមារ​កម្ពុជា ពីបណ្តាសប្បុរសជន​ជាតិ និងអន្តរជាតិ ដូច្នេះហើយ​ក្នុងនាម​លោកឧកញ៉ា ស្រី ចន្ធូ ​ជាពលរដ្ឋខ្មែរម្នាក់ បានបរិច្ចាគនូវផល​ចំណេញរបស់​ខ្លួនជួយ​​សម្រួល​​ដល់​ការ​លំបាក​ជូន​សង្គម​ជាតិ​របស់​ខ្លួន​តាម​រយៈ​ការបរិច្ចាគថវិកានេះ»៕​

Content image - Phnom Penh Post
លោក​​ស្រី ស្រី សុធាឫទ្ធិ ជាតំណាងលោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយក​រងក្រុមហ៊ុន 7NG។ ហុង មិនា

Content image - Phnom Penh Post
លោក​​ស្រី ស្រី សុធាឫទ្ធិ និង​ក្រុម​ការងារក្រុមហ៊ុន 7NG ពេលនាំថវិកា​ប្រគល់ជូន​ដល់មន្ទីរ​ពេទ្យគន្ធបុប្ជា។​ ហុង មិនា

ព័ត៌មានថ្មីៗ