ក្រុងកាប៊ុល៖ ផ្ដើម​ពី​ពេល​មុន​ថ្ងៃ​រះ ក្រុម​អ្នក​បេះ​ស្បូន​​ផ្កា​ជា​ច្រើន​របស់​អាហ្វហ្គានីស្ថាន​នាំ​គ្នា​អង្គុយ​បេះ​​បណ្ដូរ​ផ្កា​តាម​រង​នីមួយៗ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ ដែល​ជា​ផលិតផល​ផ្ដល់​ចំណូល​ដល់​កសិករ​អាហ្វហ្គានីស្ថាន​។


ស្បូន​ផ្កា​ប្រណីត​ត្រូវ​បាន​ប្រើ​ជា​គ្រឿង​ទេស​អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​ដោយសារ​តែ​តម្លៃ​ដ៏​ខ្ពស់​កប់​ពពក​ វា​ត្រូវ​បាន​ហៅ​ថា «​មាស​ក្រហម​» ដោយ​អ្នក​ដែល​អាស្រ័យ​លើ​វា​។


Joma Khan ជា​កម្មករ​តាម​រដូវ​ម្នាក់​ចំណោម​ ១៥៦ ០០០ នាក់​ ដែល​ជួយ​ប្រមូល​ផល​គ្រឿង​ទេស​ប្រណីត​នេះ ដោយ​អាច​រក​ចំណូល​បាន​ប្រមាណ ១ ដុល្លារ ១ ​ម៉ោង​។


កុមារ​អាយុ ១៦ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ «​យើង​ចាប់​ផ្ដើម​ការងារ​លើ​ចម្ការ​ផ្កា​ នៅ​មុន​ថ្ងៃ​រះ ហើយ​យើង​ម្នាក់ៗ​អាច​ប្រមូល​ផល​ស្បូន​ផ្កា​ចន្លោះ​ពី ៤ ទៅ ៥ គីឡូក្រាម​ក្នុង ១ ថ្ងៃ​»។


ស្ត្រីអាហ្វហ្គានីស្ថាន​ប្រមូល​ផល​ស្បូន​ផ្កា Saffron នៅ​ខេត្ដ​ហេរ៉ាត។ រូបថត AFP


យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ Akbar Rostami បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ផល​ស្បូន​ផ្កា​បាន​កើន​ដល់ ១៣ តោន​ក្នុង​ឆ្នាំ​នេះ។

គ្រឿង​ទេស​ប្រណីត​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ ១៧ ប្រទេស តាមរយៈ​ផ្លូវ​អាកាស​ ភាគ​ច្រើន​ ​ចិន ឥណ្ឌា និង​ប្រទេស​នៅ​តំបន់​ឈូក​សមុទ្រ​ពែរ្ស៍ និង​តិចតួច​ទៅ​កាន់​សហភាព​អឺរ៉ុប​ និង​អាមេរិក​ខាង​ជើង។

តួលេខ​ផ្លូវ​ការ​បាន​បង្ហាញ​ថា ការ​ប្រមូល​ផល​ស្បូន​ផ្កា​បាន​បង្កើន​ការ​ដាំដុះ​លើ​ផ្ទៃដី ៦ ២០០ ហិកតា ​ក្នុង​ឆ្នាំ ​២០១៨​ រហូត​ដល់​ ២១ ភាគរយ ​កាល​ពី​ឆ្នាំ​មុន​។

លោក Abdul Shukoor Ahrari នាយក​Tila-e-Surkh Afghan (មាស​ក្រហម​អាហ្វហ្គានីស្ថាន​) ជា​តំបន់​កែច្នៃ​ដ៏​ចម្បង​មួយ​របស់​ប្រទេស បាន​និយាយ​ថា​៖ «​​ស្បូន​ផ្កា​អាហ្វហ្គានីស្ថាន អាស្រ័យ​លើ​ធម្មជាតិ​សរីរាង្គ​របស់​វា វា​ល្អ​ជាង​ស្បូន​ផ្កា​ដទៃ​ទៀត​ក្នុង​លោក»៕ AFP/HR