ភ្នំពេញ៖ តារាកំប្លែង និងចម្រៀងស្រីដែលសម្បូរទីផ្សារសិល្បៈអ្នកនាងស្រេង សុកាន់ដា ហៅ ខ្ញុង ដែលទើបចូលរោងជ័យជាមួយគូស្នេហ៍លោក អ៊ំ ក្សត្រា ហៅនាយ កៃដ ចូលរួមអបអរសាទរពីតារារួមអាជីព និងញាតិមិត្តបងប្អូនយ៉ាងច្រើន កាលពីដើមខែសីហា កន្លងមក ស្រាប់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងសារបង្ហោះលើបណ្តាញសង្គមប្រាប់ថា ចាញ់បោកមេតុងទីន មិនទាន់សងលុយកើបចុងក្រោយគេមានចំនួនប្រមាណ ៣០ លានរៀល។
តារាកំប្លែង និងចម្រៀងមានឈ្មោះពិត ស្រេង សុកាន់ដា ហៅអ្នកនាង ខ្ញុង បង្ហើរសារប្រកាសទីតាំងរបស់មេតុងទីនចង់ស៊ីដាច់លុយ ដែលនាងត្រៀមកើបចុងក្រោយគេមានចំនួនប្រមាណ ៣០ លានរៀល ឬជាងកន្លះម៉ឺនដុល្លារនោះថា៖ «មុខនេះ កំពុងខឹងមេតុងទីនថោកនៅគីឡូ ៦ ចាំហើយការងារអស់ ចាំទៅចាត់ការវា!ត្រៀមខ្លួនទៅនាងកុំឃើញមាត់ មិនមាត់ស្មានរួចខ្លួន។ បើគ្មានដំណោះស្រាយ ជាមួយយើងទេនោះត្រៀមខ្លួនទៅនាងបានល្បី ហើយធ្វើឲ្យនៅស្រុកលែងកើតហ្មង»។
តារាស្រីពហុជំនាញអ្នកនាង ខ្ញុង បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដែលទាក់ទងនឹងដំណើររឿងដែលចាញ់បោកមេតុងទីននោះថា៖ «ខ្ញុំលេងតុងទីននៅគីឡូ ៦ លេងមួយក្បាល ២ ម៉ឺនរៀល ដែលចំនួនអ្នកលេងសរុប ២១០ នាក់ ហើយត្រូវដេញរាល់ថ្ងៃនឹងណា! ប៉ុន្តែខ្ញុំលេង គឺអត់ទាន់ចង់ដេញព្រោះអាងថា ទុកចិត្តមេ ក៏ខ្ជិលដេញ គឺនៅចាំកើបលុយនៅចុងក្រោយហ្មង ដែលនៅសល់ចុងក្រោយនេះមានគ្នាចំនួនតែ ៣ នាក់ទេ ហើយដល់ពេលថ្ងៃកើប គាត់ថាអត់មានលុយឲ្យខ្ញុំ និងដល់ខ្ញុំឲ្យគាត់ដោះស្រាយឲ្យខ្ញុំ គាត់នៅតែនិយាយថា អត់មានៗ ទើបខ្ញុំក៏ផូស្តរឿងហ្នឹងតែម្តងទៅ»។
តារាចម្រៀងស្រីជ្រកទ្រនំផលិតកម្មថោន និងតារាកំប្លែងរបស់ទូរទស្សន៍ស៊ីធីអិនសម្តីញ៉ែតៗ អ្នកនាង ខ្ញុង ក៏បន្តទៀតថា៖ «ខ្ញុំក៏បានដាក់ពាក្យបណ្តឹងទៅខាងអាជ្ញាធរគីឡូ ៦ ឲ្យកោះហៅគាត់មកធ្វើការដោះស្រាយហើយដែរ តែប្រសិនបើមិនមានវិធានការដោះស្រាយទេ ខ្ញុំក៏មានវិធានការរបស់ខ្ញុំដែរ។
ខ្ញុំទុកពេល ១ អាទិត្យ គឺខ្ញុំទុកពេលឲ្យរហូតដល់ថ្ងៃចន្ទក្រោយនេះ។ បើ គាត់មិនទាក់ទងមកខ្ញុំទេ ខ្ញុំមានវិធានការរបស់ខ្ញុំព្រោះថា ច្បាប់មិនមានចែងរឿងលេងតុងទីនទេ ប៉ុន្តែខ្ញុំមានទាំងស្នាមមេដៃកិច្ចសន្យា និងបានថតសំឡេងគាត់ទុកដែរ បើធ្វើអីគាត់មិនបាន ក៏ធ្វើឲ្យគាត់ខ្មាសគេ និងចូលស្រុកលែងកើត។ អ្នករកស៊ីលុយហ្នឹង គឺវាច្រើនហើយសម្រាប់ខ្ញុំ បើអ្នកដទៃគិតយ៉ាងណាក៏គិតចុះ!»៕