ភ្នំពេញ៖ សត្វរនាលពណ៌ ឬគេហៅថា រនាលគំនូរ គឺជាឈ្មោះត្រូវបានគេដាក់តាមរូបឆោមដ៏ស្រស់ស្អាត ដូចជាផ្ទាំងគំនូររបស់វា ដែលមានខ្លួនពណ៌ស ស្លាបពណ៌ខ្មៅលាយជាមួយចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែងលឿងកោងខុបចុះបន្តិច។ ជាមួយនឹងរូបរាងដូចគំនូររបស់បក្សីទឹកសាបដ៏កម្រមួយប្រភេទនេះ វាក៏បាននិងកំពុងស្ថិតនៅក្នុងបញ្ជីក្រហម (IUCN) ដែលត្រូវបានកំណត់ជាប្រភេទសត្វជិតរងគ្រោះ ដោយសារការធ្លាក់ចុះនូវចំនួនសត្វ ព្រោះតែការបរបាញ់ខុសច្បាប់ និងកត្តាបាត់បង់ទីជម្រកធម្មជាតិរបស់វា ដូចជាការកាប់ និងរុករានព្រៃ ក៏ដូចជាភ្លើងឆេះព្រៃជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអេកូយុវទូតបានឱ្យដឹងថា៖ «ជាកិច្ចសាទរនូវការបង្កើតបានជាបទចម្រៀងមួយ ក៏ដូចជាដើម្បីអបអរចំពោះទិវាដីសើមអន្តរជាតិ និងទិវាសត្វព្រៃអន្តរជាតិក្នុងឆ្នាំ ២០២១ នេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអេកូយុវទូតកម្ពុជា បានធ្វើការសហការរៀបចំនូវកម្មវិធីសម្ពោធបទចម្រៀង «ទំនួញនាងរនាលពណ៌» នេះឡើងនៅថ្ងៃសុក្រ ទី ៥ ខែ មីនា ឆ្នាំ ២០២១។ កម្មវិធីទាំងមូលពិតជាមានសេចក្តីសោមនស្សរីករាយ ក្រោមការអញ្ជើញចូលរួមពីអ្នកជំនាញក្រសួង និងមន្ទីរពាក់ព័ន្ធ ក៏ដូចជាដៃគូនានារបស់គម្រោង ដែលតែងតែចូលរួមក្នុងដំណើររបស់យើងនាពេលកន្លងមក។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការងារអភិរក្ស ក៏ដូចជាដំណើររឿងដ៏អន្លង់អន្លោចរបស់បក្សីរនាលពណ៌ នឹងត្រូវបានរៀបរាប់តាមរយៈរូបភាពសិល្បៈ ការនិទានរឿងក៏ដូចជាការច្រៀងបទចម្រៀង «ទំនួញនាងរនាលពណ៌» ដោយផ្ទាល់ជាមួយឧបករណ៍ភ្លេងខ្មែរផងដែរ»។
ប្រភពដដែលនេះក៏បានបង្ហើបឱ្យដឹងទៀតថា៖ «រឿងរ៉ាវត្រូវបានចាប់ផ្តើមឡើង នៅពេលដែលសត្វរនាលពណ៌ ដែលគេស្គាល់ថា ជាប្រភេទបក្សីទឹកសាបដ៏កម្រមួយមានចំនួន ១២៣ ក្បាល ត្រូវបានគេប្រមាញ់ និងសម្លាប់កាលពីថ្ងៃទី ២៦ ខែ មីនាឆ្នាំ ២០២០។
ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់មួយនេះ បានជំរុញចិត្តលោកស្រី ជាសិលា ដែលជាប្រធានគ្រប់គ្រងកម្មវិធីរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ចាប់ផ្តើមសរសេររៀបរាប់អំពីអារម្មណ៍សោកសៅ ដែលសត្វរនាលពណ៌ទាំងនោះបានបាត់បង់ជីវិត ព្រាត់ប្រាសគ្រួសារជាទីស្រឡាញ់ បាត់បង់ទ្រនំ ធម្មជាតិដែលធ្លាប់ជាផ្ទះ ហើយជាពិសេសនោះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងក្តីស្រឡាញ់ដែលធម្មជាតិបានផ្តល់ឱ្យទៅកាន់អ្នកស្តាប់តាមរយៈបទចម្រៀង ១ បទ ដែលមានចំណងជើងថា «ទំនួញនាងរនាលពណ៌»។
បើតាមជំនឿ ប្រជាជនខ្មែរតំណាលថា សត្វរនាលពណ៌នេះជាប្រភេទសត្វដែលមានស្នេហាស្មោះស្ម័គ្រមួយនឹងមួយ ដោយមិនមានការផ្លាស់ប្តូរដៃគូឡើយក្នុងមួយជីវិតរបស់វា ក៏ប៉ុន្តែ ប្រសិនបើដៃគូរបស់វាបាត់ ឬស្លាប់ ម្ខាងដែលនៅរស់នឹងធ្វើការហើរតាមរករហូតដល់ស្លាប់ខ្លួនសូន្យតាមដៃគូវាដែរ។
ការបើកសម្ពោធបទចម្រៀង «ទំនួញរនាលពណ៌» នេះធ្វើនៅល្ងាចថ្ងៃសុក្រ ទី ៥ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ៤ និង ៣០ នាទី រហូតដល់ម៉ោង ៨ យប់ នៅទីតាំង SDG Hall ផ្លូវទំនប់ថ្មី (៣៧១) រាជធានីភ្នំពេញ ខណៈកម្មវិធីបើកឱ្យចូលរួមសម្រាប់អ្នកដែលទទួលបានសំបុត្រអញ្ជើញតែប៉ុណ្ណោះ និងអាចទៅចូលរួមតាមរយៈផែនទី http://bit.ly/3rVlNdu៕