ក្រុងវេនិក៖ អ្នកចែវទូកជូនភ្ញៀវទេសចរក្នុងទីក្រុងវេនិក បាននាំគ្នាបោះចោលមួកចាប់យកវ៉ែនតាមិនជ្រាបទឹក និងជ្រមុជទឹកតាមដងប្រឡាយក្នុងប្រតិបត្ដិការសម្អាតបរិស្ថានក្នុងទីក្រុងចុះបញ្ជីបេតិកភណ្ឌពិភពលោក UNESCO ដែលអម្បូរសំរាមចាប់ពីម៉ាស៊ីនបោកខោអាវ រហូតដល់កង់។
លោក Lorenzo Brunello បានប្រាប់ AFPTV កាលពីថ្ងៃយប់ថ្ងៃអាទិត្យ ខណៈលោកត្រៀមខ្លួនជ្រមុជទឹកនាពេលរាត្រីជាលើកដំបូងដើម្បីប្រមែប្រមូលសំរាមពីផ្ទៃទឹកទេសចរណ៍ដ៏ល្បីល្បាញថា៖ «ក្រៅពីទេសភាពលើទឹក វាជាពិភពមួយផ្សេងទៀតនៅផ្ទៃទឹកខាងក្រោមនោះ»។
នេះជាលើកទី ៦ តាំងពីខែកុម្ភៈដែលក្រុមអ្នកចែវទូកបាននាំគ្នាពាក់ឈុតហែលទឹកសម្អាតបរិវេណខាងក្រោមផ្ទៃទឹក រួមមាន កង់ឡាន និងឈុតទូរទស្សន៍ រហូតដល់វិទ្យុ និងទូរស័ព្ទចាស់ៗ។
កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបានស្រង់យកមកវិញនូវសំរាមជាង ២,៥ តោន ដែលប្រមូលបាននាពេលថ្មីៗ។ ក្រុមអ្នកចែវទូកទេសចរណ៍ពី ៦ ទៅ ៧ នាក់ រមែងបង្ហាញមុខជារឿយៗ។
ការសម្អាតកាលពីថ្ងៃអាទិត្យក្បែរស្ពាន Rialto ដ៏ល្បីស្រង់បានចង្ក្រាន កង្ហារ ម៉ាស៊ីនដាក់កាសែត អេក្រង់កុំព្យូទ័រ និងចង្កៀងបញ្ឈរ។ លោក Brunello បាននិយាយថា៖ «វាជាអ្វីដែលយើងធ្វើសម្រាប់ទីក្រុងដោយមិនគិតថ្លៃ ដោយសារទីក្រុងនេះបានផ្ដល់ឲ្យយើងច្រើនណាស់។ ការមើលក្រោមផ្ទៃទឹកនាពេលរាត្រីពិតជាលំបាក ជាពិសេសពេលទឹកចាប់ផ្ដើមជោរឡើង»។
អ្នកបើកបរតាក់ស៊ីទឹក Alessandro Pulese បានចូលរួមជាមួយលោកក្នុងការសម្អាតបរិស្ថាន ដោយពួកគេចង់ព្យាយាមធ្វើកិច្ចការបន្ដិចម្ដងៗ ដើម្បីឲ្យមនុស្សទូទៅបានដឹងអំពីភាពកខ្វក់ តែក៏ជាវិធានការសង្គ្រោះផែនដីផងដែរ។
ក្រុមអ្នកចែវទូកទេសចរណ៍ស្ថិតនៅពីក្រោយគម្រោងនេះ លោក Stefano Vio និង Alessandro Zuffi បាននិយាយថា ពួកគេនឹងរៀបចំសកម្មភាពជ្រមុជទឹកសម្អាតបរិស្ថានរៀងរាល់មួយខែម្ដង រហូតដល់ខែមេសា ក្នុងប្រឡាយ Grand Canal ជាសរសៃឈាមចម្បងដែលឆ្ពោះទៅកាន់ Saint Mark''s Square។
ពួកគេបានឲ្យដឹងថា៖ «ទីនោះជាកន្លែងដែលយើងធ្វើការរៀងរាល់ថ្ងៃ ហើយជាកន្លែងដែលយើងតែងតែប្រយុទ្ធប្រឆាំងនឹងសំរាមអណ្ដែតលើផ្ទៃទឹកផងដែរ»៕ AFP/HR