ភ្នំពេញ : កូន​ខ្មែរ​មួយ​ក្រុម​ត្រៀម​ទុក​វាយលុក​ទីផ្សារ​យូធូប និង​បណ្តាញ​សង្គម​ផ្សេងៗ​លើ​វីដេអូ​គំនូរជីវចល​មិន​ត្រឹមតែ​ក្នុង​ប្រទេស ប៉ុន្តែ​ចង់​ទាក់ទាញ​ចិត្ត​មនុស្ស​ក្នុង​ពិភពលោក​ឲ្យ​ចាប់​អារម្មណ៍​មក​លើ​ស្នាដៃ​កូន​ខ្មែរ ដែល​មិន​ទាន់​មាន​នរណា​ម្នាក់​ធ្វើបាន​នៅ​ឡើយ​។


ក្រោម​ដំបូល​ផ្ទះ​ជួល​មួយ​កន្លែង​ពេញ​ទៅ​ដោយ​កុំព្យូទ័រ ជាមួយ​មនុស្ស ៦ ​នាក់​ជា​អ្នក​មាន​បទពិសោធ​បង្កើត​វីដេអូ​គំនូរជីវចល​ដ៏រស់រវើក និង​ទាក់ទាញ​ជាមួយ​រូបភាព​ធម្មជាតិ​ស្រស់ស្អាត​ដែល​មិន​បង្ហាញ​ពី​ភាសា​និយាយ អ្នកទស្សនា​អាច​ស្វែងយល់​សាច់​រឿង​តាមរយៈ​កាយវិការ​របស់​តួអង្គ​។


ក្រោម​ការដឹកនាំ​របស់​លោក យក់ ស៊ីវ៉ាល់រី អាយុ​ ៣០ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​វីដេអូ​គំនូរជីវចល​នេះ​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ក៏​ត្រូវ​បាន​បញ្ឈប់​ជាច្រើន​ដង​ហើយ​ដែរ ដោយសារ​វា​មាន​ការលំបាក​ក្នុង​ការផលិត​ខ្លាំងពេក​។ វា​មិន​ដូចជា​ភាពយន្ត​សម្ដែង​ដោយ​មនុស្ស ការផលិត​គ្រាន់តែ​រៀប​តួអង្គ​នោះ​ទេ​គឺ​ត្រូវ​គូរ​តួអង្គ​ខ្លួនឯង និង​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល ជាពិសេស​ពេល​ត្រូវ​រ៉េនឌ័រ​វីដេអូ​មាន​រយៈពេល​ដល់​ ២ ​ទៅ​ ៣ ​ថ្ងៃ​ឯណោះ​។ វា​បាន​ធ្វើឲ្យ​ពួកយើង​អស់សង្ឃឹម​ក្នុង​ការផលិត​វា​»​។


លោក យក់ ស៊ីវ៉ាល់រី ដែល​សិក្សា​លើ​ការ​គូរគំនូរ​អស់​រយៈពេល ៥ ​ឆ្នាំ​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​ពួកយើង​បាន​បន្ត​ផលិត​វា​ទៀត ដោយសារ​មាន​កម្មវិធី​ចេញ​ថ្មី​ជាច្រើន​បាន​សម្រួល​ដល់​ការផលិត ទើប​ពួកយើង​បន្ត​ការធ្វើ​វា​ឲ្យ​ដល់​គោលដៅ​ដែល​យើង​បាន​គ្រោងទុក​ដោយ​បាន​ចាប់ផ្តើម​តាំងពី​វីដេអូ​ដែល​មាន​រយៈពេល ២ ទៅ ៣ ​នាទី​ឡើង​ទៅ​ដល់​ ៩០ ​នាទី​»​។


លោក យក់ ស៊ីវ៉ាល់រី បង្ហាញ​គំនូរ​ជីវចល​ស្នាដៃ​កូន​ខ្មែរ​។ផា លីណា


ស្ថាបនិក​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា វីដេអូ​ឈ្មោះ «​យក្ស​តូច​» គឺជា​វីដេអូ​ដែល​តួអង្គ​ជា​យក្ស​មាន​ចង្កូម​តូចៗ​ជា​ចំណាប់​អារម្មណ៍​របស់​កុមារ​។ ផ្តើមពី​​តួអង្គ​តែ​ ២ ​នាក់ និង​រូបភាព​ខាង​ក្រោយ​បែប​ធម្មតា វិវឌ្ឍ​ទៅ​ជា​តួអង្គ ៥ ​នាក់​ជាមួយ​រូប​ភាព​ផ្ទៃ​ក្រោយ​ជា​លក្ខណៈ​ធម្មជាតិ និង​បកស្រាយ​អត្ថន័យ​តាមរយៈ​កាយវិការ​តួអង្គ​ដោយ​មិន​មាន​ការនិយាយ​គ្នា​រវាង​​តួអង្គ​នឹង​តួអង្គ​ឡើយ​។ បើ​សិន​ជា​តួអង្គ​បកស្រាយ​ដោយ​ការនិយាយ ពេល​បង្ហោះ​លើ​បណ្តាញ​សង្គម ជនបរទេស​មិន​អាច​យល់​ពី​ភាសា​ខ្មែរ​។

ចំពោះ​ឈុត​ឆាកប្រយុទ្ធ​វិញ​លោក យក់ ស៊ីវ៉ាល់រី បង្ហើប​ថា​លោក​នឹង​ចេញ​នៅពេល​ខាង​មុខ​ដែល​មាន​អ្នក​ក្លាហាន​ម្នាក់​ព្រម​ទាំង​ការបង្ហាញ​សម្លៀក​បំពាក់​សម័យ​មុន​ដោយ​មាន​បង់ក​ក្រមា ដៃ​កាន់​អាវុធ​ប្រយុទ្ធ​ជាមួយ​ផ្ទៃ​ក្រោយ​ជា​ប្រាសាទ​ព្រម​ទាំង​តួអង្គ​មាន​ភាពរហ័សរហួន​ដែល​អាច​មាន​រយៈពេល​ដល់ ៩០ ​នាទី​ឯណោះ​។

លោក យក់ ស៊ីវ៉ាល់រី បាន​ប្រាប់​ពី​ការ​រចនា​គំនូរជីវចល​ថា​៖ «​ដំបូង​ត្រូវ​រចនា​តួអង្គ និង​កំណត់​ចរិត​លក្ខណៈ​និពន្ធ​សាច់រឿង​គូររូបភាព​តាម​លំដាប់​លំដោយ ដំឡើង 3D Asset មាន​តួអង្គ សម្ភារ​ផ្សេងៗ និង​ទេសភាព ការចង​ឆ្អឹង Rigging ជាការ​ដាក់​បង្កើត Digital Sketeleton សម្រាប់​តួអង្គ ការធ្វើ​រចនា Animation ការដាក់​ពណ៌​សម្ភារ និង​ធាតុផ្សំ​ផ្សេងៗ​ទៅកាន់ Digital Assets ព្រម​ទាំង​ដំឡើង​ពន្លឺ និង​ដាក់​សំឡេង ដើម្បី​ឲ្យ​សម​ជាមួយ​សាច់រឿង​ផង​ដែរ​»​។

លោក​ថា​លោក​ជាមួយ​ក្រុម​ការងារ​បាន​ត្រៀម​រួច​ជាស្រេច​ដើម្បី​ផលិត​ភាពយន្ត​ខ្លី​មាន​រយៈពេល ១៥ ​នាទី​សម្រាប់​យក​ទៅ​ប្រកួត​ក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​ដោយ​បាន​សិក្សា​បន្ថែម​ពី​កម្មវិធី​ថ្មីៗ​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​។

លោក ស៊ីវ៉ាល់រី ទទួល​ផលិត​ស្ពត​គំនូរជីវចល និង​ប្រកាស​បង្រៀន​ផលិត​វីដេអូ​ជីវចល​ដែរ ដើម្បី​បង្កើត​ធនធាន​មនុស្ស​កាន់តែ​ច្រើន​ជាមួយ​នឹង​តម្លៃ ៣០០ ដុល្លារ​សម្រាប់​រយៈពេល ៨០ ​ម៉ោង​៕