ក្រុងឌូបៃ៖ បន្ទប់​បញ្ជា​ស្ថិត​នៅ​​​កណ្ដាល​​សមុទ្រ​ខ្សាច់​ក្រុង​ឌូបៃ ការ​បង្កើត​​​ថ្ងៃ​រះ និង​ថ្ងៃ​លិច​បែប​សិប្បនិម្មិត​​ដូច​​នៅ​ន័រវែស និង​ចរន្ដ​ទឹក​ដ៏​ត្រជាក់​ស្រេង​នៃ​សមុទ្រ​អាត្លង់ទិក ត្រូវ​បាន​ច្នៃ​ប្រឌិត​​ឡើង​សម្រាប់​ជា​អត្ថប្រយោជន៍​ដល់​ត្រី​សាល់ម៉ុន​រាប់​ពាន់​ក្បាល​ ដែល​ត្រូវ​បាន​ចិញ្ចឹម​​​ក្នុង​អាង​បិទ​ជិត​នៃ​ដែនដី​​ល្បី​ធនធាន​ប្រេង​​នៃ​លម្ហ​វាល​ខ្សាច់​ដ៏​ល្វឹងល្វើយ​។


ឌូបៃ​ជា​ដែន​ដី​កែច្នៃ​យ៉ាង​សម្បើម​អស្ចារ្យ​ដែល​គ្មាន​អ្វី​ត្រូវ​ប្លែក​នោះ​ទេ​ ដោយ​ជាមួយ​លទ្ធភាព​ឥត​ដែន​កំណត់​ រួម​ទាំង ដែន​កោះ​ធាង​ដូង​ និង​ជម្រាល​ភ្នំ​ព្រឹល​សិប្បនិម្មិត​ក្នុង​ផ្សារ​ទំនើប​បិទ​ជិត ខណៈ​អាកាស​ធាតុ​ខាង​ក្រៅ​ជាង ៤០ អង្សារ​។


លោក បាដែរ ប៊ីន មូបារ៉ាក់ នាយក​ប្រតិបត្ដិ​កសិដ្ឋាន​ត្រី បាន​និយាយ​ថា ប៉ុន្ដែ​កសិដ្ឋាន​ត្រី​សាល់ម៉ុន​លើ​សមុទ្រ​ខ្សាច់ ​គឺ​ជា​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​អាច​នឹក​ស្រមៃ​ដល់​។ លោក​បន្ដ​ថា​៖ «​នេះ​ពិត​ជា​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​នៅ​ឌូបៃ​»។


ក្នុង​កសិដ្ឋាន​នេះ ទឹក​ហូរ​ និង​សីតុណ្ហភាព​ត្រូវ​បាន​ច្នៃ​ឡើង​សម្រាប់​ផ្ដល់​ផាសុកភាព​ដល់​ការ​រស់នៅ​របស់​ត្រី​សាល់ម៉ុន ក្នុង​ធុង​ទឹក​ធំ​ចំនួន ៤។


លោក មូបារ៉ាក់ បាន​ប្រាប់​ទីភ្នាក់ងារ ​AFP ថា​៖ «​យើង​ផ្ដល់​ឲ្យ​ពួក​វា​នូវ​ពន្លឺ​ថ្ងៃ​រះ ថ្ងៃ​លិច ចរន្ដ​ផ្លាស់ប្ដូរ​ទឹក​ ហើយ​យើង​ក៏​មាន​​ទឹក​ជ្រៅ និង​ទឹក​រាក់​ថែម​ទៀត​ ដែល​ចម្លង​ពី​​ធម្មជាតិ​»។


ត្រី​សាល់ម៉ុន​​តែងតែ​រស់នៅ​ក្នុង​ផ្ទៃ​ទឹក​ត្រជាក់​ ដូចជា នៅ​តំបន់​ដែន​សមុទ្រ​ប្រទេស ​អៀរឡង់ ស្កុតលែន និង​អាឡាស្កា ​​ជា​មូលហេតុ​កសិដ្ឋាន​ត្រី​សាល់ម៉ុន​អាត្លង់ទិក ក្នុង​ប្រទេស​ដែល​សីតុណ្ហភាព​អាច​កើន​ដល់​ ៤៥ អង្សាសេ​ ដ៏​សែន​ក្ដៅ​។

កន្លែង​ចិញ្ចឹម​ត្រី​សាល់ម៉ុន នៅឌូបៃ​ បានប្រើបច្ចេកវិទ្យា​​បង្កើត​ភាពសិប្បនិម្មិត​ពីបរិស្ថានធម្មជាតិ​ដែលត្រី​រស់នៅ​​​។ រូបថត AFP

លោក មូបារ៉ាក់ បាន​បន្ដ​ថា​៖ «​ការ​បង្កើត​បរិយាកាស​សីតុណ្ហភាព​ដ៏​ត្រឹមត្រូវ​សម្រាប់​ត្រី​សាល់ម៉ុន ​គឺ​ជា​កិច្ចការ​​​លំបាក​ចំពោះ​ពួក​យើង​។ ប៉ុន្ដែ​យើង​នឹក​ឃើញ​គំនិត​បង្កើត​ទិដ្ឋភាព​ផ្ទៃ​ទឹក​ងងឹត​ដូច​នឹង​សភាព​ទឹក​ជ្រៅ ចរន្ដ​ទឹក​ហូរ​ខ្លាំង​ ដូច​នៅ​មហា​សមុទ្រ​ រួម​ទាំង​រសជាតិ​ប្រៃ​ និង​សីតុណ្ហភាព​បែប​អាត្លង់ទិក​»។

កសិដ្ឋាន​នេះ​ចិញ្ចឹម​ត្រី​សាល់ម៉ុន​បាន​ចន្លោះ​ពី ១០ ០០០ ទៅ ១៥ ០០០ ក្បាល​​រៀង​រាល់​ខែ។ កសិដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៣ ជាមួយ​​ការ​គាំទ្រ​ពី​ព្រះ​រាជ​ទាយាទ​ ព្រះ​អង្គ​ម្ចាស់​ សៃខ៍ ហាមដាន ប៊ីន​ មូហាមេដ ប៊ីន រ៉ាស៊ីដ អាល់​ម៉ាកធូម ដើម្បី​កសាង​កសិដ្ឋាន​ត្រី​សាល់ម៉ុន និង​ត្រី​ផ្សេង​ៗ​ទៀត រួម​ទាំងត្រី​ជប៉ុន​ ដែល​ធ្វើ​ជា​អាហារ​ស៊ូស៊ិ​ទៀត​ផង។

យោងតាម​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​​ឌូបៃ បាន​ឲ្យ​ដឹង​ថា អារ៉ាប់​រួម បាន​នាំ​ចូល​ផលិតផល​ត្រី ក្ដាម​ បង្កង និង​ប្រភេទ​អយស្ទើរ ៦៣០ លាន​ដុល្លារ ​ក្នុង​ឆ្នាំ ​២០១៧ និង​នាំចេញ​តែ​ជាង​ ៧៦ លាន​ដុល្លារ​។

លោក​បាន​បន្ដ​ថា​៖ «​ក្នុង​ករណី​មាន​ការ​រំខាន ព្យុះ​ ឬ​ទឹក​ជំនន់ អារ៉ាប់​រួម នឹង​អាច​ផ្គត់ផ្គង់​ស្បៀង​ទាំង​នេះ​ដោយ​ខ្លួន​ឯង​។ នេះ​ជា​គោល​បំណង​ចម្បង​បំផុត​»៕ AFP/HR